កំពង់ធំៈ ជនសង្ស័យប្រើប្រាស់និងជួញដូរគ្រឿងញៀន ៣០ នាក់ ក្នុងនោះ មានមន្ត្រីប៉ូលិសខេត្ត ដែលទើបចូលថ្មី ២នាក់ និងសិស្សវិទ្យាល័យ ៩ នាក់ ត្រូវបានបង្ក្រាបក្នុងប្រតិបត្តិការរយៈពេល ២ ថ្ងៃ ក្នុងទីតាំងចែកចាយនិងសេពគ្រឿងញៀនជាច្រើនកន្លែង នៅក្នុងសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ស្នងការរងខេត្តកំពង់ធំនិងជាប្រធានការិយាល័យប្រឆាំងបទល្មើសកណ្តាលសេដ្ឋកិច្ច លោក កែវ សុផល បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី ៣១ ខែមីនានិងថ្ងៃទី១ ខែមេសា ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នូវមុខសញ្ញាទីតាំងសំខាន់ៗ ដែលមានក្លិបកម្សាន្ត និងរមណីយដ្ឋាន ខារ៉ាអូខេ ដែលជាចំណុចប្រមូលផ្តុំនៃការចែកចាយគ្រឿងញៀន បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីបណ្តាញស៊ើបអង្កេត។
លោកបន្តថា៖ «ក្នុងនោះ មានក្រុមអ្នកប្រើប្រាស់ និងក្រុមអ្នកចែកចាយ។ យើងរកឃើញមានសិស្សវិទ្យាល័យអាយុចន្លោះពី ១៦ ដល់ ២១ ឆ្នាំ ដែលខ្លះជាអ្នកប្រើប្រាស់ និងខ្លះជាអ្នកជួញដូរ ចំណែកក្រៅពីនោះជាពលរដ្ឋធម្មតា ដែលប្រើប្រាស់និងជួញដូរ ហើយក្នុងនោះដែរ ក៏មានមន្រ្តីប៉ូលិសពីរនាក់ផង»។
លោក កែវ សុផល បន្តឲ្យដឹងថា៖ «តាមចម្លើយរបស់មន្រ្តីប៉ូលិសថ្មីពីរនាក់នោះ គឺពួកគេ គ្រាន់តែរួមដំណើរលើម៉ូតូរបស់មិត្តភក្តិដែលជាអ្នកប្រើប្រាស់ និងជួញដូរតែប៉ុណ្ណោះ ប៉ុន្តែពួកគេមិនបានដឹងមុនថា មិត្តរបស់ខ្លួនកំពុងល្មើសទេ ម្ល៉ោះហើយ យើងបានណែនាំពួកគេ ហើយបញ្ជូនទៅឲ្យអង្គភាពក្រោមឱវាទធ្វើការណែនាំ»។
ទោះយ៉ាងណាលោក កែវ សុផល បានបដិសេធបញ្ជាក់នូវអត្តសញ្ញាណនៃមន្រ្តីប៉ូលិសទាំង ២ នាក់នោះ ក៏ដូចជាប្រភេទនៃគ្រឿងញៀនដែលរឹបអូសបាន។
លោកបន្តថា ក្នុងចំណោម ៣០ នាក់នេះ មាន ២១ នាក់ ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត ចំណែក ៤ នាក់ ដែលប្រើប្រាស់ជាលើកដំបូងត្រូវបញ្ជូនទៅមណ្ឌលបន្សាបថ្នាំញៀននិងអ្នកសេសសល់ ត្រូវធានាយកទៅវិញដោយអាណាព្យាបាល។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដែលដឹកនាំប្រតិបត្តិការនេះបានឲ្យដឹងពីម្សិលមិញថា៖ «សមត្ថកិច្ចបានបញ្ជូន ជនសង្ស័យទៅឃុំនៅពន្ធនាគារកាលពីល្ងាចថ្ងៃពុធ ដោយចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ដែលតុលាការ នឹងចាត់ការឆាប់ៗនេះ»។
យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញផ្សាយនៅចុងខែមករាកន្លងទៅបានឲ្យដឹងថា ក្នុងឆ្នាំ ២០១៤ បទល្មើសគ្រឿងញៀន មានចំនួន ១ ៣៣៧ ករណី ក្នុងនោះបង្ក្រាបដោយសមត្ថកិច្ចនគរបាលជាតិចំនួន ៩៩៦ ករណីនិងដោយកងរាជអាវុធហត្ថចំនួន ៣៤១ ករណី។ តួលេខនេះកើន ៥០,៣៩ ភាគរយ បើធៀបនឹងឆ្នាំ ២០១៣ ដែលមានត្រឹមតែ ៨៨៩ ករណី។
ជាមួយគ្នានេះអាជ្ញាធរ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣ ១៤២ នាក់ ក្នុងនោះ មានស្រី ៤២៥ នាក់ គឺកើនឡើង ៧១,៦៩ ភាគរយ ធៀបនឹងឆ្នាំ ២០១៣ ដែលមានត្រឹម ១ ៨៣០នាក់៕