ភ្នំពេញៈ ក្រុមឧកញ៉ាពាក់ព័ន្ធគ្រឿងញៀនដែលសមត្ថកិច្ចឡោមព័ទ្ធចាប់កាលពីថ្ងៃអង្គារត្រូវនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនចាត់បញ្ជូនទៅស៊ើបសួរនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ។
លោកឧត្តមសេនីយ៍ ខៀវ សាម៉ន ប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានឲ្យដឹងពីម្សិលមិញថា តាមនីតិវិធីជនសង្ស័យគ្រឿងញៀនដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី២៧ វិច្ឆិកា នឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បត៍នេះបន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួររួចរាល់។
លោកបន្តឲ្យដឹងទៀតថា តាមនីតិវិធីការឃុំខ្លួនមិនឲ្យលើសពី៤៨ម៉ោងទេ ប៉ុន្តែបើមានការងារច្រើនអាចនឹងពន្យារពេល១០ឬ២០ម៉ោង បន្តទៀតទៅតាមការងារជាក់ស្តែង។
លោកបន្តឲ្យដឹងថា៖ «បើទោះជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំងជាង១០នាក់ក្តី ប៉ុន្តែ ក្នុងចំណោមពួកគេអាចនឹងត្រូវដោះលែងវិញ បន្ទាប់ពីស៊ើបសួរដឹងថានរណាពាក់ព័ន្ធនិងមិនពាក់ព័ន្ធ ព្រោះកម្រិតនៃពួកគេជួនកាលអ្នកខ្លះជាសិស្ស ឬជាកូនក្មេងមិនទាន់គ្រប់អាយុនិងអ្នកខ្លះមិនស្ថិតនៅក្នុងរង្វង់ប្រតិបត្តិការនោះ ដូច្នេះនឹងត្រូវឲ្យពួកគេត្រឡប់ទៅផ្ទះវិញ»។
លោកបញ្ជាក់ប្រាប់ថា ជួនកាលជនសង្ស័យអាចជាប់ពាក់ព័ន្ធទាំងអស់ក៏មានឬជួនកាលអ្នកនោះមានជាប់ពាក់ព័ន្ធនឹងរឿងផ្សេងទៀតដែលនាំឲ្យសមត្ថកិច្ចឈានទៅរកឃើញមុខសញ្ញាមួយផ្សេងទៀត។ ដូច្នេះប្រសិនគេបានរាយការណ៍ស្មោះត្រង់ប្រាប់សមត្ថកិច្ចបែបនេះនឹងអាចធ្វើការជាមួយបានយូរអង្វែងសមត្ថកិច្ចអាចបញ្ជូនគេឲ្យត្រឡប់ទៅផ្ទះវិញ។ដូច្នេះមិនមែនមានន័យថា ជនសង្ស័យដែលចាប់ខ្លួនទាំងអស់នោះ សុទ្ធតែត្រូវនាំខ្លួនទៅតុលាការទាំងអស់គ្នានោះទេ។
គួររំឭកដែរថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកាសមត្ថកិច្ចចម្រុះ បានឆ្មក់ចូលចាប់ឃាត់ខ្លួននៅភូមិគ្រឹះរបស់ឧកញ៉ា តាន់ សេងហាក់ មានទាំងប្រពន្ធ និងកូន៥នាក់ រួមមានឈ្មោះ ឡុង នារី ជាប្រពន្ធ តាន់ សូលាន អាយុ២០ឆ្នាំ, តាន់ សុភ័ក្រ អាយុ២៥ឆ្នាំនិងតាន់ ភារុន អាយុ២៧ឆ្នាំ ជាមួយនឹងជនពាក់ព័ន្ធ១១នាក់ទៀតស្ថិត នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយធ្វើការរឹបអូសបានវត្ថុតាងមានថ្នាំកូកាអ៊ីនមួយកញ្ចប់ធំ ថ្នាំមេតំហ្វេតាមីនច្រកក្នុងថង់ប្លាស្ទិកទំហំប៉ុនបាតដៃ ចំនួន៥ថង់ និងថ្នាំម៉ាទឹកកកច្រកក្នុងថង់តូចៗមួយចំនួនទៀត។ ដបទឹកសុទ្ធជាឧបករណ៍សម្រាប់ជក់ចំនួន១០ កំប៉ុងហ្គាស១ទូរស័ព្ទចល័តចំនួន៩គ្រឿង អាយផេត១គ្រឿង ម៉ាស៊ីនថតឌីជីថលចំនួន ៤ គ្រឿង ម៉ូតូ៩គ្រឿងនិងគ្រាប់កាំភ្លើងរ៉ូឡូ១០គ្រាប់ រថយន្តម៉ាក K.iA ពណ៌សពាក់ស្លាក ភ្នំពេញ 2R-7453 លិខិតឆ្លងដែន២ច្បាប់ ប្រាក់២៥០០ដុល្លារ លុយខ្មែរថ្មី១ដុំ និងគ្រឿងអលង្ការមួយចំនួនទៀត។
ក្រោយមកមន្រ្តីការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀននិងព្រះរាជអាជ្ញារងដែលបានចុះទៅអនុវត្តការងារផ្ទាល់ បានឯកភាពសម្រេចដោះលែងកូនប្រុសរបស់ជនសង្ស័យ តាន់ សេងហាក់ ២នាក់ និងកម្មករដែលគេជួលឲ្យកាប់ដូង ២នាក់ទៀត៕