ភ្នំពេញៈ ពលករខ្មែររងគ្រោះចំនួន៦នាក់ នឹងធ្វើមាតុភូមិនិវត្តន៍ពីប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងមួយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក កុយ គួង បានសរសេរ នៅក្នុងសេចក្ដីជូនដំណឹងនោះ ថា តាមសំណើរបស់ក្រសួងការបរទេស កម្ពុជា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM)ជួយបញ្ជូន ពលករខ្មែររងគ្រោះដោយការជួញដូរមនុស្ស ចំនួន៦ នាក់ ក្នុងចំណោម១៦នាក់ដែលស្ថានទូតកម្ពុជា ប្រចាំម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ជួយសង្គ្រោះនាពេលកន្លងមក។
លោកបានបញ្ជាក់នៅក្នុងលិខិតនោះទៀតថា៖«ពលរដ្ឋរងគ្រោះទាំងនេះ ត្រូវបានមេខ្យល់បោកបញ្ឆោតយកទៅធ្វើការដោយខុសច្បាប់លើទូកនេសាទថៃ ហើយត្រូវបានសង្គ្រោះនៅពេលទូកនេសាទនេះចូលនេសាទខុសច្បាប់ក្នុងដែនទឹកម៉ាឡេស៊ី»។ ប្រជាពលករខ្មែររងគ្រោះដែលនៅសេសសល់ក្រសួងការបរទេសកម្ពុជានឹងបន្តសហការជាមួយអង្គការ (IOM) ដើម្បីធ្វើមាតុភូមិនិវត្តន៍ពួកគេមកកម្ពុជាវិញជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះ៕