ភ្នំពេញៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យម្សិលមិញ បានសម្រេចបញ្ជូនឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ចោទពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតចំណែកប្រពន្ធ ថោង សារ៉ាត់ និងប្អូនប្រុសគាត់ម្នាក់ ត្រូវបានដោះលែងវិញ ដោយសាររកមិនឃើញមានជាប់ពាក់ព័ន្ធ និងមិនមានភ័ស្តុតាងដាក់បន្ទុក ខណៈសមត្ថកិច្ចអះអាងថា មេខ្លោងរូបនេះ (ថោង សារ៉ាត់) ប៉ូលិសកម្ពុជាកំពុងតែទាក់ទងប៉ូលិសអន្តរជាតិប្រទេសជិតខាងដើម្បីធ្វើការចាប់ខ្លួន។
ជុំវិញការបន្តសាកសួរទៅកាន់ឪពុកម្តាយ ប្អូនប្រុស និងភរិយាដែលជាសាច់ញាតិលោកឧកញ៉ា ថោង សារ៉ាត់ ម្សិលមិញនេះ អ្នកស្រី ទាវ ធីតា ជាភរិយា និងលោក ថោង បូណា ជាប្អូនប្រុស ត្រូវព្រះរាជអាជ្ញា សម្រេចដោះលែងឲ្យមានសេរីភាពវិញ នៅម៉ោងជាង ៩ ព្រឹកដោយលើកសំអាងថា មិនមានភ័ស្តុតាងដាក់បន្ទុក។
ចំណែកលោក តាំង សុខ ហៅ ថោង ចំរើន ជាឪពុក និងអ្នកស្រី កែវ សារី ជាម្តាយរបស់លោកឧកញ៉ា ថោង សារ៉ាត់ ក្រោយបញ្ចប់ការសាកសួរពេញមួយព្រឹក បានប្រាប់អ្នកសារព័ត៌មានដោយសុំទោសថា៖ «អាណិតស្រឡាញ់កូន យើងឆេវឆាវបន្តិច ថ្ងៃហ្នឹងខ្ញុំប្រាប់អ្នកទាំងអស់ ខ្ញុំសុំទោសឯកឧត្តម ជួន សុវណ្ណ ហើយខ្ញុំអរគុណអ្នកទាំងអស់គ្នា»។ ក្នុងទឹកមុខរីករាយតបនឹងសំណួររបស់អ្នកកាសែត លោក ថោង ចំរើន បញ្ជាក់ថា លោកមិនបានដឹងពីបទចោទប្រកាន់គាត់ទេ។
ចំណែកលោកស្រី កែវ សារី បានប្រាប់ថា៖ «ដំណើរការសួរគឺល្អណាស់ អត់អីទេ ចាំថ្ងៃក្រោយជួបគ្នាវិញ ឥឡូវយើងទៅព្រៃស.. គេបានសួរច្រើនដែរ»។
ការថ្លែងបែបនេះ គឺស្របពេលដែលអ្នកទាំងពីរត្រូវបាននាំខ្លួនបញ្ជូនទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដើម្បីរង់ចាំសវនាការពីតុលាការ។
កាលពីថ្ងៃពុធសប្តាហ៍មុន ក្នុងសន្និសីទសារព័ត៌មាន ឪពុកម្តាយរបស់លោក ថោង សារ៉ាត់ បានរិះគន់ចំណាត់ការលោក ស្នងការរាជធានី ជួន សុវណ្ណ និងបានព្រមានមុនពេលរងការចាប់ខ្លួនថា ក្រុមគ្រួសារគាត់នឹងប្តឹងបកទៅសមត្ថកិច្ចគ្រប់ជាន់ថ្នាក់វិញ ដើម្បីដកលោកស្នងការរាជធានីរូបនេះចេញពីតំណែង និងចាប់ដាក់គុកមន្រ្តីដែលប្រព្រឹត្តខុស។

ចៅក្រមស៊ើបសួរ លោក ស្វាយ តុញ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញនេះថា លោក តាំង សុខ ហៅ ថោង ចំរើន ជាឪពុកនិងអ្នកស្រី កែវ សារី ជាម្តាយរបស់លោកឧកញ៉ា ថោង សារ៉ាត់ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការរក្សាអាវុធខុសច្បាប់ តាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែលោកបានបដិសេធមិនអត្ថាធិប្បាយលម្អិតពីការសម្រេចចោទប្រកាន់នេះ ដោយសារថា៖ «ជាការងារស៊ើបអង្កេតសម្ងាត់»។
