ភ្នំពេញៈ សន្តិសុខក្រុមហ៊ុនខ្មែរហូលឌីងគ្រុប បានឃាត់ខ្លួនជនបរទេសម្នាក់ដែលគេអះអាងថា ជាជនជាតិព័រទុយហ្គាល់ កាលពីព្រឹកថ្ងៃអាទិត្យ ខណៈកំពុងគាស់ទ្វារបន្ទប់អគារជាន់ទី៥ ដែលជាកន្លែងស្តុកទំនិញក្រុមហ៊ុន។
លោក ម៉ក់ ហុង អធិការនគរបាល ខណ្ឌសែនសុខ បានឲ្យដឹងថាតាមក្រុមសន្តិសុខបញ្ជាក់ថានៅម៉ោងជាង៦ព្រឹក ថ្ងៃអាទិត្យ ឈ្មោះ ម៉ែន ញូអ៊ែល ម៉ានដូន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិព័រទុយហ្គាល់ បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅពាក់ស្លាក ប-៤៦៨៥ភព.១ មកឈប់នៅកន្លែងផ្ញើម៉ូតូ រួចដើរចូលទៅក្នុងអគារឡើងទៅជាន់ទី៥ រួចគាស់ទ្វារបន្ទប់ដាក់សម្ភាររបស់ក្រុមហ៊ុនតែម្ដង។
លោកបន្តថា ក្រុមសន្តិសុខក៏ព័ទ្ធចាប់បញ្ជូនមកឲ្យនគរបាលខណ្ឌចាត់វិធានការ។ បើតាមរូបក្នុងកាមេរ៉ាក្រុមសន្តិសុខឃើញជនសង្ស័យធ្វើសកម្មភាពលួចគាស់យកសម្ភារនៅក្នុងក្រុមហ៊ុននេះជាច្រើនដងមកហើយ។
លោកថ្លែងថា៖«អត្តសញ្ញាណជនសង្ស័យនៅមិនដឹងប្រាកដនៅឡើយព្រោះរកមិនឃើញលិខិតឆ្លងដែនហើយជនសង្ស័យមិននិយាយស្ដីអ្វីទាំងអស់និងកំពុងត្រូវឃុំខ្លួននៅអធិការដ្ឋានខណ្ឌ។
តាមក្រុមសន្តិសុខក្រុមហ៊ុន ជនសង្ស័យអាចនឹងត្រូវចោទប្រកាន់ពីបទលួចឬ ប្រើហិង្សាទៅលើអចលនទ្រព្យអ្នកដទៃ»។
មន្ត្រីនគរបាលគ្រប់គ្រងជនបរទេសថា ករណីនេះមានពន្លឺខ្លះៗហើយ តែមិនទាន់បានរបាយការណ៍លម្អិតនៅឡើយ៕