The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​ដោះលែង​ជន​សង្ស័យ​បោក​គ្រាប់​បែក​៤​នាក់ នៅ​កំពង់ឆ្នាំង

តុលាការ​ដោះលែង​ជន​សង្ស័យ​បោក​គ្រាប់​បែក​៤​នាក់ នៅ​កំពង់ឆ្នាំង

តុលាការ​ដោះលែង​ជន​សង្ស័យ​បោក​គ្រាប់​បែក​៤​នាក់ នៅ​កំពង់ឆ្នាំង

កំពង់ឆ្នាំងៈ អ្នក​ជាប់​សង្ស័យ​៤នាក់​ក្នុង​ចំណោម​៥នាក់​ពាក់ព័ន្ធ​ករណី​បោក​គ្រាប់​បែក​ចូល​ក្នុង​ផ្ទះ​អតីត​ប្រធាន​មន្ទីរ​សង្គមកិច្ច​និង អតីត​យុទ្ធជន​ខេត្ត​កំពង់ឆ្នាំង​កាលពី​ខែ​កញ្ញា​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង​សម្រេច​ដោះ​លែង​ភ្លាមៗ​វិញ​បន្ទាប់ពី​កោះ​ហៅ​មក​សាកសួរ​កាលពី​រសៀល​ថ្ងៃទី​២១​វិច្ឆិកា។

លោក ញូង ចន្ធី ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​តុលាការ​ខេត្ត​កំពង់ឆ្នាំង​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​អ្នក​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​បោក​គ្រាប់​បែក​ចូល​ក្នុង​ផ្ទះ​លោក​អតីត​ប្រធាន​មន្ទីរ​សង្គមកិច្ច​និង​អតីត​យុទ្ធជន​ខេត្ត​កំពង់ឆ្នាំង​គ្រាន់តែ​ធ្វើ​ការ​ស៊ើបសួរ​ហើយក៏​មិន​ត្រូវ​បាន​ដាក់​ទោស​នរណា​ម្នាក់​ឲ្យ​ជាប់ឃុំ​ទេ ។

ការ​ដោះលែង​នេះ​ត្រូវ​បាន​លោក​ចៅក្រម ញូង ចន្ទី បំភ្លឺ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា អ្នក​ទាំង​៤​នាក់​ដែល​បាន​កោះហៅ​មក​សាកសួរ នៅ​រសៀល​ថ្ងៃ ទី២១ ខែ​វិច្ឆិកា​ដោយ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​ករណី​បោក​គ្រាប់​បែក​កាលពី​ខែ​កញ្ញា​នោះ​មិន​ឃើញ​មាន​សញ្ញា​ណា​មួយ​ជា​មូលដ្ឋាន​ច្បាស់​លាស់​ទេ​បន្ទាប់ពី​ស្តាប់​ចម្លើយ​និង​ស្រាវជ្រាវ​កន្លង​មក ។

លោក​ប្រាប់​ឲ្យ​ដឹង​ថា​៖ «អ្នក​ទាំង​៤នាក់​ដែល​បាន​កោះ​ហៅ​សាកសួរ​នោះ​ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​បឋម» ។

ជុំវិញ​រឿងរ៉ាវ​គប់​គ្រាប់​បែក​នេះ កាលពី​ម្សិលមិញ​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ណា​មួយ​ពី​លោក ចូ វណ្ណា អតីត​ប្រធាន​មន្ទីរ​សង្គមកិច្ច និង​អតីត​យុវជន​ដែល​ចូល​និវត្តន៍​នោះ​បាន​ទេ ។ ប៉ុន្តែ​សាច់ញាតិ​របស់​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ដែល​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បោក​គ្រាប់​បែក​ហើយ​ដែល​ត្រូវ​តុលាការ​កោះហៅ​សាកសួរ និង​ដោះលែង​ក្រោម​ការ​ស៊ើប​អង្កេត​នោះបាន​ប្រាប់​ដោយ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា​គាត់​មិន​ដឹង​ថា​ករណី​នោះ​ជា​រឿង​គំនុំ​ឬ​យ៉ាង​ណា​ទេ​កន្លង​មក។

