កំពង់ឆ្នាំងៈ មន្ត្រីនគរបាលយុត្តិធម៌ម្នាក់នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងត្រូវបានគេសង្ស័យថាបាញ់សម្លាប់ខ្លួនឯងបន្ទាប់ពីត្រូវបានឲ្យផ្អាកពីការងារ និងរង់ចាំទទួលទណ្ឌកម្មវិន័យពីអគ្គស្នងការដ្ឋាននគរបាលជាតិដោយសារគូកំណាន់របស់ខ្លួនដាក់ពាក្យប្តឹងទៅកាន់ស្នងការដ្ឋានខេត្ត និងសាលាដំបូងចោទពីបទប្រើហិង្សាដោយចេតនា និងទារសំណងជំងឺចិត្តចំនួន ៥០០០ ដុល្លារ។
ស្នងការរងខេត្តកំពង់ឆ្នាំងទទួលបន្ទុកព្រហ្មទណ្ឌកម្រិតធ្ងន់ លោក ប៉ុល វុទ្ធី បានឲ្យដឹងថា ទេព សារ៉ាត់ ជាប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចរកឃើញស្លាប់ក្នុងថ្លុកឈាមលើគ្រែក្នុងផ្ទះដោយមានកាំភ្លើងខ្លីក្បែរខ្លួនកាលពីល្ងាចម៉ោង ៥ រសៀលម្សិលមិញ។
លោកថា៖ «គាត់ទំនងជាទើបស្លាប់នៅពេលរសៀលទេព្រោះអ្នកភូមិថាកាលពីព្រឹកគេឃើញគាត់ដើរទៅមកនៅឡើយទេ។ ខាងមន្រ្តីរបស់យើងបានកំពុងរៀបចំធ្វើកោសល្យវិច័យថាតើគាត់សម្លាប់ខ្លួន ឬមានជនណាផ្សេងជាអ្នកបាញ់សម្លាប់គាត់»។
មុនកើតហេតុស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វុឌ្ឍី បានឲ្យដឹងថា លោក ទេព សារ៉ាត់ ត្រូវបានរងទណ្ឌកម្មវិន័យពីស្នងការខេត្តបន្ទាប់ពីលោកបានពិនិត្យលើបណ្តឹងស្ត្រីរងគ្រោះជាគូកំណាន់ លោក ទេព សារ៉ាត់ និងស្នាមរបួសរកឃើញថាចុងចោទលោក ទេព សារ៉ាត់ ពិតជាបានប្រព្រឹត្តមិនគប្បីមែន។
លោកថា៖ «ខ្ញុំបានស៊ីញ៉េលិខិតផ្អាកការងាររបស់គាត់កាលពីព្រឹកហើយតម្រូវឲ្យមកធ្វើការត្រួតពិនិត្យនៅការិយាល័យបុគ្គលិកដើម្បីធ្វើសំណុំរឿងទៅខាងអគ្គស្នងការដ្ឋាននគរបាលជាតិ។ បន្ទាប់ពីមានការចោទប្រកាន់អ៊ីចឹងគឺត្រូវតែផ្អាកការងារហើយវាយគេចំភ្នែកឡើងច្បាស់អត់មានប្រកែកអីទៀតទេ»។
ដើមបណ្តឹងអ្នកស្រី ឌុក ឌីឡុម ជាជនរងគ្រោះ និងជាស្ត្រីមេម៉ាយកូនបី អាយុ ៤២ ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាចុងចោទឈ្មោះ ទេព សារ៉ាត់ ជាប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងអ្នកស្រី បានស្គាល់គ្នាជាង ៧ ខែ និងចាប់ផ្តើមមានទំនាក់ទងគ្នាជាង ៦ ខែបន្ទាប់ពីដឹងថា ចុងចោទមិនសូវចុះសម្រុងគ្នាជាមួយប្រពន្ធ។ ប៉ុន្តែអ្នកស្រីថាក្នុងអំឡុងពេលមានទំនាក់ទំនងគ្នានេះចុងចោទបានផ្លាស់ប្តូរឥរិយាបថខុសពីមុន និងចាប់ផ្តើមប្រចណ្ឌរករឿងរហូតឈានដល់ការបង្កហិង្សាវាយដុំអ្នកស្រី។
