
ភ្នំពេញៈ សាលាឧទ្ធរណ៍ក្នុងសវនាការកាលពីម្សិលមិញបើទោះជាជនជាប់ឆ្លើយដោះសារថា គ្មានបំណងនឹងរាលកៃកាំភ្លើងក៏ដោយ ក៏ចៅក្រមជំនុំជម្រះសម្រេចតម្កល់ទោសជនជាប់ចោទឲ្យជាប់ពន្ធនាគារ ១០ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្តទៅដើមបណ្តឹងជាជនរងគ្រោះចំនួន ២០ លានរៀនដដែល ក្រោមការចោទពីបទប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធខុសច្បាប់និងកំហែងតាមការសម្រេចរបស់តុលាការថ្នាក់ក្រោម។
លោកចៅក្រម អ៊ុំ សារិទ្ធ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បានប្រកាសក្នុងសវនាការកាលពីម្សិលមិញថា ឈ្មោះ យូ សុកគារ ហៅ ម៉ៅ អាយុ ២៩ឆ្នាំ ដែលសាលាដំបូងរាជធានី ចោទប្រកាន់និងផ្តន្ទាទោសឃុំខ្លួន ១០ឆ្នាំ និងដាក់ទោសគូកនឈ្មោះ គង់ ដារ៉ា អាយុ ៤៤ឆ្នាំ ឲ្យជាប់ទោស ២ឆ្នាំ តែដាក់ឃុំខ្លួនតែ ១ ឆ្នាំនោះទាំងដើមចោទ និងចុងចោទ (សុកគារ) បានប្តឹងទាស់មកសាលាឧទ្ធរណ៍ដូចគ្នា។
ក្នុងសវនាការលោកចៅក្រមថ្លែងថា៖ «ជនរងគ្រោះប្តឹងទាស់មកឧទ្ធរណ៍ទារសំណង ១ ម៉ឺន ២ ពាន់ដុល្លារខណៈសាលាដំបូងសម្រេចឲ្យសង ២០ លានរៀល។ ចំណែកជនជាប់ចោទក៏ប្តឹងទាស់នឹងការសម្រេចផ្តន្ទាទោសឃុំខ្លួន ១០ឆ្នាំ របស់តុលាការថ្នាក់ក្រោមដែរ»។
តាមអង្គហេតុ ឈ្មោះ យូ សុកគារ ហៅ ម៉ៅ និងឈ្មោះ គង់ ដារ៉ា បានស្ទាក់ទារលុយពីម្ចាស់រថយន្តម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2C-3315 ឈ្មោះ ឌី វិចិត្រ នៅម៉ោង ៣ ទៀបភ្លឺថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០១៣ ជិតដីឡូត៍មួយក្នុង សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយពួកគេទាំង ២នាក់ បើកម៉ូតូដេញតាមទារលុយ ២ ពាន់រៀលប្រមាណជា ៥ គីឡូម៉ែត្រដីតែដោយសារឡានមិនព្រមឈប់ យូ សុកគារ ក៏យកដុំថ្មគប់បណ្តាលឲ្យបែកកញ្ចក់ឡានពីក្រោយហើយក្នុងពេលម្ចាស់ឡាន (ជនរងគ្រោះ) ចុះមកមើលឡានក៏ត្រូវ សុកគារ ដកកាំភ្លើងកា-៥៩ បាញ់ត្រូវម្ចាស់ឡាន ១ គ្រាប់លើដោះខាងឆ្វេងធ្លាយទៅក្រោយសន្លប់ផង។ ក្រោយការស៊ើបអង្កេតនៅថ្ងៃបន្ទាប់ (២៨ ខែមករា) ជនជាប់ចោទទាំង ២ នាក់ក៏ត្រូវនគរបាលយុត្តិធម៌ចាប់ខ្លួនបញ្ជូនមកសាលាដំបូងរាជធានី។
សំណុំរឿងនេះ ជនជាប់ចោទត្រូវសាលាដំបូងរាជធានីបើកសវនាការកាត់ទោសនៅថ្ងៃ ទី៧ ខែឧសភា ឆ្នាំ២០១៣ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ យូ សុកគារ ១០ ឆ្នាំនិងឲ្យសងទៅជនរងគ្រោះ ២០ លានរៀល ឯឈ្មោះ គង់ ដារ៉ា ត្រូវផ្តន្ទាទោស ២ឆ្នាំ ពីបទកំហែងយកតែបានដាក់ឃុំតែ ១ ឆ្នាំ និងព្យួរទោសនៅសល់តាមអំណាចសាលក្រមចុះថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០១៣។
ក្នុងសវនាការដែលអវត្តមានជនរងគ្រោះ ឈ្មោះ យូ សុកគារ បានប្រាប់ចៅក្រមថា ខ្លួនជាមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនក្រុងតែដោយជីវភាពក្រីក្រក៏នាំគ្នាទៅស្ទាក់ចាំចាប់ឡានយកលុយ ហើយនៅយប់ថ្ងៃកើតហេតុនោះ ជនរងគ្រោះបានឈប់ឡាននិងយកដែកបំពង់ទីបបម្រុងវាយមកលើខ្លួនទើបបានដកកាំភ្លើងហើយរាលកៃទៅត្រូវជនរងគ្រោះរបួស។
សុកគារ និយាយថា៖ «ខ្ញុំរាលកៃកាំភ្លើង ខ្ញុំមិនបានបាញ់គាត់ទេ សូមតុលាការមេត្តាបន្ធូរបន្ថយទោសដល់រូបខ្ញុំ»។
លោក នូ ចន្ថា មេធាវីចាត់តាំងការពារសិទ្ធិជនជាប់ចោទថ្លែងថា តាមចម្លើយកូនក្តីលោកនៅ គ្រប់ដំណាក់ និងនៅក្នុងសវនាការថ្ងៃនេះ ថាគាត់បានរាលកៃកាំភ្លើងហើយគាត់ប្តឹងទាស់ ព្រោះសាលាដំបូងដាក់ទោស ១០ឆ្នាំ វាធ្ងន់ធ្ងរពេក។
លោកមេធាវីថា៖ «កូនក្តីខ្ញុំ មានកំហុសប៉ុន្តែសូមតុលាការមេត្តាបន្ថយទោសដល់គាត់»។
លោកព្រះរាជអាជ្ញា ង៉ែត សារ៉ាត់ តំណាងមហាអយ្យការថ្លែងថា ជនជាប់ចោទបានប្រើតួនាទីទៅគំរាមកំហែងប្រជាជន ធ្វើឲ្យប្រជាជនគ្មានទំនុកចិត្តលើប៉ូលិសហើយធ្វើខុសច្បាប់ ដូច្នេះផ្អែកតាមអង្គហេតុជនជាប់ចោទពិតជាបានបាញ់ជនរងគ្រោះដូចនេះសូមក្រុមប្រឹក្សាពិចារណានិង តម្កល់ទោសពួកគេ។
ក្រោយពីក្រុមប្រឹក្សាថយទៅពិចារណាមិនប៉ុន្មាននាទីមក លោក អ៊ុំ សារិទ្ធ ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះបានប្រសសម្រេចតម្កល់ទោសជនជាប់ចោទតាមការសម្រេចរបស់តុលាការថ្នាក់ក្រោមដដែល ព្រោះជនជាប់ចោទមិនព្រមសារភាពពីទោសកំហុស និងបើកសិទ្ធិប្តឹងសារទុក្ខទៅតុលាការកំពូលបើមិនសុខចិត្ត៕