The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ចោរ​ប្លន់​ម្នាក់​ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ត្រូវ​ពលរដ្ឋ​វាយ​ទ្រម​ខ្លួន

ចោរ​ប្លន់​ម្នាក់​ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ត្រូវ​ពលរដ្ឋ​វាយ​ទ្រម​ខ្លួន

ចោរ​ប្លន់​ម្នាក់​ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ត្រូវ​ពលរដ្ឋ​វាយ​ទ្រម​ខ្លួន

121126_09a
ប្រជាពលរដ្ឋវាយចោរប្លន់ម៉ូតូម្នាក់ដែលព័ទ្ធចាប់បាន នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សហការី

ភ្នំពេញៈ ជន​សង្ស័យ​ជា​ចោរ​ប្លន់​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២នាក់​ត្រូវ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បន្ត​ឃុំ​ខ្លួន​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​នៅ​ឡើយ ដើម្បី​សាកសួរ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ភ្នំពេញ បន្ទាប់​ពី​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​ម៉ូតូ​ហើយ​ត្រូវ​ពលរដ្ឋ​ព្រួត​គ្នា​ចាប់ កាល​ពី​ថ្ងៃ​សៅរ៍។

លោក វង សេរីវុធ អធិការ​រង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ជា​ចោរ​ប្លន់​ម៉ូតូ​នោះ​សមត្ថកិច្ច​បន្ត​ឃុំ​ខ្លួន​នៅ​អធិការ​ខណ្ឌ​នៅ​ឡើយ​ដើម្បី​សាក​សួរ​រក​បក្ខពួក។ លោក​បញ្ជាក់​ថា៖​«ជន​សង្ស័យ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​មិន​ឲ្យ​ហួស​កំណត់​ក្នុង​នីតិវិធី​ឡើយ»។

លោក ផាន់ ភឿន នាយ​ប៉ុស្តិ៍​សង្កាត់​កំបូល​កាល​ពី​ម្សិល​មិញ​ប្រាប់​ថា ករណី​នេះ​កើត​ឡើង​នៅ​ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រីឯ​ជន​សង្ស័យ​ឈ្មោះ រស់ ធឿន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខ​របរ​មិន​ប្រាកដ ស្នាក់​នៅ​ផ្ទះ​ជួល​នៅ​ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ពិការ ឃុំ-​ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង។ ចំណែក ឯ​ជន​រង​គ្រោះ ឈ្មោះ ផាន តុលា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ អ្នក​បើកបរ​រថយន្ត និង​ស្នាក់​នៅ​ផ្ទះ​ជួល ​ក្នុង​ភូមិ​តានួន សង្កាត់​កំបូល​ដែរ។

លោក​ប្រាប់​ថា ជន​នេះ​បាន​លួច​ម៉ូតូ​ម៉ាក​ហុង​ដា គុប​សេ​៩០ ពណ៌​ទឹក​ប្រាក់​ពាក់​ស្លាក​លេខ​កណ្ដាល​1F-0486 ខណៈ​ដែល​ម្ចាស់​ម៉ូតូ​ចាក់​សោ​ហើយ​ដើរ​មើល​បន្ទប់​ជួល លុះ​ម្ចាស់​ដើរ​ផុត​បន្តិច​ក៏​ត្រូវ​ក្រុម​ចោរ​ដែល​មាន​បក្ខពួក​២នាក់​បញ្ឆេះ​ម៉ូតូ។ ម្ចាស់​ម៉ូតូ​រត់​មក​តាម​ក៏​ត្រូវ​គ្នា​វា​ម្នាក់​ដក​កាំភ្លើង​ខ្លី​ភ្ជង់​និង​ជិះ​ឌុប​គ្នា​ចេញ​ទៅ ប៉ុន្តែ​ជន​រងគ្រោះ​ក៏​ស្រែក​ចោរៗ ពេល​នោះ​អ្នក​ជិត​ខាង​នាំ​គ្នា​យក​ម៉ូតូ​ដេញ​តាម​ពួក​វា​ភ័យ​ក៏​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ដួល​ត្រូវ​ពលរដ្ឋ​ចោម​វាយ​ឡើង​ទ្រម​ខ្លួន ខណៈ​ដែល​គ្នីគ្នា​វា​ម្នាក់​ទៀត​រត់​គេច​ខ្លួន​បាត់។