បើតាមអ្នកស្រី ឌុក ឌីឡុម នៅម៉ោងជាង ១ រសៀលថ្ងៃទី ២៤ ខែថ្ងៃកើតហេតុមិត្តពីរនាក់របស់អ្នកស្រីបានមកលេងផ្ទះតែមិត្តស្រីបានចាកចេញមុនហើយមិត្តភក្តិប្រុសម្នាក់នៅបន្តជជែកគ្នាលេងលើគ្រែមុខផ្ទះស្រាប់តែចុងចោទ លោក ទេព សារ៉ាត់ មកដល់ហើយមិននិយាយមួយម៉ាត់ស្រាប់តែវាយអ្នកស្រីតែម្តង។
អ្នកស្រីថា៖ «គាត់បានវាយខ្ញុំចំផ្ទៃមុខចំនួនបីដៃបណ្តាលឲ្យខ្ញុំដួលលើដីហើយស្ទុះទៅក្របួចកអាវបុរសម្នាក់ទៀតជាមិត្តភក្តិខ្ញុំដែលប្រុងចូលមកជួយខ្ញុំទៀតផងតែត្រូវបានបុរសនោះច្រានចេញវិញទើបបញ្ឈប់ការវាយដំលើខ្ញុំ ខ្ញុំបានព្យាយាមបញ្ចប់ទំនាក់ទំនងជាមួយគាត់យូរហើយតែគាត់នៅតែមករកខ្ញុំ»។
ក្រោយកើតហេតុថ្ងៃដដែលនៅម៉ោង ៣ រសៀលល្ងាចថ្ងៃសុក្រអ្នកស្រីក៏បានសម្រេចចិត្តប្តឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត និងសាលាដំបូងខេត្តដោយប្តឹងអតីតគូកំណាន់របស់ខ្លួនពីបទហិង្សាដោយចេតនា និងទាមទារសំណង ៥០០០ ដុល្លារ។
ករណីស្រដៀងគ្នានេះកាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៥ អតីតអធិការស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា ត្រូវបានសិស្សសាលាម្នាក់អាយុ ១៩ ឆ្នាំចោទថាបានប្រើអាវុធគំរាមចាប់រំលោភនាងប៉ុន្តែ លោក ហ៊ុល វាសនា បានប្រកែកហើយក្រោយមកលោកត្រូវបានគេដកបញ្ឈរជើង និងរង់ចាំទណ្ឌកម្មវិន័យខាងរដ្ឋបាលពីអគ្គស្នងការដ្ឋាននគរបាលជាតិ។
មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សអង្គការអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា ស្វាគមន៍ការចាប់កំហុសនេះ ប៉ុន្តែលោកគិតថានគរបាលជាតិគប្បីពង្រឹងនូវក្រមសីលធម៌របស់នគរបាល និងមានវិធានការតឹងរ៉ឹង ខណៈដែលកន្លងមកមន្ត្រីនគរបាលមានអំណាចមួយចំនួនបានប្រើប្រាស់តួនាទីរបស់ខ្លួនយកចំណេញ និងធ្វើបាបប្រជាពលរដ្ឋ។
លោកថា៖ «ការដាក់ទណ្ឌកម្មលើអ្នកប្រព្រឹត្តគឺជាគំរូដល់មន្ត្រីនគរបាលក្រោយៗទៀត និងបង្ហាញទៅប្រជាពលរដ្ឋពីការយកចិត្តទុកដាក់ជួយពួកគាត់បើមិនមានទណ្ឌកម្មច្បាស់លាស់មន្ត្រីនៅតែបន្តប្រើអំណាចធ្វើបាបពលរដ្ឋទៀត»៕