កំពង់ស្ពឺៈ កញ្ឆាក្រៀមជាង២០០គីឡូក្រាម ដែលរឹបអូសបានត្រូវអាជ្ញាធរខេត្តកំពង់ស្ពឺ ដុតកម្ទេចចោលកាលពីម្សិលមិញ។
លោក អ៊ុក សុផល ស្នងការរងខេត្តថ្លែងថា ការដុតបំផ្លាញកញ្ឆាក្រៀមនេះ គឺដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ហើយដែលឆ្នាំនេះ ប្រារព្ធក្រោមប្រធានបទ«ធ្វើឲ្យសុខភាពអ្នកប្រសើរជាថ្មីដោយមិនប្រើគ្រឿងញៀន»។
លោកថ្លែងថា៖«ការឈប់ប្រើប្រាស់គ្រឿងញៀននឹងធ្វើឲ្យយើងមានសុខភាពល្អ ធ្វើឲ្យសហគមន៍គ្មានអំពើហិង្សា មានសន្តិភាព និងជីវភាពធូរធារ»។
ថ្លែងទៅកាន់អ្នកចូលរួមជិត១០០នាក់ អភិបាលរងខេត្តកំពង់ស្ពឺលោកសឿន សុខណាល់ បានអំពាវនាវឲ្យទាំងអស់គ្នាចៀសវាងពីគ្រឿងញៀនដែលនាំឲ្យខាតបង់គ្រួសារ ខូចសុខភាពនិង បះពាល់ដល់សង្គមទៀតផង។
លោកបញ្ជាក់ថា៖ «កញ្ឆាមិនមែនជាគ្រឿងផ្សំឬសម្រាប់ជួយបំបាត់ភាពស្មុគស្មាញឬឲ្យអារម្មណ៍ភ្លឺថ្លាទេ វាជាគ្រឿងញៀនដែលរដ្ឋហាមឃាត់និងធ្វើឲ្យអ្នកសេពជួបនឹងបញ្ហាជាច្រើន»៕