ភំ្នពេញៈ ជនជាប់ចោទពីបទផ្ញើថ្នាំញៀនជាង ១២ គីឡូក្រាមទៅ ប្រទេសអូស្ត្រាលី ក្នុង ឆ្នាំ២០១២ ត្រូវសាលាឧទ្ធរណ៍បើកសវនាការបណ្តឹងឧទ្ធរណ៍កាលពីម្សិលមិញ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ងួន អ៊ីម ថ្លែងថា ស រិទ្ធី ហៅ នាង (ប្រុស) អាយុ ៣៥ឆ្នាំ ស្រុកកំណើតនៅ សំរោងទង ខេត្តកំពង់ស្ពឺ ជាប់ចោទពីបទរក្សាទុក និងដឹកជញ្ជូនថ្នាំញៀនខុសច្បាប់។
តាមអង្គហេតុនៅថ្ងៃ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ ស រិទ្ធី បានផ្ញើថ្នាំញៀនជាច្រើនគីឡូក្រាមពី កម្ពុជា ទៅ ប្រទេសអូស្រ្តាលី តាមប៉ុស្តិ៍ប្រៃសណីយ៍។ ពេលទៅដល់ អូស្រ្តាលី គេឆេកឃើញជាថ្នាំញៀនក៏ផ្ញើរបាយការណ៍ មកឲ្យអាជ្ញាធរ កម្ពុជា ក្រោយមកកម្លាំងចម្រុះបានធ្វើការស្រាវជ្រាវឃើញអ្នកផ្ញើចេញឈ្មោះ ស រិទ្ធី ក៏បានឃាត់ខ្លួន។
ករណីនេះសាលាដំបូងរាជធានីសម្រេចផ្តន្ទាទោស ស រិទ្ធី ហៅ នាង ដាក់ពន្ធនាគារ ២០ឆ្នាំ និងពិន័យជាប្រាក់ ៦០ លានរៀលក្រោមការចោទប្រកាន់ពីបទរក្សាទុកដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់តាមអំណាចសាលក្រមចុះថ្ងៃ ទី៩ ខែឧសភា ឆ្នាំ២០១៣។ តែការសម្រេចខាងលើនេះត្រូវជនជាប់ចោទប្តឹងឧទ្ធរណ៍។
ក្នុងសវនាការ ស រិទ្ធី ប្រាប់តុលាការថា គាត់មិនបានដឹងថា នោះគ្រឿងញៀនទេ តែគឺឈ្មោះ សុខ សម្បតិ្ត ជាអាណិកជននៅ អូស្រ្តាលី ជាមិត្តភក្តិ បានពឹងឲ្យជួយផ្ញើទៅឲ្យគេនៅ អូស្រ្តាលី ដោយប្រាប់ថា ជាតែយិនស៊ិន។
ស រិទ្ធី បន្តថា គាត់មិនបានដឹងថា គេយកមកពីណាទេ គេគ្រាន់តែប្រាប់វាជាតែ ហើយគាត់ធ្លាប់ទៅ ប្រទេសអូស្រ្តាលី ២លើក ក្រោយពីបង់ថ្លៃបញ្ញើរួច។ គាត់ជាអ្នកយកទៅផ្ញើដាក់អាសយដ្ឋាន អត្តសញ្ញាណប័ណ្ណគាត់។ គាត់ថា៖ «ខ្ញុំមិនបានដឹងថា នោះជាគ្រឿងញៀនទេ សុំឲ្យតុលាការលើកលែងបទចោទ»។
តំណាងមហាអយ្យការ លោក ហ៊ាន រិទ្ធ ថ្លែងថា ជនជាប់ចោទសារភាពថា ខ្លួនបានផ្ញើ ហើយគ្រឿងញៀនក៏មានចំនួនច្រើនដូច្នេះសាលាដំបូងបានសម្រេចផ្តន្ទាទោសនេះគឺមានលក្ខណៈត្រឹមត្រូវហេតុនេះលោកស្នើសុំតម្កល់សាលាក្រមទុកដដែល។
លោកចៅក្រម ងួន អ៊ីម ថ្លែងនៅមុនបិទសវនាការថា សាលដីការឿងនេះ នឹងប្រកាសនៅថ្ងៃទី២៧ ខែមីនា៕