ក្រុង ព្រះសីហនុ ៖ មន្ត្រីប៉ូលីសបានឲ្យដឹងនៅយប់ថ្ងៃព្រហស្បតិ៍ ថា អ្នកឈ្នះឆ្នោតរបស់សហរដ្ឋអាមេរិកម្នាក់ត្រូវបានគេរកឃើញថាស្លាប់ដោយសារការគាំងបេះដូងនៅឯផ្ទះសំណាក់មួយក្នុងខេត្តព្រះសីហនុ។
លោក កុល ផល្លី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា លោកបានទទួលព័ត៌មានកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា មានបុរសម្នាក់ឈ្មោះ Rodney Schwirse អាយុ ៦៨ ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារក្នុងរមណីយដ្ឋាន ប៊ិចក្លឹប រីសត (Beach Club Resort) ដែលមានទីតាំងនៅក្បែរឆ្នេរអូរឈើទាល។
លោកស្នងការរង បាននិយាយថា ៖ « បន្ទាប់ពីការធ្វើកោសល្យវិច្ច័យ សាកសពត្រូវបានគេប្រគល់ទៅឲ្យស្ថានទូតអាមេរិក»។
លោកបានបន្ថែមទៀតថា ដោយសារតែឃើញមានថ្នាំនៅកន្លែងកើតហេតុ វាអាចទាក់ទងនឹងជនរងគ្រោះដែលអាយុច្រើនមានបញ្ហាសុខភាព។
លោក ឌឿ វុត្ថា អ្នកទទួលភ្ញៀវនៃសណ្ឋាគារ ដែលជាកន្លែងកើតហេតុ បានឲ្យដឹងដែរថា លោក Rodney Schwirse អាយុ ៦៨ ឆ្នាំ ដែលជាអ្នកឈ្នះឆ្នោត Oregon Lottery ទទួលទឹកប្រាក់ ៦,២៥ លានដុល្លារកាលពីឆ្នាំ ២០០៩ បានចូលមកស្នាក់នៅកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៥នេះ ហើយបានគ្រោងចាកចេញកាលពីម្សិលមិញ៕