បាត់ដំបងៈ ជនសង្ស័យជាតៃកុងនិងព្រូឡានដែលសង្ស័យវាយសម្លាប់ជនរងគ្រោះជាយោធាក្នុងជម្លោះគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបាណន់ ខេត្តបាត់ដំបងកាលពីថ្ងៃចន្ទ ត្រូវនគរបាលខេត្តបញ្ជូនខ្លួនទៅតុលាការម្សិលមិញ។
លោក ជេត វណ្ណី ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យជាតៃកុងឡានដឹកទឹកកកដែលវាយមនុស្សស្លាប់ក្នុងគ្រោះចរាចរណ៍នោះ សមត្ថកិច្ចបានបញ្ចប់ការសាកសួរហើយ ពេលគេសារភាពពីការសម្លាប់នោះ។
លោកថា៖«ជនសង្ស័យបានបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃអង្គារ ក្រោមការចោទពីបទឃាតកម្ម»។ ជនសង្ស័យជាអ្នកបើកឡានទឹកកកយីហោសេះហោះមានជ័យ B201ឈ្មោះ កុច កាយ ប្រុស អាយុ១៨ឆ្នាំ រស់នៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យនិងលឹម តិក អាយុ១៧ឆ្នាំ ព្រូជាអ្នកលាយទឹកកក រស់នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោកឲ្យដឹងថា ជនរងគ្រោះមាន សុខ អាយុ៤៩ឆ្នាំជិះម៉ូតូម៉ាកវ៉េវពាក់ស្លាក កងការពារព្រំដែន៥០៣ ជាយោធាវរសេនាតូច៥១៥ កងពលតូចលេខ៥១ ប្រចាំការនៅបឹងត្រកួន ត្រូវអង្គភាពបញ្ជូនមករៀននៅសាលាពលទាហានខេត្តត្រូវជនសង្ស័យប្រើដែកសរសៃវាយលើគុម្ពត្រចៀក ធ្លាយខួរស្លាប់ នៅក្នុងទឹកប្រឡាយ។
លោក ប៊ុត សំបូរ អធិការស្រុកបាណន់រំឭកថា ឡានដឹកទឹកកកនិងម៉ូតូបើកបញ្ច្រាសទិសគ្នា ប៉ះគ្នាកាលពីថ្ងៃទី១០ធ្នូ នៅស្រុកបាណន់រឿងបើកភ្លើងហ្វាជះទៅលើអ្នកបើកម៉ូតូ ក៏កើតជម្លោះដេញវាយគ្នាទៅវិញទៅមករហូតម្ចាស់ម៉ូតូដេកដួល ឯអ្នកបើកឡានក៏បើកគេចទៅ។ បន្ទាប់ពីប្រពន្ធជនរងគ្រោះបានដឹង ក៏មកប្តឹងប៉ូលិសចុះអន្តរាគមន៍ភ្លាមៗ៕