The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​ជម្រះ​បណ្តឹង​ឧទ្ធរណ៍​ជន​ជាតិ​ចិន​ជាប់​ចោទ​ពីបទ​ជំរិត​តាម​អ៊ីនធឺណិត​៧​នាក់




តុលាការ​ជម្រះ​បណ្តឹង​ឧទ្ធរណ៍​ជន​ជាតិ​ចិន​ជាប់​ចោទ​ពីបទ​ជំរិត​តាម​អ៊ីនធឺណិត​៧​នាក់

តុលាការ​ជម្រះ​បណ្តឹង​ឧទ្ធរណ៍​ជន​ជាតិ​ចិន​ជាប់​ចោទ​ពីបទ​ជំរិត​តាម​អ៊ីនធឺណិត​៧​នាក់

20140523_10a
ជនជាតិចិនជាប់ចោទពីបទជំរិតតាមអីុនធឺណិត ពេលឡើងសវនាការឧទ្ធរណ៍ ហេង ជីវ័ន

ភ្នំពេញៈ សាលា​ឧទ្ធរណ៍​កាល​ពី​ម្សិលមិញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ជន​ជាប់​ចោទ​ជាតិ​ចិន ៧​នាក់ ពី​បទ​ជំរិត​ប្រាក់​តាម​អ៊ីនធឺណិត​ដែល​បាន​ប្តឹង​ទាស់​នឹង​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ដែល​ផ្តន្ទាទោស​ឃុំ​ខ្លួន​ពី ១២ ខែ​ដល់ ១៨​ខែ និង​ពិន័យ​ជា​ប្រាក់ ៥ លាន​រៀល។

លោក យ៉ុង ណារ៉ុង ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​បាន​ថ្លែង​ថា ជន​ជាប់​ចោទ​ជា​ជនជាតិ​ចិន​តៃវ៉ាន់ ៥ នាក់​និង​ចិន​ដី​គោក ២​នាក់ បាន​ដើរ​តួ​ជា​អ្នក​ទូរស័ព្ទ​គំរាម​ទៅ​ជន​រងគ្រោះ​ហើយ​អ្នក​ខ្លះ​ធ្វើ​ជា​ប៉ូលិស និង​ខ្លះ​ដើរ​តួ​ជា​អ្នក​រត់កា​រទៅ​តុលាការ​ដើម្បី​ដោះស្រាយ ឲ្យ​ជន​រងគ្រោះ​នៅ​ពេល​គ្នីគ្នា​គេ​ទាក់ទង​គំរាម ហើយ​ជន​រងគ្រោះ​ភិតភ័យ​ស្វែង​រក​ជំនួយ។

តាម​អង្គហេតុ​បុរស​ចិន​ជាប់​ចោទ​មាន​ឈ្មោះ លីន អ៊ីចូវ អាយុ ២៨​ឆ្នាំ, ឈិន ចែអិះ អាយុ ៣២​ឆ្នាំ, កៅ ឡុងឈី អាយុ ៣៦​ឆ្នាំ លី ចែពីង អាយុ ២៣​ឆ្នាំ ផឹង កឺសឹង អាយុ​៣០​ឆ្នាំ ឆាយ ឆុងក័រ អាយុ ៣៩​ឆ្នាំ និង លី ឃុនសៀ អាយុ ២៩​ឆ្នាំ ពួក​គេ​បាន​ធ្វើ​សកម្មភាព​ជំរិត​ទារ​ប្រាក់​ពី​ជនជាតិ​ចិន នៅ​កោះ​តៃវ៉ាន់​តាម​ទូរស័ព្ទ​និង​តាម​អ៊ីនធឺណិត​ដោយ​ផ្ញើ​សារ​ទៅ​គំរាម​ជន​រងគ្រោះ។

ក្រុម​ជន​ជាប់​ចោទ​ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​នៅ​ថ្ងៃ ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៣ ក្នុង​បន្ទប់​អាផាតមេន លេខ ៥៨ នៅ​ផ្លូវ ៣៣៧ ក្នុង ភូមិ ២ សង្កាត់-ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ក្រុម​ជន​ជាប់​ចោទ​ត្រូវ​សាលា​ដំបូង​រាជធានី​ជំនុំ​ជម្រះ​ទោស​នៅ​ថ្ងៃ ទី៤ ខែ​ធ្នូ ឆ្នាំ​២០១៣ រួច​សម្រេច​ផ្តន្ទាទោស​ជន​ជាប់​ចោទ ៦ នាក់​ដាក់​ពន្ធនាគារ​ម្នាក់ ១២ ខែ និង​ពិន័យ​ប្រាក់ ៥ លាន​រៀល ឯ​ឈ្មោះ ឆាយ ឆុងក័រ ត្រូវ​ដាក់​ពន្ធនាគារ ១៨ ខែ ក្រោម​ការ​ចោទ​ពី​បទ​ឆបោក​ហើយ​ត្រូវ​បណ្តេញ​ចេញ​និង​ហាម​ចូល កម្ពុជា បន្ទាប់​ពី​អនុវត្ត​ទោស​រួច​ហើយ។