ប៉ុន្តែ​អតីត​លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច​រូប​នោះ​ធ្លាប់​ត្រូវ​បាន​បុគ្គលិក​ក្នុង​មន្ទីរ​នាំ​គ្នា​ផ្តិត​មេដៃ​សុំ​ឲ្យ​ថ្នាក់​លើ​ដក​ចេញ​ពី​តំណែង​ម្តង​ហើយ។

សាច់ញាតិ​របស់​ជនសង្ស័យ​រូប​នោះ​បន្ត​ថា ក្រោយ​មក​ទៀត​ត្រូវ​គេ​ចោទ​លោក​អតីត​ប្រធាន​មន្ទីរ​នោះ​ថា បានធ្វើ​ឲ្យ​បាត់​ប្រាក់​ខែ​របស់​អតីត​យុទ្ធជន​និង​បាន​ដក​បុគ្គលិក​របស់​ខ្លួន​ចំនួន​២នាក់​ដោយ​ម្នាក់​ឲ្យ​ផ្លាស់​ទៅ​ក្រសួង​សង្គមកិច្ច​និង​ម្នាក់​ទៀត​ឲ្យ​ផ្លាស់​ទៅ​ធ្វើ​ការ​នៅ​ការិយាល័យ​សង្គម​កិច្ច​ស្រុក​ជលគិរី​ខេត្ត​កំពង់ឆ្នាំង។

គួរ​រម្លឹក​ថា នៅ​ផ្ទះ​របស់​លោក​ចូ វណ្ណា អតីត​ប្រធាន​មន្ទីរ​សង្គមកិច្ច​និង​អតីត​យុទ្ធជន​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​គប់​គ្រាប់​បែក​ចូល​ក្នុង​បរិវេណ​ផ្ទះ​ដោយ​ប៉ុនប៉ង​សម្លាប់​កាលពី​យប់​ថ្ងៃទី​២៧​ខែ​កញ្ញា ឆ្នាំ​២០១១​កន្លង​ទៅ ខណៈ​ដែល​ក្រុម​គ្រួសារ​របស់​លោក​កំពុង​រីករាយ​ក្នុង​ពិធី​ជប់​លៀង​នៅ​ក្នុង​ភូមិ​ឡ​ទឹក​ត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​រងរបួស​ធ្ងន់ និង​ស្រាល​ចំនួន​៥នាក់​និង​ស្លាប់​(កូន​ប្រុស​របស់​លោក) ប៉ុន្តែ​លោក ចូ វណ្ណា បាន​រួច​ផុតពី​សេចក្តី​ស្លាប់។

ចំពោះ​មនុស្ស​ចំនួន​៥នាក់​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គប់​គ្រាប់​បែក​សម្លាប់​ក្រុម​គ្រួសារ​លោក ចូ វណ្ណា នោះ​រួម​មានៈ ទី១ ឈ្មោះ យង់ សៅវុឌ្ឍី ភេទ​ប្រុស អាយុ ៥០​ឆ្នាំ មាន​ឋានៈ​ជា​អនុប្រធាន​មន្ទីរ​សង្គម​កិច្ច និង​អតីត​យុទ្ធជន​ខេត្ត​កំពង់ឆ្នាំង ទី២ ឈ្មោះ ឱម ប៊ុណ្ណា ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ជា​ប្រធាន​ការិយាល័យ សង្គមកិច្ច​និង​អតីត​យុទ្ធជន ស្រុក​រលាប្អៀរ ទី៣ ឈ្មោះ ឈាង ចន្ធី ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា​អនុប្រធាន​ការិយាល័យ​សង្គម​កិច្ច និង​អតីត​យុទ្ធជន ស្រុក​ជល​គិរី ទី៤ ឈ្មោះ អ៊ុក សុភ័ក ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​មន្ត្រី​ការិយាល័យ​អភិវឌ្ឍន៍​អតីត​យុទ្ធជន និង​ទី៥ ឈ្មោះ សាំង សារ៉ាវុធ ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ ជា​មន្ត្រី​យោធា ក្រុង​កំពង់ឆ្នាំង។

ប៉ុន្តែ​ឈ្មោះ សាំង សារ៉ាវុធ មិន​បាន​ចូល​ខ្លួន​ទៅ​តាម​ដីកា កោះហៅ​របស់​ចៅក្រម​តុលាការ​ខេត្ត​ឡើយ ៕

អត្ថបទគួរចាប់អារម្មណ៍