The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ចាប់​និង​រឹប​អូស​បាន​គ្រឿង​ញៀន ជាង​២០​កញ្ចប់​រួម​ទាំង​កាំភ្លើង​និង​ដាវ​២​ដើម

ចាប់​និង​រឹប​អូស​បាន​គ្រឿង​ញៀន ជាង​២០​កញ្ចប់​រួម​ទាំង​កាំភ្លើង​និង​ដាវ​២​ដើម

ចាប់​និង​រឹប​អូស​បាន​គ្រឿង​ញៀន ជាង​២០​កញ្ចប់​រួម​ទាំង​កាំភ្លើង​និង​ដាវ​២​ដើម

121205_10
ថ្នាំញៀនក្រាមពណ៌ស និងជនជាប់ចោទគ្រឿងញៀនដែលឃាត់ខ្លួនពីមុនមក ន.ប.ជ.ក

ភ្នំពេញៈ ជន​សង្ស័យ​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ម្នាក់​ត្រូវ​នគរបាល​ខណ្ឌ​៧​មករា បន្ត​ឃុំ​ខ្លួន​បន្ទាប់​ពី​ចាប់​និង​រឹប​អូស​បាន​ថ្នាំ​ញៀន ជិត​២០​កញ្ចប់ និង​វត្ថុ​តាង​មួយ​ចំនួន កាល​ពី​ថ្ងៃ​ទី៣ ធ្នូ នៅ​ក្នុង​សង្កាត់​មិត្ត​ភាព ខណ្ឌ​៧​មករា។

លោក យិន សាន អធិការ​នគរបាល​ខណ្ឌ​៧​មករា បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន ម្នាក់​នោះ​កំពុង​តែ​ឃាត់​ខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​សាក​សួរ។ លោក បន្ត​ថា ៖​«យើង​បាន​កសាង​សំណុំ​រឿង​និង​គ្រោង​បញ្ជូន​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ពេល​ដែល​សមត្ថកិច្ច​ជំនាញ​រៀប​ចំ​ឯកសារ​រួច​រាល់»។

សមត្ថកិច្ច​នគរបាល​ខណ្ឌ ៧ មករា បាន​រំឭក​ថា ជន​សង្ស័យ​ឈ្មោះ ម៉ុន រិទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​៤០៤​E3 ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មិត្ដ​ភាព ខណ្ឌ​៧​មករា ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី៣ ខែ​ធ្នូ នៅ​មុខ​វិទ្យាល័យ​បាក់​ទូក និង​ដក​ហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ក្រាម ពណ៌ស​ជាង​២០​កញ្ចប់​មាន​ធំ​មាន​តូច នៅ​ក្នុង​កាបូប​ស្ពាយ​ជាប់​នឹង​ខ្លួន​គេ។ បន្ទាប់​មក​សមត្ថកិច្ច​បាន​នាំ​ជន​នេះ​ទៅ​ឆែក​ឆេរ​កន្លែង​ស្នាក់​នៅ​ក្នុង​សង្កាត់​មិត្ដ​ភាព បាន​រក​ឃើញ​កាំភ្លើង​ខ្លី១​ដើម ម៉ាក​K-54 មាន​គ្រាប់ ដាវ​សាម៉ូរ៉ៃ​១ដើម សម្លៀក​បំពាក់​ឈុត​ប៉ារ៉ា​មួយ​ចំនួន និង ទុសៀ ដែល​មាន​បង់​កាំភ្លើង​AK ចំនួន​៣​មាន​គ្រាប់​៦២​គ្រាប់ បង់​កាំភ្លើង​អឹម​១៦ គ្មាន​គ្រាប់​និង​ថ្នាំ​ញៀន​ខ្លះ​ទៀត។

លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ធ្លាប់​លើក​ឡើង​ថា​បញ្ហា​គ្រឿង​ញៀន​មាន​នៅ​កម្ពុជា​កាល​ពី​១០​ឆ្នាំ​មុន ដោយ​សារ​តែ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ភាគ​ច្រើន​មិន​បាន​ទទួល​ទោស​ត្រឹម​ត្រូវ ហើយ​ច្រើន​តែ​រួច​ខ្លួន។

លោក​បន្ត​ថា៖​«អ្នក​ដែល​មាន​អំណាច​បុណ្យ​ស័ក្តិ​ច្រើន​តែ​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ធំៗ​មិន​ទទួល​ទោស​ទណ្ឌ​ទេ វា​បាន​ជះ​ឥទ្ធិពល​ដល់​សព្វ​ថ្ងៃ រហូត​ធ្វើ​ឲ្យ​អ្នក​ខ្លះ​យល់​ថា​ឲ្យ​តែ​គេ​មាន​លុយ មាន​បុណ្យ​ស័ក្តិ​គឺ​គេ​អាច​គេច​ពី​ប្រព័ន្ធ​ច្បាប់​បាន​យ៉ាង​ងាយ»។ លោក​ថា ការ​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​គ្រឿង​ញៀន​រៀប​បណ្តាញ​រឹង​មាំ​មាន​គ្នីគ្នា​កាន់​តែ​ច្រើន ក្លាយ​ជា​កម្លាំង​អាច​តដៃ​សមត្ថកិច្ច​បាន។

លោក​បន្ថែម​ថា៖«ដោយ​មើល​ឃើញ​ថា កម្ពុជា​មាន​ភាព​ធូរ​រលុង​ផ្នែក​ប្រព័ន្ធ​យុត្តិធម៌​នេះ បាន​ធ្វើ​ឲ្យ​ឈ្មួញ ឬ​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ទាំង​ជន​កម្ពុជា ទាំង​ជន​បរទេស ប្រើ​ភាព​ចន្លោះ​ប្រហោង​នេះ​ជ្រក​កោន​និង​លាក់​ខ្លួន ហេតុ​នេះ​ទើប​បញ្ហា​គ្រឿង​ញៀន​ចេះ​តែ​កើត​មាន​មិន​ចេះ​ចប់»៕

អត្ថបទគួរចាប់អារម្មណ៍