បន្ទាយមានជ័យៈ បុរសដែលកាប់បុរសម្នាក់ទៀត ៣ ពូថៅ ខណៈកំពុងឈរនិយាយទូរស័ព្ទ កាលពីថ្ងៃអង្គារ នៅក្រុងសិរីសោភ័ណ ត្រូវស្នងការនគរបាលខេត្ត បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីព្រឹកម្សិលមិញពីបទហិង្សាដោយចេតនា។
លោក ជូ ផារិន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យជាជនដៃដល់ ដែលបានកាប់ជនរងគ្រោះ៣ពូថៅ ឲ្យរងរបួសធ្ងន់នោះ ត្រូវបានបញ្ជូនទៅតុលាការខេត្តហើយ កាលពីម្សិលមិញ។ លោកបន្តថា៖ «ខ្ញុំបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីឃាត់ខ្លួនបាន ១ យប់ ដោយត្រូវចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស»។
លោករ៉ែម វីរៈ អធិការនគរបាលក្រុងសិរីសោភ័ណ រំឭកថា ហេតុការណ៍នេះ កើតឡើង ពីថ្ងៃអង្ការ ដែលជនរងគ្រោះ មានឈ្មោះ ទុយ សឿនភេទប្រុសអាយុ ៤៨ ឆ្នាំ។ រីឯជនសង្ស័យឈ្មោះ មៀត សីគុយ ភេទប្រុសអាយុ ២៩ ឆ្នាំរស់នៅភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ លោកនិយាយថា៖ «ជនរងគ្រោះ ត្រូវជនសង្ស័យកាប់ចំថ្ពាល់១ពូថៅយ៉ាងដំណំដួល ហើយត្រូវជនសង្ស័យ កាប់ទៅលើជើងនិងដៃទៀត ហើយត្រូវសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់»។ លោកឲ្យដឹងទៀតថា ជនសង្ស័យ និងជនរងគ្រោះ មានទំនាស់ពាក្យសម្ដីនឹងគ្នា ដោយសារតែរឿងដីធ្លី ដែលពួកគេ បានឈ្លោះប្រកែកគ្នាកាលពីថ្ងៃទី១០ ខែធ្នូឆ្នាំ២០១២ ពាក់ព័ន្ធនឹងព្រំដីផ្ទះជាប់គ្នា ហើយប្រហែលជាជនសង្ស័យមានគំនុំចាប់តាំងពីពេលនោះមក។ ដោយឃើញគូទំនាស់និយាយទូរស័ព្ទឌឺដងដាក់ខ្លួន ជនសង្ស័យក៏មានកំហឹង រត់ចូលទៅក្នុងផ្ទះរបស់ខ្លួន យកពូថៅរត់សំដៅទៅកាប់ជនរងគ្រោះ។ ដោយមិនអាចតដៃបាន ជនរងគ្រោះក៏បានដួលទៅលើដី។ ពេលនោះប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នារត់ទៅជួយ រួចចាប់ជនដៃដល់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លាតែម្ដង។
បើតាមមន្ត្រីសមត្ថកិច្ច ក្រោយឃាត់ខ្លួនជនសង្ស័យ គេបានឆែកឆេររកឃើញថ្នាំគ្រាប់ ស ចំនួន២កញ្ចប់ ក្នុងនោះ១កញ្ចប់មានថ្នាំចំនួន ៤៦គ្រាប់ និង១កញ្ចប់ទៀតមានថ្នាំ៤៧គ្រាប់ សរុប៩៣គ្រាប់ជាថ្នាំសរសៃប្រសាទនៅលើខ្លួនជនសង្ស័យ៕