The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​ចោទ​និង​ឃុំ​ខ្លួន​ស្ត្រី​ជះ​ទឹក​អាស៊ីត​ដាក់​ប្តី

តុលាការ​ចោទ​និង​ឃុំ​ខ្លួន​ស្ត្រី​ជះ​ទឹក​អាស៊ីត​ដាក់​ប្តី

តុលាការ​ចោទ​និង​ឃុំ​ខ្លួន​ស្ត្រី​ជះ​ទឹក​អាស៊ីត​ដាក់​ប្តី

130909_08a
ជនរងគ្រោះដោយទឹកអាស៊ីតពេលនាំមកសង្គ្រោះនាពេលកន្លងមក សហការី

ក្រចេះ: ព្រះ​រាជអាជ្ញា​ខេត្ត ក្រចេះ បាន​ចោទ​ប្រកាន់​ស្ត្រី​ខ្មែរ អ៊ិស្លាម ម្នាក់ ដែល​ជះ​ទឹក​អាស៊ីត​ទៅ​លើ​ប្ដី​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍។

លោក ចាន់ សុផល្លា មន្ត្រី​នគរបាល​កម្រិត​ធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​បាន​បញ្ជូន​ទៅ​តុលាការ​ចោទ​ប្រកាន់​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​បាន​ជះ​ទឹក​អាស៊ីត​ដាក់​ប្ដី​នាង កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នៅ​ក្នុង​ឃុំ ស្នួល ស្រុក ស្នួល។

លោក​បន្ត​ថា៖ «នាង​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ដើម្បី​ស៊ើប​អង្កេត​បន្ថែម​ទៀត តែ​ខ្ញុំ​មិន​ដឹង​ថា សវនាការ​ករណី​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​ទេ»។

ព្រះ​រាជអាជ្ញា​រង​អម តុលាការ​ខេត្ត លោក ហាក់ ហ៊ាន់ បាន​ធ្វើ​ការ​ចោទ​ស្រី្ត​ជា​ជន​សង្ស័យ​តាម​មាត្រា ២២២ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​បាន​ចែង​ថា «អំពើ​ហិង្សា​ដែល​ប្រព្រឹត្ត​ដោយ​សហព័ន្ធ​ឬ អនីតិសង្វាស​ជន។ អំពើ​ហិង្សា​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​ពី ២ ឆ្នាំ​ទៅ ៥ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន​ទៅ ១០ លាន​រៀល»។

លោក​បន្ថែម​ថា ជន​រងគ្រោះ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត កំពង់ចាម និង​បាន​ធូរ​ស្រាល​ហើយ ដោយ​សារ​តែ​វា​មិន​មែន​ជា​អាស៊ីត​ខ្លាំង។

អធិការ នគរបាល​ស្រុក ស្នួល លោក ចាន់ សុគីម បាន​ប្រាប់​ថា ជន​សង្ស័យ​ឈ្មោះ លី សាណះ អាយុ ៣៨ ឆ្នាំ​បាន​ទៅ​ទិញ​ទឹក​អាស៊ីត​នៅ​ឯផ្សារ និង​បាន​យក​ទៅ​ជះ​លើ​ប្ដី​នាង​ដែល​កំពុង​ផឹក​ស៊ី​ជាមួយ​បុរស​បី​នាក់ និង​ស្ត្រី​ម្នាក់​ទៀត​នៅ​កន្លែង​កើត​ហេតុ។

លោក ចាន់ សុគីម ថ្លែង​ថា៖ «ជន​សង្ស័យ​ខឹង​សម្បា​នឹង​ប្ដី​របស់​ខ្លួន​ដែល​ផឹក​ស្រា និង​កៀក​កើយ​នឹង​ស្ត្រី​ម្នាក់​ទៀត​។ នាង​បាន​ហៅ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាច្រើន​ដង តែ​គាត់​បាន​បដិសេធ និង​បន្ត​ផឹក​ស្រា បន្ទាប់​មក​នាង​បាន​ប្រើ​ពាក្យ​សម្តី​ជេរ​ប្រមាថ​ដាក់​ប្ដី​រហូត​មាន​ទំនាស់​គ្នា»។

លោក ចាន់ សុគីម បាន​ថ្លែង​ថា បន្ទាប់​ពី​នាង​ទាស់​នឹង​ប្ដី​នាង​នៅ​កន្លែង​ស៊ី​ផឹក​ហើយ នាង​បាន​ទៅ​ផ្សារ ហើយ​ត្រឡប់​មក​វិញ​ដោយ​កាន់​ដប​ទឹក​សុទ្ធ ដែល​មាន​ទឹក​អាស៊ីត ក្នុង​នោះ រួច​ជះ​ទៅ​លើ​មុខ និង​ខ្លួន​ជន​រងគ្រោះ​បណ្ដាល​ឲ្យ​របួស។

លោក សុគីម បញ្ជាក់​ថា៖ «មនុស្ស​បី​នាក់​រង​របួស​ដោយ​ទឹក​អាស៊ីត​នៅ​ពេល​នោះ​គឺ បុរស​ជា​ប្ដី​នាង រួម​ទាំង​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់​ដែល​អង្គុយ​នៅ​ក្បែរ​ជន​រងគ្រោះ ប៉ុន្តែ​ពួក​គេ​រង​របួស​ស្រាល​ទេ។ យើង​មិន​ទាន់​បាន​ជួប​ជន​រងគ្រោះ​ពីរ​នាក់​ទៀត​ទេ ព្រោះ​គេ​បាន​ចេញ​ពី​កន្លែង​កើត​ហេតុ​ភ្លាមៗ​បន្ទាប់​ពី​រង​របួស»។

លោក​បន្ត​ថា ជន​សង្ស័យ​មាន​បំណង​រត់​គេច​ខ្លួន​បន្ទាប់​ពី​នាង​បាន​ជះ​ទឹក​អាស៊ីត​ដាក់​ប្ដី ប៉ុន្តែ​ត្រូវ​នគរបាល​តាម​រក​និង​ចាប់​ខ្លួន​ទៅ​សួរ​នាំ ហើយ​បញ្ជូន​ទៅ​ស្នងការ​ខេត្ត មុន​ពេល​ធ្វើ​ការ​ចោទ​និង​ឃុំ​ខ្លួន។ លោក​បន្ថែម​ថា៖ «ប្ដី​នាង​មិន​ដាក់​ពាក្យ​ប្ដឹង ឬ​ក៏​សុំ​ឲ្យ​ធ្វើ​ការ​ផ្ដន្ទាទោស​ប្រពន្ធ​គាត់​ទេ ប៉ុន្តែ​សមត្ថកិច្ច​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់»៕ PN

អត្ថបទគួរចាប់អារម្មណ៍