
ភ្នំពេញៈ ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន១៩នាក់ក្នុងចំណោម៤៤នាក់ដែលសមត្ថកិច្ចចម្រុះឃាត់ខ្លួនក្នុងប្រតិបត្តិការឡោមព័ទ្ធចាប់ក្នុងផ្ទះសំណាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីទៀបភ្លឺថ្ងៃអាទិត្យនឹងត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ បញ្ជូនទៅសាលាដំបូងរាជធានីនៅថ្ងៃអង្គារនេះ។
លោក ពូ ដាវី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីប្រាប់ឲ្យដឹងកាលពីម្សិលមិញថា មនុស្ស៤៤នាក់ដែលត្រូវឃាត់ខ្លួនព្រោះជាប់សង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀននោះ បន្ទាប់ពីសាកសួររួច មាន១៩នាក់នឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីនៅថ្ងៃអង្គារក្រោយពីធ្វើការពិនិត្យទៅលើលក្ខណៈជាក់ស្តែងរួចមក។
លោកប្រាប់ថា៖ «ក្នុងចំណោមជនសង្ស័យទាំង៤៤នាក់ មានខ្លះអាចត្រូវដោះលែងវិញប្រសិនបើរកឃើញថាមិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ហើយគ្រាន់តែស្នាក់នៅបន្ទប់ផ្ទះសំណាក់ជាមួយនោះ» ។
លោកបន្តថា៖ «ជនសង្ស័យទាំង១៩នាក់នោះ មាន១០នាក់ជាអ្នកប្រើប្រាស់គ្រឿងញៀន ៥នាក់ជាអ្នកសម្រួលរវាងអ្នកប្រើប្រាស់និងជួញដូរ និង៤នាក់ទៀតជាក្រុមជនជួញដូរ»។
គួរំឭកដែរថា កាលពីទៀបភ្លឺថ្ងៃទី២៥ វិច្ឆិកា សមត្ថកិច្ចចម្រុះរួមមានទាំងព្រះរាជអាជ្ញារងអមសាលាដំបូងភ្នំពេញផង បានបើកប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ថ្នាំញៀន៤៤នាក់ មានស្រី១៣នាក់ នៅក្នុងផ្ទះសំណាក់ហ្គោលហោស៍ ២ ស្ថិតនៅតាមផ្លូវ ២៧១ ទល់មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងសង្កាត់ទំនប់ទឹក។ ប្រតិបត្តិការនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៤៤នាក់ ក្នុងនោះមានម្ចាស់ផ្ទះសំណាក់ប្តីប្រពន្ធ ផងដែរ។ ក្នុងប្រតិបត្តិការចុះបង្ក្រាបក្រុមជនសង្ស័យប្រើប្រាស់ថ្នាំញៀនទ្រង់ទ្រាយធំនោះសមត្ថកិច្ច ដកហូតម៉ូតូជាវត្ថុតាងបានជាងដប់គ្រឿង និងសម្ភារជាមធ្យោបាយប្រើប្រាស់ និងថ្នាំញៀនមួយចំនួន។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកកត់សម្គាល់ថា បញ្ហាគ្រឿងញៀនសមត្ថកិច្ចមានការចាប់និងបង្ក្រាបជាច្រើនករណីនៅក្នុងឆ្នាំនេះ មានរហូតដល់ចាប់ខ្លួនអ្នកមានបុណ្យស័ក្តិផង ប៉ុន្តែ សកម្មភាពជួញដូរនិងប្រើប្រាស់ហាក់កាន់តែមានភាពពុះកញ្ជ្រោលឡើងរហូតមានទាំងជនគ្រឿងញៀនយកអាវុធតដៃនគរបាលផង។ លោកថ្លែងថា៖ «បញ្ហានេះវាទាក់ទងនឹងការអនុវត្តច្បាប់ដែលសមត្ថកិច្ចត្រូវតែបង្ក្រាបឲ្យបានម៉ឺងម៉ាត់ សំខាន់គឺមន្ត្រីអនុវត្តច្បាប់តែម្តង »។
លោកបន្តថា បញ្ហានៃការប្រើប្រាស់និងចែកចាយជាលក្ខណៈតូចតាចនេះមានមនុស្សពាក់ព័ន្ធច្រើននិងមានភាពមិនប្រក្រតីនៃការអនុវត្តច្បាប់ហើយបើអនុវត្តមិនបានត្រឹមត្រូវទេ ការបង្ក្រាបក៏គ្មានប្រសិទ្ធភាពដែរ៕