ផ្អែកតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ បទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត បានចែងថា «គ្រប់បុគ្គលដែលនៅក្រៅលំនៅឋានរបស់ខ្លួន យកតាមខ្លួនឬដឹកជញ្ជូននូវអាវុធគ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀល ទៅ ៦ លានរៀល»។
លោក ចុង អៀវហេង មេធាវីចាត់តាំងការពារក្តីក្រុមគ្រួសារ និងអង្គរក្សលោក ថោង សារ៉ាត់ បានឲ្យដឹងថា ការចោទប្រកាន់នេះ គឺត្រឹមត្រូវព្រោះតុលាការបានផ្អែកលើរបាយការណ៍របស់ប៉ូលិស។
លោកបន្តថា៖ «ការចោទប្រកាន់របស់តុលាការ គឺមានភ័ស្តុតាងត្រឹមត្រូវ ជាក់ស្តែងអង្គរក្ស ៤ នាក់នោះ បានសារភាពមុខប៉ូលិសហើយ ចំណែកប្រពន្ធ និងប្អូនប្រុសលោក ថោង សារ៉ាត់ នោះ គឺស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន បើតុលាការត្រូវការសួរនាំទៀត ខ្ញុំជាមេធាវីមានកាតព្វកិច្ចនឹងបញ្ជូនកូនក្តីតាមការកោះហៅនោះចូលបំភ្លឺវិញទៀត»។
កាលពីថ្ងៃសុក្រសប្តាហ៍មុន សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអង្គរក្ស ៤ នាក់របស់លោក ថោង សារ៉ាត់ ក្រោមការចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ បើទោះជាពួកគេបានអះអាងថា ត្រូវនគរបាលធ្វើទារុណកម្មបង្ខំឲ្យឆ្លើយសារភាពនូវអ្វីដែលពួកគេមិនបានប្រព្រឹត្តក្តី។
ការចោទប្រកាន់ទាំងនេះ ធ្វើឡើងខណៈដែលលោក ឧកញ៉ា ថោង សារ៉ាត់ ដែលមានឋានៈជាឧត្តមសនីយ៍ទោនៃកងយោធពលខេមរភូមិន្ទជាថៅកែសាច់ប៉ាត់តេ ៩៩៩ ម្ចាស់បុរី ៩៩៩ និងជាប្រធានក្រុមហ៊ុន Meanchey International Investment ដែលត្រូវគេសង្ស័យថា ជាមេខ្លោងនៃអំពើឃាតកម្មនេះ បានរត់គេចខ្លួនបាត់។
ជុំវិញដំណើរការតាមចាប់ខ្លួនជនសង្ស័យ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានឲ្យដឹងថា សមត្ថកិច្ចបានកំពុងដំណើរការស្វែងរកតាមរយៈនគរបាលគ្រប់រាជធានី-ខេត្ត ទំនាក់ទំនងជាមួយប៉ូលិសអន្តរជាតិ នៃប្រទេសជិតខាង ដោយជំនឿជាក់ថា នឹងចាប់បានក្នុងពេលឆាប់ៗនេះ។
លោកអះអាងថា៖ «បើទោះពេលនេះ យើងចាប់មិនទាន់បានក៏តុលាការអាចបន្តនីតិវិធីកាត់ក្តីដោយកំបាំងមុខលើលោក ថោង សារ៉ាត់ បានដែរ។ សមត្ថកិច្ចយើងមានតួនាទីបន្តស៊ើបអង្កេតរកគូកនបន្តទៀត តែមិនទាន់ទទួលបានដីកាចាប់ខ្លួនអ្នកណាទៀតពីខាងព្រះរាជអាជ្ញាទេ។ សារព័ត៌មានណា ដែលចុះផ្សាយលើសការពិត គឺត្រូវទទួលខុសត្រូវ សម្រាប់ខ្ញុំ ធ្វើការទៅតាមតែអ្វីដែលមានប៉ុណ្ណោះ»។
សូមរំឭកថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានឃាតករប្រើអាវុធខ្លីបាញ់ចំទ្រូងចំនួន ៦ គ្រាប់បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឧកញ៉ារូបនោះ ចុះពីរថយន្តទំនើបរបស់ខ្លួនដើម្បីចូលទិញផ្លែឈើនៅហាងមួយម្តុំផ្សារអូឡាំពិក រាជធានីភ្នំពេញ៕