ភ្នំពេញៈ បុរសម្នាក់ដែលទើបតែដើរចេញពីដកលុយនៅទូ ATM តាមបណ្តោយផ្លូវព្រះសីហនុនៅយប់រំលងអធ្រាត្រត្រូវបានក្រុមចោរប្លន់ប្រដាប់ដោយអាវុធវាយឆ្មក់ប្លន់យកម៉ូតូ និងលុយមួយចំនួនទៅបាត់ថែមទាំងបាញ់ជនគ្រោះចំនួនពីរគ្រាប់ដេកក្នុងថ្លុកឈាម។
នាយប៉ុស្តិ៍នគរបាលសង្កាត់បឹងកេងកង ២ លោក ជុំ កុយ ប្រាប់ភ្នំពេញប៉ុស្តិ៍ថាហេតុការណ៍កើតឡើងនៅម៉ោង ១ និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១០ សីហា ស្ថិតនៅមុខទូ ATM របស់ធនាគារឥណ្ឌូឆាយណាតាមបណ្តោយផ្លូវព្រះសីហនុកែងនឹងផ្លូវលេខ ១១៣ ក្នុងសង្កាត់បឹងកេងកងទី ២ ខណ្ឌចំការមន។
លោកបញ្ជាក់ថា៖ «ក្រុមចោរមានគ្នា ២ នាក់ជិះម៉ូតូ C 125 ហុងដាឌ្រីម ស៊េរី ២០១៦ ពណ៌ខ្មៅបានប្លន់យកម៉ូតូជនរងគ្រោះ ហុងដាឌ្រីម ស៊េរី ២០១៦ ពណ៌ខ្មៅដូចគ្នា។ ជនរងគ្រោះមានអាយុ ១៩ ឆ្នាំត្រូវចោរប្លន់បាញ់ចំនួនពីរគ្រាប់ចំស្មាឆ្វេងធ្លាយមកដោះខាងស្តាំ និងចំភ្លៅ។
បើតាមលោក ជុំ កុយ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតហើយត្រូវបានគ្រូពេទ្យជួយសង្គ្រោះមិនមានគ្រោះថ្នាក់ដល់ជីវិតទេ។
លោកបានឱ្យដឹងថា សមត្ថកិច្ចកំពុងធ្វើឯកសារដើម្បីស្វែងរក និងកំណត់អត្តសញ្ញាណជនល្មើស។
តាមប្រភពសារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីសាក្សីដែលឃើញហេតុការណ៍ថាបន្ទាប់ពីដកលុយជនរងគ្រោះទើបដើរបានប្រមាណ ៦ ម៉ែត្រឡើងអង្គុយលើម៉ូតូបម្រុងជិះចេញទៅហើយស្រាប់តែមានជនសង្ស័យ ២ នាក់ជិះម៉ូតូហុងដាឌ្រីមស៊េរី ២០១៦ ពណ៌ខ្មៅបានជិះមកដល់វាយទៅលើជនរងគ្រោះដើម្បីប្លន់យកម៉ូតូ និងយកលុយដែលទើបនឹងដកតែជនរងគ្រោះមិនព្រមឱ្យតាមសម្រួល និងមានការប្រតាយប្រតប់គ្នាហើយបានស្រែកថា «ចោរ» ទើបជនសង្ស័យដកកាំភ្លើងខ្លីមួយដើមបាញ់សំដៅជនរងគ្រោះ។
ពេលដែលជនរងគ្រោះប្រតាយប្រតប់ជាមួយជនសង្ស័យហើយស្រែកថាចោរៗអ្នកឃើញហេតុការណ៍បម្រុងរត់ទៅជួយដែរតែឃើញជនសង្ស័យដកកាំភ្លើងបាញ់សំដៅជនរងគ្រោះម្នាក់ៗលែងហ៊ានចូលទៅជួយ៕