បន្ទាយមានជ័យៈ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានរងបួសធ្ងន់ ក្នុងឧប្បទ្ទវហេតុភ្លើងឆេះស្ថានីយប្រេងឥន្ធនៈមួយ ស្ថិតនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈដែលជាថ្ងៃបុណ្យចូលឆ្នាំចិន បណ្ដាលមកពីកង្វះបច្ចេកទេសក្នុងការបូមផ្ទេរប្រេងចេញពីស៊ីទែនរថយន្ត ទៅស៊ីទែនស្តុកក្នុងស្ថានីយ។
លោក ចាន់ តារា ស្នងការរងកណ្ដាលស្ថិតិនិងអគ្គិភ័យខេត្ត បានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា ជនរងគ្រោះក្នុងឧប្បទ្ទវហេតុនេះឈ្មោះ ណុប ទូច អាយុ៧២ឆ្នាំ ជាថៅកែស្ថានីយប្រេងឥន្ធនៈ និងលោក លី ហួ អាយុ៣០ឆ្នាំ ជាកម្មករបានឆេះរលាកពេញទាំងខ្លួនប្រាណ បន្ទាប់ពីមានការឆាបឆេះស្ថានីយប្រេងឥន្ធនៈ តេលាមួយ នៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបុរី កាលពីថ្ងៃទី៩ ខែកុម្ភៈដែលជាថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។
លោកបានថ្លែងបន្តថា៖«បច្ចុប្បន្ន ជនរងគ្រោះទាំងពីរនាក់កំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តនៅឡើយ ដោយសារការឆេះរលាកធ្ងន់ធ្ងរពេក ខណៈអ្នកទាំងពីរព្យាយាមយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លើង នៅមុនពេលមានការជួយអន្តរាគមន៍ពីក្រុមពន្លត់អគ្គិភ័យខេត្តមកដល់»។
លោកបានបញ្ជាក់ថា ការឆាបឆេះស្ថានីយប្រេងឥន្ធនៈតេលាដ៏ធំមួយនេះគឺបណ្ដាលមកពីការបូមផ្ទេរប្រេងចេញពីស៊ីទែនរថយន្ត ទៅស៊ីទែនស្តុកក្នុងស្ថានីយ ដោយខ្វះបច្ចេកទេស។ តាមការអះអាងពីសាក្សីដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅពេលបូមផ្ទេរប្រេងនោះកម្មករម្នាក់បានយកម៉ាស៊ីនចាស់មួយដែលមានក្រមរច្រែះនៅបំពង់ស៊ីម៉ាំង ហើយការតភ្ជាប់ក្បាលទុយោបូមប្រេងមិនបានបិទជិតល្អ ធ្វើឲ្យជ្រាបប្រេងចេញមកក្រៅ។ ក្រោយមកផ្ទុះក្រមរច្រែះធ្លាក់ពីបំពង់កស៊ីម៉ាំង មកប៉ះនឹងចំហាយប្រេងដែលជ្រាបចេញក្រៅនោះ បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅឡើងតែម្ដង។
ទោះយ៉ាងណាក្ដីទំហំនៃការខូចខាតមិនធ្ងន់ធ្ងរនោះទេ ព្រោះមិនមានការឆេះរាលដាលទៅផ្ទះប្រជាពលរដ្ឋផ្សេងទៀត។
លោក ទី សាវី នាយផ្នែកសេនាធិការនៃអធិការដ្ឋាននគរបាលស្រុក អង្គរបុរី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ឲ្យដឹងកាលពីថ្ងៃម្សិលមិញផងដែរថា នេះជាការឆេះលើកទី២ហើយនៅក្នុងឆ្នាំនេះ សម្រាប់ស្រុកអង្គរបុរី ដែលគ្រោះអគ្គិភ័យលើកទីមួយ បានកើតឡើងនៅថ្ងៃទី២២ មករា ឆ្នាំ ២០១៣ នៅចំណុចផ្សារបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ក្នុងនោះបានបំផ្លាញតូបនិងផ្ទះប្រជាពលរដ្ឋអស់១១ខ្នង ដោយត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង និងបង្កឱ្យមានការខូចខាតបាត់បង់ទ្រព្យសម្បត្តិអស់ប្រមាណជិត១៧ម៉ឺនដុល្លារ៕
Contact PhnomPenh Post for full article
Post Media Co LtdThe Elements Condominium, Level 7
Hun Sen Boulevard
Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia
Telegram: 092 555 741
Email: webmasterpppost@gmail.com