លោកបន្ត​ថា៖​«ដោយ​សារ​តែ​កំហឹង ជន​សង្ស័យ​ត្រូវ​ពលរដ្ឋ​វាយ​បែក​ក្បាល​ហូរ​ឈាម ប៉ុន្តែ​មិន​ដឹង​ជា​យក​អ្វី​វាយ​ទេ ព្រោះ​សមត្ថកិច្ច​ទៅ​មិន​ទាន់ ខណៈ​សមត្ថកិច្ច​ទៅ​ដល់​និង​បាន​នាំ​ជន​សង្ស័យ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

លោក​មេធាវី គួយ ធុន​ណា​បាន​ពន្យល់​ពី​ផ្លូវ​ច្បាប់​ទាក់​ទង​នឹង​ករណី​នេះ​ថា៖ «មិន​ថា​ជន​នោះ​ជា​ចោរ​ឬ​ជា​អ្វី​ទេ ប្រសិន​បើ​មាន​ការ​ប្រើ​ហិង្សា​បែប​នេះ​គឺ​ខុស​ច្បាប់​ប៉ុន្តែ​ពលរដ្ឋ​អាច​ចាប់​ជន​ប្រព្រឹត្ត​នោះ​ប្រគល់​ឲ្យ​នគរបាល»។

លោកបន្តថា ៖«ករណី​នេះ​អាច​ត្រូវ​ចោទ​ពី​បទ​មនុស្ស​ឃាត​ឬពី​បទ​បង្ក​របួស​ស្នាម»។

លោក អំ សំអាត ទីប្រឹក្សា​បច្ចេក​ទេស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​យល់​ឃើញ​ថា ករណី​ប្រើ​ហិង្សា​ក្រៅ​ប្រព័ន្ធ​ច្បាប់​នេះ​ភាគ​ច្រើន​កើត​មាន​លើ​ជន​សង្ស័យ​ហើយ​ត្រូវ​មនុស្ស​ជា​ក្រុម​ព្រួត​គ្នា​វាយ​ឲ្យ​របួស​ឬ​ក៏​ស្លាប់។ នេះ​បើ​តាម​សមាគម​លីកាដូ​ធ្វើ​ការ អង្កេត​កន្លង​មក។

កាល​ពី​ខែ​តុលា​កន្លង​ទៅ ជន​សង្ស័យ​ម្នាក់​ឈ្មោះ ឈា ឡៃ​ហេង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ ត្រពាំង​ចារ ឃុំ​ក្រឡា ស្រុក​កំពង់​សៀម​ខេត្ត​កំពង់​ចាម ដែល​ធ្វើ​សកម្មភាព​លួច​ឆក់​ប្លន់​អ្នក​ទៅ​បោះ​បាយ​បិណ្ឌ ត្រូវ​មហាជន​វាយ​ដល់​ស្លាប់ នៅ​វាល​ស្រែ ក្បែរ​វត្ត​នៅ​ក្នុង​ភូមិ​ត្រពាំង​ត្មាត ឃុំ​ស្រម៉ ស្រុក​ជើង​ព្រៃ។

កាល​ពី​ក្នុង​អំឡុង​ខែ​កញ្ញា ក្រុម​ចោរ​ប្លន់​អ្នក​លក់​មាស​ដូរ​លុយ​នៅ​ផ្សារ​ជម្ពូវ័ន្ត ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ពីរ​នាក់ ក៏​ត្រូវ​ម្ចាស់​ផ្ទះ​បាញ់​ឲ្យ​របួស និង​ត្រូវ​ប្រជាជន​ព្រួត​គ្នា​វាយ​រហូត​ដល់​ស្លាប់​ដែរ ក្រោយ​ពី​ធ្វើ​សកម្មភាព​បាន​សម្រេច​ហើយ​នោះ៕

អត្ថបទគួរចាប់អារម្មណ៍