កោះកុងៈ ក្មេងស្រីម្នាក់ត្រូវសត្វដំរីព្រៃជាន់ស្លាប់ភ្លាមៗ កាលពីថ្ងៃអាទិត្យ នៅក្នុងតំបន់ អូរក្រូច ក្នុង ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ខណៈទៅដោះមងដាក់ត្រីជាមួយម្តាយរបស់នាងក្នុងតំបន់អភិរក្ស។
នាយផ្នែកសេនាធិការនៃអធិការដ្ឋាននគរបាល ស្រុកថ្មបាំង លោក សោម សម័យ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ហេតុការណ៍នេះកើតឡើងនៅម៉ោងជិត ១១ ថ្ងៃត្រង់ កាលពីថ្ងៃអាទិត្យ ហើយករណីនេះមិនធ្លាប់មានមកពីមុននោះទេ។
លោក សោម សម័យ បន្តថា៖ «បើតាមការរៀបរាប់របស់ម្តាយ ដែលជាអ្នកចម្ការ ជាញឹកញាប់ទៅបង់ត្រីតិចតួចនោះ បានប្រាប់ថា ពេលគាត់និងកូនស្រី កំពុងតែដើរក្នុងព្រៃស្រាប់តែដំរីមួយក្បាល រត់មកដេញតាម ហើយពេលគាត់និងកូននាំគ្នារត់នោះ កូនស្រីបានដួលហើយដំរីនោះ ក៏ជាន់នាងបណ្តាលឲ្យស្លាប់ភ្លាមៗ»។
លោក សោម សម័យ បានបន្តថា៖ «តំបន់អូរក្រូច ជាតំបន់អភិរក្ស និងជាតំបន់ទេសចរណ៍ផងដែរ ហើយមានសត្វព្រៃជាច្រើនរស់នៅតំបន់នោះ។ ពីមុន យើងតែងបាញ់កាំជ្រួចបង្អើលទៅលើសត្វកាចសាហាវតែឥឡូវពួកវាលែងខ្លាចហើយ ជាពិសេសដំរី គឺដើរពាសវាលពាសកាលជាក្រុមៗតែម្តង»។
ថ្វីបើដំរីត្រូវចាត់ជាសត្វកម្រនៅកម្ពុជាក៏ដោយ ក៏កន្លងមកអ្នកភូមិនៅតាមដងជួរភ្នំក្រវាញតែងជួបហ្វូងដំរីបំផ្លិចបំផ្លាញដំណាំអ្នកភូមិ និងបង្កការភ័យខ្លាចផងដែរ។ កាលពីពីរឆ្នាំមុនដំរីឈ្មោលមួយក្បាលធ្លាប់បានបុកសម្លាប់អ្នកចាក់ជ័រ វ័យ ៥០ឆ្នាំ ម្នាក់នៅក្នុង ស្រុកបទុមសាគរ នេះដែរ។ ដំរីព្រៃឈ្មោលទម្ងន់ជាង ២ តោន ដែលបង្កការភ័យខ្លាចដល់អ្នកដំណើរតាមផ្លូវជាតិលេខ ៤៨ នេះ ក្រោយមកក៏ត្រូវក្រុមអ្នកជំនាញសត្វនៃអង្គការសម្ព័ន្ធសត្វព្រៃទាក់បាន និងនាំយកវាមកប្រគល់ឲ្យតំបន់សួនសត្វភ្នំតាម៉ៅថែរក្សា៕