The Phnom Penh Post Search

Search form

ជន​ជាប់ចោទ​ឃាតកម្ម​បដិសេធ​ ខណៈ​សវនាការ​មាន​ការ​ខ្វែង​គំនិត

ជន​ជាប់ចោទ​ឃាតកម្ម​បដិសេធ​ ខណៈ​សវនាការ​មាន​ការ​ខ្វែង​គំនិត

ភ្នំពេញៈ បុរស​ជាប់ចោទ​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​ម្នាក់​បាន​ព្យាយាម​បដិសេធ​ក្នុង​សវនាការ​សាលា​ឧទ្ធរណ៍​កាលពី​​ម្សិលមិញ​ ខណៈ​ខ្លួន​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ​ ១៦ ​ឆ្នាំ​ជា​សវនាការ​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​តិចតួច​រវាង​ព្រះរាជអាជ្ញា​ និង​ចៅក្រម​នៅ​ពេល​តំណាង​មហាអយ្យការ​ស្នើ​​ឲ្យ​ពិនិត្យ​ល្អិតល្អន់​មុន​នឹង​ផ្តន្ទាទោស​ដោយសារ​គ្មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​។

ក្នុង​ពេល​ផ្តល់​សិទ្ធិ​ឲ្យ​ឆ្លើយ​បំភ្លឺ​បុរស​ខ្មែរ​សញ្ជាតិ​ឡាវ​ឈ្មោះ​ សាន់ ឌីឆាំ អាយុ​ ៤៧ ​ឆ្នាំ​បាន​ប្រាប់​ចៅក្រម​ថា​គាត់​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​មួយ​នៅ​ខេត្ត​ចំប៉ាសាក់​ ប្រទេស​ឡាវ ហើយ​បាន​ស្គាល់​​ឈ្មោះ​ កង សុវណ្ណ និង​ឈ្មោះ​ អ៊ុច លីវ៉ាន់ ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​ផ្សេង​។ លុះ​ក្រោយ​មក​បុរស​ទាំង​ ២ ​នាក់​នេះ​បាន​នាំ​ស្ត្រី​ឈ្មោះ​ ខៃ ណារិន ដែល​ជា​ឈ្មួញ​រកស៊ី​ឈើ​ធំ​ម្នាក់​ទៅ​ជួប​គាត់​នៅ​ប្រទេស​ឡាវ​ដើម្បី​ធ្វើ​ជំនួញ​ឈើ​។

ជន​ជាប់ចោទ​បន្ត​ថា​ប៉ុន្តែ​នៅ​ថ្ងៃ​ទី​ ៣០ ​វិច្ឆិកា​ឆ្នាំ​ ២០១១ ​មាន​មនុស្ស​ក្នុង​ក្រុម​ខាង​លើ​បាន​ទូរស័ព្ទ​ឲ្យ​គាត់​មក​ខេត្ត​ស្ទឹងត្រែង​ និង​បាន​ផ្ញើ​លុយ​ ១៤០ ​ដុល្លារ​តាម​ធនាគារ​អេស៊ីលីដា​នៅ​ខេត្ត​ចំប៉ាសាក់​។ លុះ​គាត់​ដក​លុយ​ និង​ធ្វើ​ដំណើរ​ដល់​ខេត្ត​ស្ទឹងត្រែង​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​តែ​ម្តង​។

ជន​ជាប់ចោទ​ថា​៖ «​រឿង​នេះ​កើត​ចេញ​ពី​រឿង​កាច់​កុង​គ្នា​ក្នុង​ជំនួញ​ឈើ ប៉ុន្តែ​គេ​ចោទ​ខ្ញុំ​ក្នុង​រឿង​លុយកាក់ ហើយ​ថា​ខ្ញុំ​ជួល​ឲ្យ​គេ​សម្លាប់​ស្ត្រី ខៃ ណារិន​។ រឿង​នេះ​ខ្ញុំ​បដិសេធ​ និង​សូម​តុលាការ​ដោះលែង​ខ្ញុំ​វិញ​»​។

ប៉ុន្តែ​បើ​តាម​របាយការណ៍​នគរបាល​ថា​ក្នុង​ជំនួញ​នោះ​ជន​ជាប់ចោទ សានឌីឆាំ មាន​បញ្ហា​លុយ​កាក់​ជាមួយ​ស្ត្រី ខៃណារិន ហើយ​បាន​ជួល​ឈ្មោះ​ អ៊ុចលីវ៉ាន់ ​ឲ្យ​សម្លាប់​ស្ត្រី​នោះ​ក្នុង​តម្លៃ​ ២ ​ម៉ឺន​ដុល្លារ​។

