បាត់ដំបងៈ ជនសង្ស័យជាឃាតករម្នាក់ក្នុងចំណោម ២នាក់ ត្រូវបញ្ជូនទៅតុលាការខេត្តបន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋាននិងខេត្តឃាត់ខ្លួននៅព្រឹកថ្ងៃសុក្រពាក់ព័ន្ធសំណុំរឿងអារ-កសម្លាប់ស្រ្តីម្នាក់ប្លន់យកលុយកាលពីរំលងអធ្រាត្រឆ្លងចូលថ្ងៃ ទី២៨ ខែមីនា នៅក្នុង ភូមិល្វា ឃុំល្វា ស្រុកបវេល។
លោក ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ក្រឹម ផូ ភេទស្រី អាយុ ៦៦ឆ្នាំ មានទីលំនៅក្នុង ភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ ចំណែកជនសង្ស័យមានឈ្មោះ ផន សុភ័ណ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅទល់មុខផ្ទះស្ត្រីរងគ្រោះ ត្រូវកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានសហការនិងកម្លាំងខេត្តចាប់ខ្លួនបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ប៉ុន្តែ ជនសង្ស័យម្នាក់ទៀតឈ្មោះ រិទ្ធ រស់នៅ ខេត្តសៀមរាប បានរត់គេចខ្លួនបាត់។
លោក ឡាច ប្រុស បញ្ជាក់ថា៖ «ជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃចន្ទរួចហើយ ខណៈបក្ខពួកគេម្នាក់រត់គេចខ្លួន»។
លោកនាយការិយាល័យបន្តថា មុនពេលកើតហេតុជនសង្ស័យ ផន សុភ័ណ បានជួបជាមួយឈ្មោះ រិទ្ធ ហើយបបួលគ្នាទៅធ្វើការនៅ ប្រទេសថៃ តែដោយសារគ្មានលុយធ្វើដំណើរយប់នោះក៏បែកគំនិតនាំគ្នាចូលប្លន់លុយពីស្រ្តីរងគ្រោះ។ ជនរងគ្រោះបានប្រគល់លុយឲ្យគេហើយ តែពួកគេនៅបន្តជំរិតទារបន្ថែមទៀត ដោយស្រ្តីរងគ្រោះមិនព្រមឲ្យពួកគេក៏អារ ក និងចាក់សម្លាប់ប្លន់យកលុយតែម្តង។
លោកថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនជាអ្នកនៅចាំផ្លូវ ហើយឈ្មោះ រិទ្ធ ជាអ្នកចូលទៅប្លន់និងសម្លាប់។ក្រោយពេលប្លន់បានលុយ ឈ្មោះ រិទ្ធ បានគេចខ្លួនបាត់ ហើយខ្លួនគ្រាន់តែដឹងថា ឈ្មោះនេះគេរស់នៅក្នុង ខេត្តសៀមរាប តែប៉ុណ្ណោះ មិនស្គាល់ច្បាស់លាស់ទេ។
លោកបន្ថែមថា៖ «ជនសង្ស័យមានទីលំនៅទល់មុខផ្ទះស្ត្រីរងគ្រោះ។ រឿងនេះខ្មោចក្នុងវាឲ្យដៃ ទើបខ្មោចក្រៅវាហ៊ាន។ ឯជនសង្ស័យបានសារភាពអស់ហើយថា ខ្លួនគេពិតជាបានចូលរួមសម្លាប់ជនរងគ្រោះដើម្បីយកលុយមែន»៕