បាត់ដំបងៈ ភរិយាបុរសម្នាក់ដែលស្លាប់ក្នុងអំពើវាយប្រហារដោយកូនប្រុស មន្ត្រីនគរបាលម្នាក់ នៅថ្ងៃដំបូងនៃថ្ងៃបុណ្យចូលឆ្នាំត្រូវមន្ត្រីកងរាជអាវុធហត្ថ អះអាងថាដាក់ពាក្យបណ្ដឹងមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងឲ្យជួយរកយុត្តិធម៌កាលពីម្សិលមិញ ខណៈនគរបាលមូលដ្ឋានរាយការណ៍ថា ប្ដីរបស់គាត់ស្លាប់ដោយជំងឺខ្យល់គរ។
លោក សំ វីឡុង មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងបាត់ដំបងបានប្រាប់ឲ្យដឹង កាលពីម្សិលមិញថា អ្នកស្រី រឿន ណាត អាយុ២១ឆ្នាំ ភរិយាជនរងគ្រោះ បានធ្វើពាក្យដាក់ប្ដឹងមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ដោយទាត់ចោលរបាយការណ៍របស់នគរបាលនឹងទាមទាររកយុត្តិធម៌។
លោកថ្លែងថា៖«ភរិយាជនរងគ្រោះអះអាងក្នុងពាក្យបណ្ដឹងថា ប្ដីគាត់ឈ្មោះ សុខ សោមុន្នី អាយុ២៩ឆ្នាំ បានស្លាប់ ដោយសារការវាយប្រហារពីជនដៃដល់ឈ្មោះ រម្យ ចាន់ឌី ត្រូវជាកូនប្រុសរបស់មន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ នៅក្នុងសង្កាត់ព្រែកព្រះស្ដេច»។
លោកបញ្ជាក់ថា តាមការបំភ្លឺពីសាក្សីបានអះអាងស្រដៀងគ្នា នឹងការរៀបរាប់ក្នុងពាក្យបណ្ដឹងដែរ ជនរងគ្រោះបានស្លាប់បន្ទាប់ពីជនដៃដល់ដាល់មួយដៃចំថ្គាមខាង ឆ្វេង និងទាត់ចំកញ្ចឹងក រួចបានគេចខ្លួនភ្លាមៗនោះ។
លោកបន្តថា៖«យើងកំពុងតែកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីសុំដីកាចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោស»។
ប៉ុន្តែ លោក ស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងអះអាងថា តាមមន្ត្រីផ្នែកកោសល្យវិច័យផ្អែកលើការពិនិត្យរកឃើញថា ជនរងគ្រោះស្លាប់អាចមកពី«ជំងឺខ្យល់គរ» ព្រោះគេរកឃើញឈាមកកនៅចុងម្រាមនិងបាតដៃនិងមានហូរទឹកកាម ចេញមកក្រៅផង ខណៈមានស្នាមរលាត់ស្បែកក្បាល ស្នាមដាច់រលាត់នៅលើស្មាខាងស្ដាំ និងឆ្អឹងជំនីរ ព្រមទាំងបែកពពុះមាត់ផងនោះ។
លោកថ្លែងថា៖«ដ្បិតតែរបាយការណ៍មន្ត្រីជំនាញផ្នែកកោសល្យវិច័យសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់មកពីជំងឺខ្យល់គរក្ដី តែយើងនៅតែចាត់ទុកករណីនេះជាករណីមនុស្សឃាតដោយអចេតនា ព្រោះជនរងគ្រោះមិនមែនដេកឬដួលស្លាប់ដោយឯកឯងទេ គឺស្លាប់ក្រោយការប្រទូស្តរាយជាមួយជនសង្ស័យ»។
លោកបន្ថែមថា៖ «យើងកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើ ដើម្បីបញ្ជូនទៅឲ្យតុលាការចាត់វិធានការតាមផ្លូវច្បាប់»៕