ប៉ុន្តែ​ដោយ​ដឹង​មុន​ស្ត្រី​រងគ្រោះ​ក៏​រៀបចំ​​គម្រោង​ឲ្យ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ធ្វើ​ធ្នាក់​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​ ៣០ ​វិច្ឆិកា​ឆ្នាំ​ ២០១១​។

រឿង​នេះ​លោក​ព្រះរាជអាជ្ញា​ តាន់ សេណារ៉ុង តំណាង​មហាអយ្យការ​បាន​សន្និដ្ឋាន​ថា​តាម​ការ​ពិនិត្យ​អង្គហេតុ​ឃើញ​ថា​សំណុំ​រឿង​នេះ​គ្មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​លើ​ជនជាប់ចោទ​ទេ​។

លោក​ថា​៖ «​រឿង​នេះ​ខ្ញុំ​ពិតជា​មិន​អាច​ទទួល​យក​បាន​ទេ បើ​ចោទ​ជន​ណា​ម្នាក់​ត្រូវ​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់ តែ​នេះ​សំអាង​លើ​សាក្សី​​ ២ ​នាក់​ហើយ​ដាក់​គុក​ ១៦ ​ឆ្នាំ​។ ខ្ញុំ​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​ពិនិត្យ​ឡើង​វិញ​ឲ្យ​បាន​ល្អិតល្អន់​មុន​សម្រេច​ចោទប្រកាន់​ព្រោះ​ធ្វើ​ឲ្យ​​ខូច​ឈ្មោះ​តុលាការ​»​។

យ៉ាង​ណា​ខណៈ​លោក​ តាន់ សេណារ៉ុង ​កំពុង​សន្និដ្ឋាន​ក៏​ត្រូវ​លោក​ចៅក្រម​ ញូង ធុល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បង្អាក់​មិន​ឲ្យ​និយាយ តែ​តំណាង​មហាអយ្យការ​ថា​៖ «​ពេល​នេះ​ជា​តួនាទី​របស់​ខ្ញុំ ជា​សិទ្ធិ​ដែល​ខ្ញុំ​ត្រូវ​ការពារ​ក្នុង​ផលប្រយោជន៍​ច្បាប់​»​។

លោកស្រី​ ងួន មករា មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ស្ត្រី​ ខៃ ណារិន សន្និដ្ឋាន​ថា​រឿង​នេះ​តុលាការ​ថ្នាក់​ក្រោម​បាន​ពិចារណា​គ្រប់​ជ្រុងជ្រោយ​ហើយ​។ ​ជន​ជាប់ចោទ​បាន​ឲ្យ​លុយ​ឈ្មោះ អ៊ុច លីវ៉ាន់ ដើម្បី​សម្លាប់​កូនក្តី​លោកស្រី​។ ​«​ដូច្នេះ​ខ្ញុំ​សូម​តម្កល់​សាលក្រម​នៅ​ដដែល​»​។

ឯ​លោកស្រី​មេធាវី សុ កញ្ញា ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​សន្និដ្ឋាន​ថា​៖ «​ខ្ញុំ​​ឯកភាព​ជាមួយ​តំណាង​មហាអយ្យការ​ព្រោះ​មាន​តែ​គ្រឿងញៀន​ទេ​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​ធ្នាក់ ក្រៅពី​នេះ​ខុស​ច្បាប់​ហើយ​។ ​រឿង​នេះ​គ្មាន​ភ័ស្តុតាង​ទេ​សំអាង​សាក្សី​ឆ្លើយ​ដាក់​ហើយ​តុលាការ​ចោទ​កូនក្តី​ខ្ញុំ​។ ​ខ្ញុំ​សូម​ដោះលែង​គាត់​វិញ​»​។

ក្រោយ​ពិភាក្សា​ដេញដោល​ជាង​មួយ​ម៉ោង​លោក​ ញូងធុល ​ថ្លែង​ថា​សាលដីកា​នឹង​ត្រូវ​ប្រកាស​ថ្ងៃ​ទី​ ១២ ខែ​តុលា​៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។