ភ្នំពេញៈ យ៉ាងហោចមានមនុស្សស្លាប់ ៧ នាក់ហើយ ដោយសារទឹកជំនន់ នៅខេត្ត បន្ទាយមានជ័យ ចាប់តាំងពីខេត្តនេះបានរងការជន់លិចដោយជំនន់ទឹកភ្លៀងនិង ទឹកដែលហូរចាក់មកពីប្រទេស ថៃ អស់ជាច្រើនសប្តាហ៍កន្លងមក។
លោក កែវ វី នាយខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ បានកើនដល់ ៧ នាក់ ខណៈខេត្តខ្លះទៀតដូចជា ខេត្ត ព្រះវិហារ កំពង់ធំ កំពង់ចាម មិនទាន់មានសេចក្តីរាយការណ៍ពីការស្លាប់ដោយសារទឹកជំនន់នៅឡើយ។
លោកបញ្ជាក់ថា៖ «យើងទទួលរបាយការណ៍ថា មនុស្ស ៧ នាក់បានស្លាប់នៅ បន្ទាយមានជ័យ។យើងនឹងបន្តតាមដានទៀត»។
លោកបន្តថា ទឹកជំនន់នៅខេត្ត ព្រះវិហារ បានឡើងដល់កម្រិតប្រកាសអាសន្ន ខណៈកម្ពស់ទឹកឡើងដល់ ១១,២៧ ម៉ែត្រដែលត្រូវធ្វើការជម្លៀសពលរដ្ឋជិត ២០០ គ្រួសារ នៅតាមដង ស្ទឹងសែន ក្រុង ព្រះវិហារ។ ចំណែកស្ថានភាពកម្ពស់ទឹកនៅខេត្ត កំពង់ធំ ក៏កំពុងកើនឡើងផងដែរ។
យោងតាមព្រឹត្តិបត្រព័ត៌មាននិងព្យាករ ទឹកជំនន់នៃក្រសួង ធនធានទឹក និងឧតុនិយម កាលពីម្សិលមិញ កម្ពស់ទឹកទន្លេ មេគង្គ ទន្លេ បាសាក់ និងនៅទន្លេ សាប ចាប់ហក់ឡើងបន្ទាប់ពីប្រព័ន្ធសម្ពាធទាបបានអូសកាត់អាងទន្លេ មេគង្គនិងមានព្យុះ ទី១១ ឈ្មោះ UTOR ឆ្លងកាត់ ហ្វីលីពីន និងកំពុងស្ថិតលើសមុទ្រចិន ដោយធ្វើដំណើរទៅភាគខាងត្បូងប្រទេសចិន។
លោក ទ្រី ណារិន អភិបាលខេត្ត បន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា អ្នកស្លាប់ដោយសារទឹកជំនន់ទាំង ៧ នាក់គឺស្ថិតនៅក្រុង ប៉ោយប៉ែត សិរីសោភ័ណ ស្រុក ស្វាយចេក និងស្រុក ថ្មពួក។
លោកបញ្ជាក់ថា ស្ថានភាពទឹកនៅក្រុង ប៉ោយប៉ែត ស្រកបន្តិច តែទឹកបានហូរធ្លាក់ទៅក្រុង សិរីសោភ័ណ និង ស្វាយចេក ជាតំបន់ទំនាបជាងក្រុង ប៉ោយប៉ែត។
លោកឲ្យដឹងដែរថា រហូតមកទល់ម្សិលមិញ ស្ថានភាពទឹកជំនន់នៅក្នុងខេត្ត បង្កផលប៉ះពាល់លើដំណាំស្រូវ ២៧៩៤ ហិកតា និងដំឡូងមី ២៤០ ហិកតា។ ផ្លូវជាតិ ១២៥ ម៉ែត្រនិងផ្លូវប៉េតុងប្រវែង ២១ ៤២៩ ម៉ែត្រ ហើយនិងសាលារៀនចំនួន ៥ ត្រូវលិចលង់ ជាមួយគ្នាដែរ ផ្លូវប្រវែង ៤៨១ ម៉ែត្រត្រូវទឹកហូរកាត់ផ្តាច់ហើយបានប៉ះពាល់ដល់ប្រជាពលរដ្ឋ ២៥៩២ គ្រួសារ និងត្រូវជម្លៀសពីលំនៅឋាន ២៤៦ គ្រួសារ។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឆ្នាំ ២០១២ គ្រោះទឹកជំនន់បានសម្លាប់មនុស្ស ១៤ នាក់នៅទូទាំងប្រទេស។
នៅខេត្ត ឧត្តរមានជ័យ កាលពីល្ងាចថ្ងៃចន្ទ មានសេចក្តីរាយការណ៍ដែរថា ព្យុះភ្លៀងបានធ្វើឲ្យមនុស្សពីរនាក់រងរបួសហើយផ្ទះជាង ១០ ខ្នង រងការខូចខាតនៅស្រុក ត្រពាំងប្រាសាទ។
លោក ដាំ សារាយ អធិការរងស្រុក ត្រពាំងប្រាសាទ បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ស្រ្តីវ័យ ៥០ ឆ្នាំ បានបាក់ដៃស្តាំ ខណៈផ្ទះរបស់គាត់បានដួលរំលំ ហើយយុវជនវ័យ ១៩ ឆ្នាំម្នាក់ ត្រូវរបួសជើង ប៉ុន្តែមិនធ្ងន់ធ្ងរទេ ខណៈមានផ្ទះឈើបីខ្នង បានរងការខូចខាតទាំងស្រុង ក្នុងចំណោមផ្ទះ ១៤ ខ្នង ដែលគ្រាន់តែរបើកដំបូល។
លោក ដាំ សារាយ ប្រាប់ថា៖ «មន្រ្តីខេត្តបានចុះទៅចែកសម្ភារខ្លះៗមានស្បៀងអាហារ និងលុយកាក់ដល់ជនរងគ្រោះ ដើម្បីឲ្យពួកគេសង់ជម្រកស្នាក់នៅ។ នេះជាព្យុះភ្លៀងលើកដំបូងហើយ នៅស្រុករបស់ខ្ញុំក្នុងឆ្នាំនេះ»។
លោក កែវ វី បានឲ្យដឹងដែរថា មានព្យុះ ១៤៧ ករណី ចាប់ពីខែមករា ដល់ខែកក្កដា ហើយថា «ព្យុះនេះបានធ្វើឲ្យផ្ទះ ១៥៩៨ ខ្នងខូចខាតទាំងស្រុង ផ្ទះ ៦១៤៥ ខ្នងរបើកដំបូល មនុស្ស ២៨ នាក់ស្លាប់ និង ៩៥ នាក់ត្រូវរបួស»។
លោក កែវ វី បានបញ្ជាក់ថា ករណីខ្យល់ព្យុះនៅក្នុងឆ្នាំនេះ បានកើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំមុន។ សម្រាប់ករណីរន្ទះបាញ់វិញ ក្នុងរយៈពេល ៧ ខែនៅឆ្នាំនេះ មានមនុស្សចំនួន ៩៣ នាក់បានស្លាប់ ៧២ នាក់ ត្រូវរបួស និងងាប់សត្វគោក្របីចំនួន ៤៦ ក្បាល៕ NR