កំពង់ចាមៈ ព្រះចៅអធិការវត្តប៉ើស បន្តឃុំខ្លួននៅសាលាគណខេត្តកំពង់់ចាម ដើម្បីរង់ចាំការស៊ើបអង្កេត ចំណែកជនសង្ស័យ២នាក់ទៀតបានបញ្ជូនទៅសាលាដំបូងខេត្តហើយ ពាក់ព័ន្ធករណីបង្ករបួសស្នាមលើលោកនេន១អង្គ ដែលបណ្តាលឲ្យសុគត ក្នុងមន្ទីរពេទ្យកាលពី៨ខែមុន។
លោក ស្រី សុភ័ក្រ ប្រធានមន្ទីរធម្មការខេត្តកំពង់ចាមបានប្រាប់ឲ្យដឹងពីម្សិលមិញថា៖«ព្រះចៅអធិការអង្គនេះ មិនទាន់ផ្សឹកទេ កំពុងធ្វើការស៊ើបអង្កេតនិងនៅអនុញ្ញាតឲ្យលោកគង់នៅសាលាគណខេត្ត»។
លោក ជឹម សេងហុង ស្នងការរងនគរបាលខេត្ត បានឲ្យដឹងថា៖ «ជនសង្ស័យទាំង២នាក់ ជាអ្នកដាំបាយនៅក្នុងវត្ត ដែលជាប់ពាក់ព័ន្ធក្នុងរឿងនោះ បានបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា រួចហើយ»។
ព្រះចៅអធិការវត្តប៉ើស ត្រូវអនុគណស្រុកក្រូចឆ្មារនាំខ្លួនទៅមន្ទីរធម្មកាខេត្ត និងមនុស្ស២នាក់នាំទៅស្នងការខេត្តនៅព្រឹកថ្ងៃទី២១ វិច្ឆិកា ពាក់ព័ន្ធករណីធ្វើទារុណកម្មជ្រុលដៃលើលោកនេន១អង្គ ដែលគង់នៅវត្តជាមួយរហូតសុគតពី៨ខែមុន បន្ទាប់ពីពេទ្យមិនអាចជួយបាន។
លោក ជួន ណារិន មន្ត្រីនគរបាលព្រហ្មទណ្ឌ ស្រុកក្រូចឆ្មារ បានឲ្យដឹងថា សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ២នាក់នោះនាំទៅស្នងការខេត្ត រីឯលោកសង្ឃជាចៅអធិការវត្តនោះ ត្រូវអនុគណស្រុកនាំទៅមន្ទីរធម្មការខេត្ត។
ព្រះចៅអធិការវត្តប៉ើសនាម ស្រូយ គឹមហ៊ង ព្រះជន្ម៤៨ឆ្នាំ ឈ្មោះ យាន លាង ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកដាំបាយនិងប្រពន្ធ បាន ប៊ុនរី អាយុ៣៩ឆ្នាំ នៅភូមិប៉ើស២ ឃុំប៉ើស ស្រុកក្រូចឆ្មារ។ មន្ត្រីនគរបាលស្រុក ប្រាប់ថា ក្រោយនេន១អង្គនេះសុគត នៅថ្ងៃទី២៣ ឧសភា ចៅអធិការវត្តទូរស័ព្ទទៅប្រាប់ញោមលោក ឈ្មោះ ខៃ ជឹម ថា «លោកកូនបានដោះស្បង់ចីវរជិះកង់ទៅតាមស្រីបាត់ហើយមិនដឹងដល់ណាមិនបាច់មកតាមរកទេ» ហើយបានឃុបឃិតសូកលុយគ្រូពេទ្យ១ពាន់ដុល្លារ ដើម្បីយកសពទៅកប់ចោលបំបាត់តាងថែមទៀត។
លោក ជួន ណារិន ថ្លែងថា៖ «យើងចោទជនទាំងបីពីបទហិង្សាដោយចេតនាបណ្តាលឲ្យមនុស្សស្លាប់ បន្ទាប់ពីញោមលោកនេនរងគ្រោះបានដាក់ពាក្យបណ្តឹងមកអធិការស្រុក»។
ចៅអធិការវត្ត ជនសង្ស័យ និងញោមលោកនេនរងគ្រោះ មិនអាចទាក់ទងបានទេ៕