កោះកុងៈ មន្ត្រីនគរបាលខេត្តកោះកុងម្នាក់ត្រូវបានក្រុមស្ត្រីខារ៉ាអូខេចំនួនបួននាក់ដាក់ពាក្យប្ដឹងឡើងតុលាការខេត្តកោះកុងដោយធ្វើការចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនា។ នេះបើតាមការឲ្យដឹងពីមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកកាលពីថ្ងៃពុធម្សិលមិញ។
លោក នាង បូរ៉ាទីណូ មន្ត្រីស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកោះកុង បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា កាលពីព្រឹកម្សិលមិញ មានស្ត្រីបម្រើការនៅហាងខារ៉ាអូខេ រចនាកោះកុង ចំនួនបួននាក់ដែលមានស្នាមដាច់រលាត់ដៃជើង ជាំភ្នែក និងរាងកាយផង បានមកសុំឲ្យខាងអាដហុកជួយអន្តរាគមន៍ធ្វើពាក្យបណ្ដឹងដាក់ទៅតុលាការប្តឹងមន្ត្រីនគរបាលខេត្តកោះកុងម្នាក់ឈ្មោះ វែន វិបុល ចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនា។
លោកបន្តថា៖ «ក្រោយពីធ្វើការសួរនាំរួចយើងក៏បានជួយធ្វើពាក្យបណ្ដឹងជូនពួកគាត់ ឲ្យយកទៅដាក់ប្ដឹងដល់អយ្យការអមសាលាដំបូងខេត្តកោះកុង សុំឲ្យចាត់រឿងនេះតាមផ្លូវច្បាប់»។
កញ្ញា ហេង ស៊ីណាត ជាស្ត្រីរងគ្រោះម្នាក់ ប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា នៅម៉ោងប្រហែលជា២រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ពួកនាងកើតមានជម្លោះពាក្យសម្ដីជាមួយស្ត្រីខារ៉ាអូខេដូចគ្នា នៅហាងខារ៉ាអូខេ ម្អមស្រែ ដែលមាន លោក វែន វិបុល មន្ត្រីនគរបាលខេត្តកោះកុងជាថៅកែ។ ក្នុងជម្លោះនោះមិត្តនាងម្នាក់ ឈ្មោះ ថាច់ លិនជ័យ ហៅ អាស្រី ត្រូវគូបដិបក្ខនៅហាងម្អមស្រែ ស្ទុះមកបោចសក់អូសយកទៅវាយដំខណៈនោះពួកនាងក៏នាំគ្នាទៅជួយឃាត់ប៉ុន្តែត្រូវលោក វិបុល ស្ទុះមកវាយពួកនាងដោយគ្មានសួរនាំអ្វីទាំងអស់។
កញ្ញា ស៊ីណា ប្រាប់ថា ៖«ពួកខ្ញុំបានចូលទៅឃាត់ដែរក៏ត្រូវពូ បុល [វែន វិបុល] ច្រានឲ្យដួលត្រឡប់ត្រឡិន ហើយគាត់បានធាក់ចំថ្ងាសប្រដាប់ភេទរបស់ខ្ញុំបណ្ដាលឲ្យដួលនឹងដី ហើយចុកឆ្អល់ងើបសឹងមិនរួច»។
អ្នកស្រី ហេង ស្រីពៅ ម្ចាស់ហាងខារ៉ាអូខេ រចនាកោះកុង និយាយថា ជម្លោះរវាងបុគ្គលិកគាត់និងបុគ្គលិកហាងម្អមស្រែ របស់លោក វែន វិបុល កើតឡើងដោយភាព«ច្រណែនឈ្នានីស»រវាងបុគ្គលិកខារ៉ាអូខេដូចគ្នា។
អ្នកស្រីបន្តថា៖« ក្រុមស្ត្រីនៅហាងខារ៉ាអូខេម្អមស្រែ ច្រណែននឹងស្ត្រីហាងខ្ញុំ ដែលមានភ្ញៀវចូលច្រើន ហើយគេទទួលបានលុយធីបច្រើនៗ»។ ប៉ុន្តែអ្វីដែលចម្លែកគឺលោក វិបុល ដែលជាមន្ត្រីនគរបាលជាថៅកែហាងមិនជួយឃាត់ពួកគេទេ បែរជាប្រើអំពើហិង្សាមកលើពួកក្មេងៗទៅវិញ ហើយប្ដឹងចោទប្រកាន់ពួកក្មេងខ្ញុំទៀត។ ដូច្នេះខ្ញុំមានតែមករកអង្គការសង្គមស៊ីវិលឲ្យជួយដើម្បីធ្វើពាក្យបណ្ដឹងប្រឆាំងនឹងគាត់ទៅតុលាការឲ្យជួយរកយុត្តិធម៌»។ អ្នកស្រីបន្តថា អ្នកស្រីបានដាក់បណ្ដឹងទៅតុលាការរួចហើយ។
លោក ឈិន ឡុង មន្ត្រីក្រឡាបញ្ជីសាលាដំបូងខេត្តកោះកុង បានប្រាប់ដែរថា លោកបានទទួលពាក្យបណ្ដឹងហើយកាលពីម្សិលមិញ ហើយកំពុងពិនិត្យដើម្បីធ្វើរបាយការណ៍បញ្ចូនទៅថ្នាក់លើសម្រេច និងចាត់វិធានការតាមផ្លូវច្បាប់។
លោក វែន វិបុល មិនអាចទាក់ទងសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេកាលពីថ្ងៃពុធម្សិលមិញ៕