The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បញ្ជូន​ឈ្មួញ​គ្រឿង​ញៀន​ឡាវ​ពីរ​នាក់​ទៅ​តុលាការ

បញ្ជូន​ឈ្មួញ​គ្រឿង​ញៀន​ឡាវ​ពីរ​នាក់​ទៅ​តុលាការ

បញ្ជូន​ឈ្មួញ​គ្រឿង​ញៀន​ឡាវ​ពីរ​នាក់​ទៅ​តុលាការ

131015_10
គ្រឿងញៀនជាច្រើនប្រភេទដែលសមត្ថកិច្ចរឹបអូសបានកាលពីពេលកន្លងមក ម៉េង គឹមឡុង

ភ្នំពេញៈ បុរស​ជាតិ ឡាវ ២ នាក់​និង​ថ្នាំ​ញៀន​ម៉ាទឹកកក មេតំហ្វេតាមីន ជិត ២ គីឡូក្រាម​ដែល​កង​រាជ​អាវុធហត្ថ​ចាប់​ខ្លួន​និង​រឹប​អូស​បាន​ក្នុង​ប្រតិបត្តិការ​បង្រ្កាប​បាញ់​ត​ដៃ​គ្នា​មួយ​នៅ​ព្រំ​ដែន ខ្មែរ-ឡាវ ក្នុង​ស្រុក ថាឡាបរិវ៉ាត់ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កាល​ពី​រសៀល​ថ្ងៃ​ម្សិលមិញ។

លោក អៀង វ៉ាន់ឌី មេ​បញ្ជាការ​អាវុធហត្ថ​ខេត្ត ស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ជាតិ ឡាវ ២ នាក់ និង​ថ្នាំ​ញៀន ម៉ាទឹកកក មេតំហ្វេតាមីន ចំនួន ១៩៥៩,៩ ក្រាម​ស្មើ​ជិត ២ គីឡូក្រាម​ដែល​កង​រាជ​អាវុធហត្ថ​ចាប់​ខ្លួន និង​រឹប​អូស​បាន​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​បន្ទាប់​ពី​ចាប់​ខ្លួន​បាន កាល​ពី​ថ្ងៃ​អាទិត្យ​។

លោក​ថ្លែង​ថា៖ «យើង​បញ្ជូន​ពួក​គេ​ទៅ​តុលាការ បន្ទាប់​ពី​សាកសួរ កសាង​កំណត់​ហេតុ​រួច​រាល់​ហើយ។ តាម​បទ​ល្មើស​ជាក់ស្តែង​និង​វត្ថុតាង​ជន​សង្ស័យ​នឹង​ត្រូវ​តុលាការ​ចោទ​ទៅ​តាម​នីតិវិធី​ច្បាប់»។

លោក​ឲ្យ​ដឹង​បន្ត​ថា ជន​សង្ស័យ​ឈ្មោះ ថៅ គូសូលីញ៉ា ភេទ​ប្រុស​អាយុ ៥០ ឆ្នាំ​មុខ​របរ​លក់​ដូរ មាន​លំនៅ ភូមិ លុងប៉ាលិបនួយស៊ី ស្រុក ចាន់ថាក់បូរី ប្រទេស ឡាវ។ ទី២ ឈ្មោះ វ៉ាន់ថង ប៉ានយ៉ាឡា ភេទ​ប្រុស​អាយុ ៦១ ឆ្នាំ​មុខ​របរ​លក់​ដូរ នៅ​ភូមិ ហួយដែនមឿង ឃុំ ហុក ខណ្ឌ សៃថានី ក្រុង វៀងចន្ទន៍ ប្រទេស ឡាវ។

លោក​បន្ត​ថា ក្នុង​ប្រតិបត្តិការ​ចុះ​បង្រ្កាប ហើយ​មាន​ការ​បាញ់​ត​ដៃ​គ្នា​ជាមួយ​សមត្ថកិច្ច​កម្ពុជា កាល​ពី​ម៉ោង​ជាង ៤ រសៀល ថ្ងៃ​អាទិត្យ នោះ បាន​កើត​ឡើង​នៅ​ចំណុច​ផ្លូវ​បំបែក​ចូល​ពី​ប្រទេស ឡាវ តាម​ច្រក វ៉ឺនខាម ត្រង់​ភូមិ ឃុំ អូរស្វាយ ស្រុក ថាឡាបរិវ៉ាត់ ខណៈ​ឈ្មួញ​បាន​ឆ្លង​ដែន​នាំ​គ្រឿង​ញៀន​ចូល​ទឹក​ដី​កម្ពុជា។

លុះ​ពើប​ប្រទះ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ ពេល​នោះ​ក្រុម​ជន​សង្ស័យ​បាន​ប្រើ​កាំភ្លើង​ប្រភេទ អាកា បាញ់​មក​លើ​សមត្ថកិច្ច ជាច្រើន​គ្រាប់ ហើយ​សមត្ថកិច្ច បាន​បាញ់​តប​វិញ​ដើម្បី​ការពារ​ខ្លួន។ ជន​ប្រដាប់​អាវុធ​បាន​រត់​គេច​ខ្លួន​រួច​នៅ​សល់​តែ​ពីរ​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​នឹង​ថ្នាំញៀន​ជិត ២ គីឡូក្រាម។

លោក វ៉ាន់ឌី បាន​បន្ត​ទៀត​ថា៖ «យើង​មិន​ដឹង​ថា ពួក​ជន​ល្មើស​មាន​គ្នា​ប៉ុន្មាន​នាក់​ទេ​តែ​ពួក​វា​បាន​បាញ់​កាំភ្លើង​វែង​ដែល​អាច​ជា អាកា ៤៧។ សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​យើង​ត្រូវ​របួស​បន្តិច​បន្តួច​ដែរ»។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ក្រុម​ជន​សង្ស័យ​ទាំង​នោះ អាច​មាន​ជនជាតិ​ខ្មែរ​នៅ​ក្នុង​នោះ​ដែរ ដែល​ជា​អ្នក​ចាំ​ការពារ​និង​នាំ​ផ្លូវ ដើម្បី​នាំ​ថ្នាំ​ញៀន​មក​លក់​បន្ត​នៅ​ក្នុង​ទឹក​ដី​ខ្មែរ៕

អត្ថបទគួរចាប់អារម្មណ៍