
ភ្នំពេញៈ តុលាការកំពូលនៅព្រឹកថ្ងៃពុធនេះ នឹងបើកសវនាការលើសំណើសុំនៅក្រៅឃុំរបស់អ្នកស្រី យ៉ោម បុប្ផា។ នេះបើតាមការប្រាប់ឲ្យដឹងពីប្ដីរបស់ស្ត្រីជនជាប់ចោទ កាលពីម្សិលមិញ។
លោក លួស សាខន ប្ដីអ្នកស្រី យ៉ោម បុប្ផា ប្រាប់ភ្នំពេញប៉ុស្តិ៍ថា តុលាការកំពូលបានជូនដំណឹងដល់មេធាវីការពារក្ដីប្រពន្ធគាត់រួច ហើយថា នឹងបើកសវនាការនៅព្រឹកថ្ងៃពុធនេះ លើសំណើសុំនៅក្រៅឃុំរបស់ភរិយាគាត់។
លោកថ្លែងថា៖«ខ្ញុំរំពឹងទុកថា តុលាការកំពូលនឹងពិនិត្យពិចារណាទៅលើសំណើសុំនៅក្រៅឃុំរបស់ ភរិយាខ្ញុំនិងជំរុញឲ្យសាលាឧទ្ធរណ៍បើការជំនុំជម្រះលើអង្គ សេចក្ដីនៃសំណុំរឿងចោទប្រកាន់លើភរិយាខ្ញុំបានឆាប់ និងប្រកបដោយភាពយុត្តិធម៌»។
អ្នកស្រី យ៉ោម បុប្ផា អាយុ២៩ឆ្នាំ ត្រូវអាជ្ញាធរចាប់ឃុំខ្លួនកាលពីថ្ងៃទី៤ កញ្ញា ឆ្នាំ ២០១២ ពីបទហិង្សាដោយចេតនា ទៅលើអ្នករត់ម៉ូតូឌុបពីរនាក់នៅប្លុកបឹងកក់ក្នុង រាជធានីភ្នំពេញ ហើយកាលពីថ្ងៃទី២៧ខែធ្នូ ឆ្នាំមុន តុលាការភ្នំពេញសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារបីឆ្នាំ។ ប៉ុន្តែ ក្រុមអ្នកភូមិបឹងកក់និងក្រុមគ្រួសារជនសង្ស័យ បានច្រានចោលនូវការចោទប្រកាន់នេះនិងបានជំទាស់ទៅលើការសម្រេច សេចក្ដីរបស់តុលាការរាជធានីភ្នំពេញផងដែរ។
លោក សាខន បានអះអាងថា ប្រពន្ធគាត់មិនបានប្រព្រឹត្តដូចការចោទរបស់នគរបាលនិងតុលាការទេ ។ លោកហៅការចាប់ខ្លួន ការចោទប្រកាន់និងសម្រេចទោសរបស់តុលាការភ្នំពេញឲ្យជាប់ពន្ធនាគារបីឆ្នាំ ថាជាអំពើអយុត្តិធម៌មកលើភរិយារបស់លោក។
នៅឯប្រទេសហូឡង់ អ្នកស្រីទេព វន្នី តំណាងស្ត្រីក្នុងសហគមន៍បឹងកក់ ដែលត្រូវអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីមហោស្របភាពយន្ត Movie That Maker festival ឆ្នាំ២០១៣ ជាផ្នែកមួយនៃកម្មវិធី Virtual Vioce បានអំពាវនាវ ដល់អ្នកចូលរួមក្នុងកម្មវិធីនេះឲ្យគាំទ្រនូវសកម្មភាពនៃការតស៊ូ មតិរបស់ស្ត្រីបឹងកក់ ក្នុងការទាមទារសិទ្ធិដីធ្លីនិងសិទ្ធិដែលច្បាប់ជាតិនិងអន្តរជាតិការពារ។
ក្រុមអ្នកចូលរួម កាលពីម្សិលមិញជាង១០០នាក់ មកពីបណ្ដាប្រទេសជាសមជិកនៃអង្គការ International Amnesty បាននាំគ្នាលើកបដាដែលអំពាវនាវឲ្យមានការដោះលែងអ្នកស្រី យ៉ោមបុប្ផា ដែលពួកគេជឿថា ការចាប់ខ្លួន ចោទប្រកាន់និងកាត់ទោសគាត់ គឺបណ្ដាលមកពីអ្នកស្រីជាសកម្មជនដីធីដ៏សកម្មក្នុងតំបន់បឹងកក់ ក្នុងអំឡុងការតវ៉ាឲ្យមានការដោះលែងសកម្មជនដីធ្លីនៃសហគមន៍នេះ ចំនួន ១៥ នាក់ ដែលភាគច្រើនជាស្ត្រី។
ទោះជាបែបណាក្ដី ការលើកឡើងទាំងនេះត្រូវបានច្រានចោលទាំងស្រុងពីក្រុមគ្រួសារជន រងគ្រោះ និងក្រុមអ្នកគាំទ្ររបស់ពួកគេ ដែលមកពីសមាគមអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កទេសចរណ៍។ លោក វ៉ាត សារ៉ាត់ ឪពុកជនរងគ្រោះ វ៉ាត ថៃសេង និយាយថា៖«ការលើកឡើងនៃអ្នកនៅសហគមន៍បឹងកក់និងអង្គការមួយចំនួន ដែលបានភ្ជាប់ករណី យ៉ោម បុប្ផា ទៅនឹងជម្លោះដីធ្លី គឺជាលេសដើម្បីគេចពីការទទួលខុសត្រូវចំពោះបទល្មើសដែលខ្លួន ប្រព្រឹត្តិប៉ុណ្ណោះ»។
ជនរងគ្រោះ វ៉ាត ថៃសេង ត្រូវគេរាយការណ៍ថា កំពុងប្រឈមនឹងជំងឺឈាមកកបាតភ្នែក ហើយគ្រូពេទ្យទាមទារឲ្យមានការវះកាត់ព្យាបាលជាបន្ទាន់ បើពុំនោះទេគាត់អាចនឹងពិការភ្នែក។
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងដោយលើកយកនូវសំណុំរឿងអ្នកស្រីយ៉ោម បុប្ផា ធ្វើជាឧទាហរណ៍បញ្ជាក់ទៅសហគមន៍ប្រទេសម្ចាស់ជំនួយ ថា សំណុំរឿងខ្លះមានភាពអយុត្តិធម៌មកលើរាជរដ្ឋាភិបាល។
លោក ហ៊ុន សែនបានថ្លែងថា៖«...ស្ត្រីនៅបឹងកក់ម្នាក់នោះ វាយគេសោះ ត្រូវជាប់ទោសព្រហ្មទណ្ឌ វាក្លាយជាសកម្មជនដីធ្លី វាទៅជាអ៊ីចឹងទៅរួច»៕