ឆាយ ឆុងក័រ ក្នុង​សវនាការ​ថា គាត់​ត្រូវ​ឈ្មោះ ឡៅ សឺ (គេច​ខ្លួន) ជា​ចិន​តៃវ៉ាន់​ដូច​គ្នា បោក​ឲ្យ​មក​ធ្វើ​ការ​នៅ ប្រទេស​កម្ពុជា ដោយ​សន្យា​ឲ្យ​ប្រាក់​ខែ​ច្រើន​តែ​មិន​ទាន់​បាន​ធ្វើ​ការ​ផង​ក៏​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន។ «ខ្ញុំ​មិន​ដឹង​គេ​ហៅ​មក​ប្រើ​ឲ្យ​បោក​ប្រាស់​គេ​ទេ បើ​ដឹង​ក៏​មិន​មក​ឲ្យ​ជាប់​គុក​ដែរ»។

ចំណែក​ជន​ជាប់​ចោទ​ឯ​ទៀត​ឆ្លើយ​ដូចៗ​គ្នា​ប្រាប់​ចៅក្រម​ថា ពួក​គេ​នៅ​តៃវ៉ាន់​ក្រីក្រ ហើយ​ត្រូវ​គេ​ប្រាប់​ថា មក​ស្រុក​ខ្មែរ​ស៊ីឈ្នួល​គេ​បាន​ប្រាក់​ខែ​ច្រើន​ក៏​មក​តែ​មក​ដល់​ផ្ទះ​នោះ​ឃើញ​គេ​រៀបចំ​ឧបករណ៍​រួច​ហើយ តែ​ពួក​គេ​មិន​ទាន់​បាន​ធ្វើ​សកម្មភាព​ផង​ក៏​ត្រូវ​ចាប់​ខ្លួន។ ពួកគេ​បាន​ទទួល​កំហុស ហើយ​សូម​ឲ្យ​តុលាការ​បន្ធូរ​បន្ថយ​ទោស​ដើម្បី​បាន​វិល​ទៅ​ស្រុក​វិញ។

លោក អ៊ឹម សុផាន តំណាង​មហា​អយ្យការ​ថ្លែង​ថា ជន​ជាប់​ចោទ​ទោះ​ជា​ឆ្លើយ​នៅ​តុលាការ​ថ្នាក់​ក្រោម​ថា ចាញ់​បោក​គេ​ក្តី តែ​ជា​ចម្លើយ​ដោះសា​ទេ។ ពួក​គេ​សុទ្ធ​តែ​មាន​ចេតនា​ចូល​រួម​ក្នុង​អំពើ​ឆបោក​នេះ។ លោក​យល់​ថា តុលាការ​ថ្នាក់​ក្រោម​ចោទ​ពី​បទ​ឆបោក​ពិត​ជា​ត្រឹម​ត្រូវ ដូច្នេះ លោក​សូម​ឲ្យ​ក្រុម​ប្រឹក្សា​ពិចារណា​រឿង​នេះ។

អ្នក​ស្រី ពឹង ធីតា មេធាវី​ចាត់​តាំង​ឲ្យ​ការពារ​ជន​ជាប់​ចោទ​ថ្លែង​ថា កូន​ក្តី​គាត់​សុទ្ធ​តែ​មាន​ជីវភាព​ក្រីក្រ​ចង់​បាន​ប្រាក់​ខែ​ច្រើន តែ​មក​ដល់​ក៏​ចាញ់​កល​គេ ព្រោះ​គម្រោង​បោក​ប្រាស់​នោះ​គេ​បាន​រៀបចំ​ឧបករណ៍​ទុក​មុន​រួច​ស្រេច​ហើយ ហើយ​ណា​មួយ​ពួក​គាត់​សុទ្ធ​តែ​មិន​ដែល​ស្គាល់​គ្នា។

អ្នក​ស្រី​មេធាវី​សំណូមពរ​ទៅ​តុលាការ​ថា៖ «ខ្ញុំ​សូម​ឲ្យ​តុលាការ​មេត្តា​លុប​ចោល​ប្រាក់​ពិន័យ​ព្រោះ​ពួក​គាត់​ក្រីក្រ»។

បន្ទាប់​ពី​ការ​ដេញ​ដោល​សួរ​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​បាន​ថ្លែង​ថា សាលដីកា​សំណុំ​រឿង​នេះ​នឹង​លើក​ទៅ​ប្រកាស​នៅ​ថ្ងៃ ទី៥ មិថុនា ខាង​មុខ​នេះ៕

អត្ថបទគួរចាប់អារម្មណ៍