ភ្នំពេញៈ ក្រុមចោរស្ទើរភ្លើងមួយក្រុម មានគ្នា ៣ នាក់ ជិះម៉ូតូសង់ ១២៥ មួយគ្រឿង ត្រូវបានស្ត្រីរងគ្រោះ និងអ្នកធ្វើដំណើរតាមផ្លូវ ដេញចាប់ខ្លួនបានម្នាក់ កាលពីយប់ទៀបភ្លឺថ្ងៃអាទិត្យ ខណៈដែលក្រុមចោរទាំងនេះ បានឆក់យកខ្សែកស្ត្រីរងគ្រោះបានសម្រេចហើយ ក៏វិលត្រឡប់មកសួរស្ត្រីរងគ្រោះវិញថា តើខ្សែកនឹងពិតឬក៏ក្លែងក្លាយ ហើយស្ត្រីរងគ្រោះបានស្រែកឲ្យគេជួយ។
លោក ផាន់ ណា នាយនគរបាល ប៉ុស្តិ៍ស្រះចក បានឲ្យដឹងកាលពីម្សិលមិញថា ជនសង្ស័យ ដែលឃាត់ខ្លួនបានម្នាក់នោះ ត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញហើយ បន្ទាប់ពីធ្វើការសាកសួរ កាលពីម្សិលមិញ តែលោកសុំមិនអាចអធិប្បាយលម្អិតទេ។
មន្រ្តីនគរបាលស្រះចកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះជាម្តាយមីង និងក្មួយទាំងបីនាក់កំពុងធ្វើដំណើរតាមមាត់ទន្លេ សំដៅទៅផ្ទះ របស់ខ្លួន នៅសង្កាត់ទួលសង្កែ។ ពេលមកដល់ម្តុំកំពង់ផែក្បែរភោជនីយដ្ឋានទីតានិក ផ្លូវព្រះស៊ីសុវត្ថិក៏ស្រាប់តែមានបុរសម្នាក់ ក្នុងចំណោម ៣ នាក់ មកគំរាមប្រុងឆក់យកទូរស័ព្ទ ពីស្រ្តីរងគ្រោះម្នាក់ក្នុងចំណោម៣នាក់នោះ ប៉ុន្តែជនសង្ស័យ ឃើញនារីម្នាក់ទៀត ជាក្មួយ ពាក់ខ្សែក ដែលទំនងជាមានតម្លៃជាងក៏ទៅឆក់យកខ្សែករបស់ស្រ្តីនោះ។
មន្រ្តីរូបនោះឲ្យដឹងទៀតថា ជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូ ១ គ្រឿងធ្វើសកម្មភាពឆក់បានសម្រេច។ តែដោយសារពួកគេមិនទុកចិត្តថា ជាខ្សែកពិតឬកាឡៃ ក៏នាំគ្នាជិះម៉ូតូត្រឡប់មកសួរស្រ្តីរងគ្រោះវិញថា ជាខ្សែកកាឡៃ ឬពិត? ដោយស្រ្តីទាំងបីនាក់មើលទៅជនសង្ស័យទំនងជាគ្មានអាវុធអ្វីនោះ ក៏នាំគ្នាស្រែកចោរៗ ផ្អើលដល់ពលរដ្ឋរស់នៅក្បែរនោះ នាំគ្នាជិះ ម៉ូតូដេញតាមស្ទាក់ចាប់បានម្នាក់ និងវាយបែកក្បាលបែកមាត់ ខណៈនគរបាលទៅទាន់។
មន្រ្តីនគរបាលប៉ុស្តិ៍ស្រះចកប្រាប់ថា ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួននោះ មានឈ្មោះពិសិដ្ឋ អាយុ ១៩ ឆ្នាំមុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ បានជិះម៉ូតូសេ ១២៥ ជាមធ្យោបាយធ្វើសកម្មភាពឆក់។
រីឯនារីរងគ្រោះ ឈ្មោះ គឹម ស្រីពៅ អាយុ១៨ឆ្នាំ មុខរបរជាកម្មការិនី រោងចក្រកាត់ដេរ មានស្រុកកំណើតនៅភូមិក្រួសឃុំក្រួសស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ រីឯខ្សែកដែលចោរឆក់យកទៅនោះមានតម្លៃប្រមាណជា១០០ដុល្លារ។
មន្រ្តីនគរបាល ប្រាប់តាមរយៈចម្លើយសារភាព របស់ជនសង្ស័យថា ខ្សែកដែលឆក់បាននោះ ត្រូវបានបក្ខពួកគេ ២ នាក់ទៀត យកទៅបាត់ហើយ៕