The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ទៅ​បេះព្រិច​និង​ចាក់​អង្ក្រង​ជាន់​មីន​ស្គរ​ផ្ទុះ​របួស​ធ្ងន់​បី​នាក់​នៅ​ស្រុក​ស្វាយចេក




ទៅ​បេះព្រិច​និង​ចាក់​អង្ក្រង​ជាន់​មីន​ស្គរ​ផ្ទុះ​របួស​ធ្ងន់​បី​នាក់​នៅ​ស្រុក​ស្វាយចេក

ទៅ​បេះព្រិច​និង​ចាក់​អង្ក្រង​ជាន់​មីន​ស្គរ​ផ្ទុះ​របួស​ធ្ងន់​បី​នាក់​នៅ​ស្រុក​ស្វាយចេក

20140327_10
ជនរងគ្រោះពីការជាន់មីននៅស្រុកស្វាយចេក ត្រៀមដឹកទៅសង្គ្រោះនៅស្រុកថៃ សហការី

បន្ទាយ​មាន​ជ័យៈ ក្មេង​ពីរ​នាក់ និង​ស្រ្តី​ម្នាក់​បាន​ជាន់​មីន​ផ្ទុះ​រង​របួស​ខណៈ​ពួក​គេ​ដើរ​បេះ​ស្លឹក​ព្រិច និង​ចាក់​អង្ក្រង នៅ​ម្តុំ​ជិត​ប៉ុស្តិ៍​យាម​អង្គភាព​ការពារ​ព្រំដែន​លេខ ៩១១ ក្នុង ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ។

លោក ជា ឆ្លូញ អធិការ ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​រស់នៅ ភូមិ​ចកពួក ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ជាន់​មីន​ស្គរ K58 ផលិត​នៅ សូវៀត ផ្ទុះ​ក្នុង​ពេល​ដើរ​បេះ​ស្លឹក​ព្រិច និង​ចាក់​អង្ក្រង​កាល​ពី​ម៉ោង ៩ ព្រឹក​ថ្ងៃ ទី​២៦ ខែ​មីនា។ ស្រ្តី​រងគ្រោះ​ឈ្មោះ ឆាយ អាន់ អាយុ ២៨​ឆ្នាំ របួស​ដាច់​ជើង​មុខ​និង​ដង​ខ្លួន។ ឯ​ក្មួយ​ប្រុស​គាត់​ឈ្មោះ ប្រាក់ ចាន់ណៃ អាយុ ១០​ឆ្នាំ និង​ក្មួយ​ស្រី ប្រាក់ ចាន់នី អាយុ ៨​ឆ្នាំ រង​របួស​ធ្ងន់ ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ទាំងអស់​គ្នា។

លោក​បន្ត​ឲ្យ​ដឹង​ថា៖ «ព័ត៌មាន​អំពី​គ្រោះថ្នាក់​ដោយ​សារ​គ្រាប់​មីន ខាង​ស៊ីម៉ាក់​បាន​ផ្សព្វ​ផ្សាយ​យូរ​ឆ្នាំ​មក​ហើយ​តែ​ប្រជាជន​ខ្លះ​នៅ​តែ​ខ្វះ​ការ​យល់​ដឹង​ទើប​ជួប​គ្រោះថ្នាក់​បែប​នេះ ម្យ៉ាង​ដោយ​សារ​ទី​នេះ​ជា​អតីត​តំបន់​ខ្សែ​ត្រៀម​និង​សមរភូមិ​ប្រយុទ្ធ​ដែល​សម្បូរ​គ្រាប់​និង​មិន​ទាន់​ដោះ​នៅ​ឡើយ»។

លោក សន ប៊ុនឈឿត មន្រ្តី​គ្រប់​គ្រង​ទិន្នន័យ​ជន​រងគ្រោះ​ដោយ​គ្រាប់​មីន ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា កន្លែង​គ្រោះថ្នាក់​នៅ​ចំណុច​ដំណាក់​កោះ ក្នុង ឃុំ​ស្វាយចេក ឯ​ជន​រងគ្រោះ​ដោយ​សារ​មាន​ភាព​ធ្ងន់ធ្ងរ​ពេក ខាង​មន្ទីរពេទ្យ ស្រុក​អារញ្ញ ថៃ បាន​បញ្ជូន​បន្ត​ទៅ​ពេទ្យ ខេត្ត​ស្រះកែវ ប្រទេស​ថៃ។

លោក​បន្ត​ថា ចំពោះ​ទិន្នន័យ​ជន​រងគ្រោះ​ដោយ​សារ​គ្រាប់​មីន​ក្នុង​ខេត្ត​មាន​ចំនួន​ថយ​ចុះ​ច្រើន​ខណៈ​មាន​ការ​ចូល​រួម​ផ្សព្វ​ផ្សាយ​អប់រំ​ពី​គ្រប់​ផ្នែក​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​មីន​នេះ។

លោក​បន្ត​ឲ្យ​ដឹង​ថា ក្នុង ឆ្នាំ​២០១២ ជន​រងគ្រោះ​ដោយសារ​គ្រាប់​មីន​ក្នុង​ខេត្ត​ទាំង​មូល​មាន​ចំនួន ១៧​នាក់ ក្នុង​នោះ​មាន​ស្លាប់ ១០ នាក់​តែ​នៅ​ក្នុង ឆ្នាំ​២០១៣ វិញ​មាន​អ្នក​ស្លាប់​និង​របួស សរុប​ត្រឹម​តែ ៦​នាក់ ប៉ុណ្ណោះ​ខណៈ​ក្នុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​នេះ​ទើប​តែ​កើត​មាន​មួយ​ករណី​នេះ។

លោក សន ប៊ុនឈឿត បាន​បញ្ជាក់​ថា តំបន់​ដែល​រងគ្រោះ​ខ្លាំង គឺ​នៅ​តំបន់​ជាប់​នឹង​ទឹក​ដី ថៃ តែ ៤០០ ម៉ែត្រ​ពី​បន្ទាត់​ព្រំដែន​ហើយ​ដែល​ខាង​អង្គការ ហាលូត្រាស់ ធ្លាប់​ចូល​ទៅ​ដោះ​មីន​បាន​ខ្លះ​ហើយ​កាល​ពី​កន្លង​មក​ប៉ុន្តែ​បាន​ផ្អាក​ទៅ​វិញ​ក្នុង​អំឡុង ឆ្នាំ​២០១១។

បើ​តាម​គម្រោង​ដែល​លោក​បាន​ដឹង​មិន​ទាន់​ផ្លួវ​ការ ការ​ដោះ​មីន​បន្ត​ទៀត​នៅ​តំបន់​ជាប់​នឹង​បន្ទាត់​ព្រំដែន កម្ពុជា-ថៃ ដែល​ជា​អតីត​តំបន់​ខ្សែ​ត្រៀម និង​ជា​សមរភូមិ​ប្រយុទ្ធ​ពី​ជំនាន់ ប៉ុល ពត ខ្មែរ​ក្រហម​ដែល​នៅ​មាន​បន្សល់​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាច្រើន​នោះ​អាច​នឹង​បន្ត​ក្នុង​ឆ្នាំ​នេះ​ឬ​ឆ្នាំ​ក្រោយ៕

អត្ថបទគួរចាប់អារម្មណ៍