កណ្តាលៈចៅអធិការវត្តមង្គលវណ្ណារាម នៅស្រុកពញាឮ ខេត្តកណ្តាល ដែលរងការចោទពីស្ត្រីម្នាក់ថាបានពពោះជាមួយហើយទាមទារឲ្យផ្សឹកចេញនោះត្រូវពុទ្ធបរិស័ទជើងវត្តជាង១០០នាក់ ការពារឲ្យគង់ជាចៅអធិការវត្តបន្ត ខណៈអនុគណស្រុកសុំនិមន្តឲ្យចេញពីវត្តបណ្តោះអាសន្ន។
លោក ឃឹម សុផល មេឃុំកោះចិន បានប្រាប់ឲ្យដឹងថា រឿងរ៉ាវព្រះចៅអធិការវត្តមង្គលវណ្ណារាម នាម សំ សារឿន ត្រូវស្រ្តីម្នាក់ថានៅទីក្រុងភ្នំពេញមកអះអាងប្តឹងអាជ្ញាធរស្រុក ដោយចោទព្រះតេជគុណ សំ សារឿន ថាបានរំលោភនាងរហូតមានផ្ទៃពោះ៦ខែ ហើយដែលរឿងរ៉ាវនេះធ្វើឲ្យពុទ្ធបរិស័ទក្នុងភូមិព្រែកជីក ខ្លះខឹងសម្បានិងខ្លះគាំទ្រលោក។
លោកមេឃុំបន្តថា ពុទ្ធបរិស័ទដែលមិនគាំទ្រលោកមិនដឹងមានប៉ុន្មានទេ តែខាងអ្នកគាំទ្រលោកចៅអធិការវិញ មានប្រមាណជា១០០ទៅ២០០នាក់ ហើយរឿងចៅអធិការអង្គនេះ អាជ្ញាធរស្រុកនិងអនុគណស្រុកបានកោះហៅភាគីទាំងសងខាងមកដោះស្រាយម្តងហើយកាលពីថ្ងៃទី១៧ តុលាកន្លងមក។ ប៉ុន្តែ មិនឃើញមានឲ្យសងជាលុយកាក់ទៅខាងស្រ្តីអីទេ ហើយខាងស្រីនៅតែចោទប្រកាន់លោកចៅអធិការវត្តថា រំលោភនាងដល់មានផ្ទៃពោះនិង មិនព្រមទទួលខុសត្រូវដដែល។
លោកឲ្យដឹងថា ភាគីខាងស្រីបានសុំទៅអនុគណស្រុកពញាឭឲ្យផ្សឹកចៅអធិការអង្គនេះ ហើយទាមទារឲ្យទទួលខុសត្រូវលើរូបនាង ប៉ុន្តែខាងចៅអធិការវត្តមិនព្រមតាមការស្នើនោះឡើយ។
លោកមេឃុំប្រាប់ថា៖ «រឿងនេះមិនទាន់ចប់ទេ ប៉ុន្តែ ខាងអនុគណស្រុកបានស្នើឲ្យចៅអធិការវត្តកែប្រែនិងឲ្យលោកនិមន្តចេញពីវត្តមួយរយៈសិនប៉ុន្តែរហូតដល់ពេលនេះ អធិការវត្ត សំ សារឿននៅតែបន្តគង់ក្នុងតួនាទីជាចៅអធិការវត្តនេះដដែល។
លោកមេឃុំបញ្ជាក់ថា គ្រូចៅអធិការ សំ សារឿន នៅមិនទាន់ពេញសិទ្ធិជាចៅអធិការវត្តទេ ព្រោះលោកមិនទាន់បានបំពេញកិច្ចតែងតាំងជាផ្លូវការពីមេគណខេត្តកណ្តាលនៅឡើយ។
លោក ថ្លាង ពិនរ៉ា អធិការនគរបាលស្រុកពញាឮកាលពីម្សិលមិញបានប្រាប់ថា ថ្វីត្បិតតែមានការចូលរួមដោះស្រាយក្នុងនាមជាអាជ្ញាធរដែនដី ប៉ុន្តែលោកសុំមិនបកស្រាយរឿងនេះទេ។
អនុគណស្រុកពញាឮ និងចៅអធិការ សំ សារឿននិងស្រ្តីដើមចោទ មិនអាចទាក់ទងបានទេ។
ព្រះបាឡាត់ខេត្តកណ្តាលព្រះនាម ជា សំអាង មានថេរដីកាថា រឿងនេះកំពុងតែដោះស្រាយមិនទាន់ស្រេចនៅឡើយ៕