កំពតៈ មន្រ្តីសមត្ថកិច្ចខេត្ត កែប បាននិយាយថា លោកអភិបាលខេត្ត កែប និងកូនស្រីរបស់លោករងរបួសស្រាល ខណៈពេលដែលភរិយារបស់លោកបានស្លាប់បាត់បង់ជីវិតក្នុងករណី ក្រឡាប់រថយន្តកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែ មករា នៅក្នុងស្រុក ទឹកឈូ។
លោក អ៊ឹង សំអុល ស្នងការខេត្ត កែប បានថ្លែងថា លោក កែន សត្ថា អភិបាលខេត្ត កែប បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយក្រឡាប់ឡាន នៅពេលដែលលោកធ្វើដំណើរមកពីខេត្ត កំពត តាមបណ្តោយផ្លូវជាតិលេខ ៣៣ ដែលកំពុងតែធ្វើការជួសជុល។
លោកបានឲ្យដឹងទៀតថា៖ «លោកអភិបាលខេត្ត និងកូនស្រីមិនមានការរងរបួសធ្ងន់ធ្ងរអីនោះទេ ប៉ុន្តែជាអកុសល និងគួរឲ្យសោកស្តាយបំផុតសម្រាប់មន្រ្តី និងប្រជាពលរដ្ឋក្នុងខេត្តនោះគឺការបាត់បង់នូវភរិយារបស់គាត់គឺ លោកស្រី សុង សុរីដែត វ័យ ៦០ឆ្នាំ»។
លោក អ៊ឹង សំអុល និយាយថា៖ «ប្រសិនបើលោកអភិបាលខេត្តមិនគេចពីម៉ូតូនោះទេ គ្រួសាររបស់លោកក៏មិនមានគ្រោះថ្នាក់ដូចនេះដែរ ប៉ុន្តែលោកបានគេចពីម៉ូតូដែលបើកតម្រង់មកឡានលោក ដែលម៉ូតូនោះពុំមានភ្លើងបំភ្លឺ មានដឹកជាលសម្រាប់ផ្ទុកអីវ៉ាន់ និងមានឌុបកូន និងប្រពន្ធផងដែរ»។
លោកបានបន្តទៀតថា លោកមិនមានការចាប់ ឬឃាត់ខ្លួនអ្នកបើកបរម៉ូតូនោះទេ ដោយសារលោកអភិបាលខេត្តមិនមានដាក់ពាក្យបណ្តឹងមកខាងសមត្ថកិច្ច ហើយលោកក៏មិនទាន់ដឹងដែរថា តើលោកអភិបាលខេត្តដាក់ពាក្យបណ្តឹងឬអត់នោះទេ ដោយរង់ចាំពិធីបុណ្យសពរួចរាល់សិន។ សពរបស់លោកស្រី សុង សុរីដែត នឹងធ្វើការបូជានៅថ្ងៃចន្ទនេះ៕