កំពង់ស្ពឺៈ កម្មករនិងសកម្មជនសហជីពសេរីកម្មកររោងចក្រ សាប្រ៊ីណា ដែលត្រូវឃុំខ្លួននៅពន្ធនាគារខេត្ត កំពង់ស្ពឺ ជាង ៤ ខែត្រូវបានដោះលែងកាលពីរសៀលម្សិលមិញ។
លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត កំពង់ស្ពឺ បានប្រាប់ថា លោកសម្រេចធ្វើការដោះលែងអ្នកទាំង ៨ នាក់នោះដោយសារតែបានឃុំពួកគេ ៤ខែមកហើយ ហើយខាងដើមបណ្តឹងក៏មិនបានទាមទារសំណងពីការខូចខាតដែរ។ លោកថា ពួកគេក៏បានដាក់ឲ្យនៅក្រោមការតាមដានរបស់តុលាការ នឹងអាចកោះហៅមកទៀត បើពួកគេធ្វើអ្វីមួយមិនប្រក្រតី។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករ ថា គេដោះលែងអ្នកទាំង ៨ នាក់ជាថ្នូរនឹងការមិនចូលរួមតវ៉ា ជាមួយបក្សប្រឆាំង។ យើងបានស្នើពីរចំណុច គឺសុំឲ្យដោះលែង និងសុំដំឡើងប្រាក់ខែដល់ ៦០ ម៉ឺនរៀល ក្នុង ១ខែ។ លោកថា លោកសម្រេចផ្អាកការចូលរួមតវ៉ា តែនឹងនៅបន្តទាមទារដំឡើងប្រាក់ខែ៕