សៀមរាបៈ បន្ទាប់ពីមនុស្ស ៧ នាក់បានស្លាប់ដោយសារតែគ្មានអ៊ុកស៊ីហ្សែន នៅបាតអណ្តូងដែលមានជម្រៅ ៥ ម៉ែត្រនៅពេលពួកគេបានចុះទៅយកលុយដែលជ្រុះ ៣ ពាន់រៀលនៅភូមិមួយក្នុង ស្រុកបន្ទាយស្រី កាលពីថ្ងៃសៅរ៍ អ្នកស្រុកដែលភ័យស្លន់ស្លោ មានគម្រោងវាយកម្ទេចអណ្តូងទឹកទាំងអស់នៅក្នុងភូមិចោល ដើម្បីចៀសវាងសោកនាដកម្មបែបនេះកើតឡើងទៀត។
លោក ទឹម អ៊ី មេឃុំ រំចេក ក្នុង ស្រុកបន្ទាយស្រី បានឲ្យដឹងថា អ្នកដែលរស់នៅក្នុងឃុំនេះ មានការភ័យខ្លាចថា ឧបទ្ទវហេតុនេះ អាចកើតឡើងម្តងទៀត។
លោកបន្តថា៖ «ពួកគេបានស្នើឲ្យយើង ប្រើប្រាស់គ្រឿងចក្រជីកយកខ្នោះអណ្តូង ហើយចាក់ដីលុបបំពេញដើម្បីចៀសវាងគ្រោះថ្នាក់ដល់អ្នកផ្សេងទៀត»។ នៅក្នុង ឃុំរំចេក មានអណ្តូងទឹកប្រមាណ ៣០ ប៉ុន្តែមានតែអណ្តូងប្រមាណ ១០ ប៉ុណ្ណោះដែលអ្នកភូមិកំពុងប្រើប្រាស់ដោយអ្នកភូមិជាច្រើនទៀតប្រើប្រាស់អណ្តូងស្នប់។
លោកបញ្ជាក់ថា៖ «យើងមិនទាន់កំណត់កាលបរិច្ឆេទនៃការវាយកម្ទេចអណ្តូងទាំងនោះទេ ព្រោះសមាជិកគ្រួសាររបស់ជនរងគ្រោះ រវល់ជាប់ធ្វើបុណ្យសព»។
លោកបន្តថា មិនមាននរណាម្នាក់ដាក់ពាក្យបណ្តឹងប្រឆាំងនឹងម្ចាស់អណ្តូងទេ ព្រោះការស្លាប់នេះ ជារឿងអចេតនា។
រឿងដែលធ្វើឲ្យមនុស្សស្លាប់ដល់ទៅ ៧ នាក់ បានកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍ នៅពេលដែលឪពុកគ្រួសារក្រីក្រមួយ បានជ្រុះដែកកេះនឹងប្រាក់ ៣ ពាន់រៀលទៅក្នុងអណ្តូងជម្រៅ ៥ ម៉ែត្រ។ នៅពេលកូនរបស់គាត់បីនាក់ បានឮថា ជ្រុះលុយ ពួកគេចង់ទៅយកលុយវិញ។ ពួកគេក៏បានចុះអណ្តូងជាបន្តបន្ទាប់ប៉ុន្តែមិនបានឡើងមកវិញទេ។ អ្នកជិតខាង ៤ នាក់ទៀតបានចុះទៅជួយ ហើយក៏បានស្លាប់ជាបន្តបន្ទាប់ដូចគ្នា។ អាជ្ញាធរជឿថា កម្រិតអ៊ុកស៊ីហ្សែនតិច បានបង្កឲ្យជនរងគ្រោះថប់ដង្ហើមស្លាប់។ មនុស្ស ៧ នាក់ដែលស្លាប់នោះមានក្មេង ៤ នាក់។ អ្នកភូមិក្នុងឃុំនេះជាច្រើន ដែលបានសម្ភាសកាលពីថ្ងៃម្សិលមិញ បានឯកភាពចំពោះការប៉ុនប៉ងលុបអណ្តូងទឹកក្នុងភូមិទាំងអស់ចោល។
អ្នកស្រី ពុយ កាំង វ័យ ៤៨ឆ្នាំ ជាម្ចាស់អណ្តូងនៅ ភូមិសាលាក្រវាន់ ឃុំរំចេក និងជាសាច់ញាតិរបស់ក្មេងបីនាក់ដែលស្លាប់ បានថ្លែងកាលពីថ្ងៃម្សិលមិញថា អ្នកស្រីនឹងកម្ទេចអណ្តូងនេះចោល។ «ក្មេងបីនាក់ដែលបានស្លាប់ក្នុងអណ្តូងនោះ ជាក្មួយប្រុស ក្មួយស្រីរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍រន្ធត់ចំពោះពួកគេ។ ខ្ញុំខ្លាចថា វានឹងកើតមានជាថ្មីចំពោះកូនខ្ញុំ ឬមនុស្សផ្សេងទៀតនៅថ្ងៃណាមួយ ដូច្នេះខ្ញុំ នឹងកម្ទេចវាចោលបន្ទាប់ពីខ្ញុំធ្វើបុណ្យហើយ»។
អ្នកភូមិម្នាក់ទៀតឈ្មោះ យុក ហើល វ័យ ៦៤ឆ្នាំ បានថ្លែងថា លោកមានគម្រោងកម្ទេចអណ្តូងចំណាស់ ១០ ឆ្នាំរបស់លោកចោលដោយមូលហេតុដូចគ្នា។ «ចៅរបស់ខ្ញុំ និងកូនខ្ញុំ ក្នុងភូមិនេះជារឿយៗ លេងនៅជុំវិញអណ្តូងនេះ ប៉ុន្តែខ្ញុំ មិនដែលគិតថា វាមានគ្រោះថ្នាក់ដល់ពួកគេទេ»។
លោក មុយ ណន អធិការស្តីទី ស្រុកបន្ទាយស្រី បានថ្លែងពីម្សិលមិញថា៖ «អាជ្ញាធរមិនហាមឃាត់ពួកគេ មិនឲ្យកម្ទេចអណ្តូងចោលនោះទេ ប៉ុន្តែជារឿយៗ យើងតែងតែប្រាប់ពួកគេឲ្យប្រុងប្រយ័ត្ន ព្រោះនេះជាពេលគ្រោះថ្នាក់លើកទីពីរហើយ សម្រាប់អ្នកភូមិនៅស្រុកនេះ។ មានមនុស្សម្នាក់បានស្លាប់ក្នុងអណ្តូងមួយដែរ កាលពីពីរ-បីឆ្នាំកន្លងមក»៕ NR