កំពង់ធំៈ ភ្នាក់ងារទូរទស្សន៍ជាតិកម្ពុជាម្នាក់ ប្រចាំខេត្តកំពង់ធំត្រូវសមត្ថកិច្ចក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍ពាក់ព័ន្ធករណីឆបោកប្រាក់ជិត២០ម៉ឺនដុល្លារអាមេរិក ប៉ុន្តែខាងសាច់ញាតិថា ជំពាក់បំណុលតែជាង៤ម៉ឺនដុល្លារប៉ុណ្ណោះ។
លោក វ៉ន ភ័ណ្ឌ អធិការរងស្រុកស្ទោងប្រាប់ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថា ជនសង្ស័យឈ្មោះ ហ៊ាង លីហាក់ អាយុ៤៣ឆ្នាំ ភ្នាក់ងារព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ប្រចាំខេត្តកំពង់ធំ ត្រូវនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួននៅព្រឹកថ្ងៃសៅរ៍ នៅក្នុងហាងកាហ្វេ ស្ថិតក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង។
លោកបន្តថា ការចាប់ខ្លួនជននេះ ធ្វើឡើងតាមដីការបស់ព្រះអាជ្ញារងនៃសាលាដំបូងរាជធានីលោកឯក ឆេងហួត ចុះថ្ងៃទី៣១ឧសភា ឆ្នាំ២០១៣ និងតាមបណ្ដឹងឈ្មោះ សាន់ ហ្គិចវ៉ា រស់នៅខេត្តសៀមរាប។
លោកប្រាប់ថា៖ «តាមដីកានោះជននេះត្រូវចោទប្រកាន់ពីបទរំលោភលើសេចក្ដីទុកចិត្ត។ និងបានបញ្ជូនទៅភ្នំពេញភ្លាមៗក្រោយពីចាប់ខ្លួន»។
លោក ម៉ាន់ សារ៉ាន់ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានប្រាប់ថា លោកធ្លាប់ឮតគ្នាថា លីហាក់ ធ្លាប់ខ្ចីលុយគេជាច្រើននាក់មករកស៊ី តែមុខជំនួញគាត់បរាជ័យ ហើយត្រូវម្ចាស់បំណុលតាមទារនិងព្រមានប្ដឹងគាត់ទៅតុលាការផង។ លុះព្រឹកថ្ងៃទី០១ ខែមិថុនា គាត់ក៏ត្រូវចាប់ខ្លួននិងបញ្ជូនទៅភ្នំពេញតែម្តង។
លោកបញ្ជាក់ថា៖ «មកទល់ពេលនេះខ្ញុំនៅមិនទាន់ដឹងថា ករណីនេះត្រូវគេដោះស្រាយរួចឬ យ៉ាងណានោះទេ»។
លោក ឯក ឆេងហួត ព្រះរាជអាជ្ញារងអមសាលាដំបូងភ្នំពេញពីម្សិលមិញថ្លែងប្រាប់ថា ករណីនេះស្ថិតនៅក្នុងដៃនគរបាលក្រសួងមហាផ្ទៃនៅឡើយ។ ចំណែកលោក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃប្រាប់ថា លោកជាប់ភារកិច្ចនៅខេត្តបាត់ដំបង ដូច្នេះមិនអាចជម្រាបបាននៅឡើយទេ។
លោក ប៉ាង ណាត អគ្គនាយករងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ករណីនេះលោកក៏មិនច្បាស់ដែរ ប៉ុន្តែជនសង្ស័យធ្លាប់ត្អូញត្អែរពីកង្វល់ក្នុងគ្រួសារប្រាប់បុគ្គលិកឯ ទៀតថា បងប្អូនគាត់ពីរនាក់ជាអ្នកខ្ចីលុយគេទៅបើកហាងរកស៊ី ដោយរូបគាត់ជាអ្នកធានា ក្រោយមកគេរកស៊ីខាតដើម គ្មានលុយសងម្ចាស់បំណុល ជាហេតុធ្វើឲ្យម្ចាស់បំណុលតាមរករឿងគាត់ស្ទើរធ្វើការមិនកើត។
លោកបន្តថា៖«តាមព័ត៌មានពីមន្ត្រីព័ត៌មានរបស់ខ្ញុំមួយចំនួនថា ក្រោយពីសមត្ថកិច្ចសួរនាំរួច និងបន្ទាប់ពីម្ចាស់បំណុលព្រមឲ្យគាត់បង់រំលស់តាមដំណាក់ៗ នៅល្ងាចថ្ងៃអាទិត្យ គាត់ទំនងជាអាចត្រូវដោះលែងទៅវិញ»។
ប៉ុន្តែ លោក ឈុន ឡេង អាយុ៤០ឆ្នាំ ជាប្អូនថ្លៃលោក ហ៊ាង លីហាក់ ប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ការពិតបងប្រុសគាត់ជំពាក់ប្រាក់ម្ចាស់បំណុលត្រឹមតែ៤៤.០០០ដុល្លារ ប៉ុណ្ណោះ គឺគាត់ខ្ចីម្ដង៣ពាន់ទៅ៤ពាន់ដុល្លារ ហើយខ្ចីចំនួន១១លើក ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១២ មក។
លោកបន្ត ឲ្យដឹងថា នៅថ្ងៃកើតហេតុ គេឃើញសមត្ថកិច្ចនគរបាលបួននាក់មកពីក្រសួងមហាផ្ទៃ និងដើមបណ្ដឹងម្នាក់ ចូលទៅចាប់គាត់កំពុងតែផឹកកាហ្វេ។
លោកថ្លែងថា៖ «ពេលចាប់ខ្លួននោះបងថ្លៃខ្ញុំពាក់ខ្សែកមួយខ្សែ ប្លាកដៃមួយខ្សែ ចិញ្ចៀនប្លាទីន១វង់ ទូរស័ព្ទដៃបីគ្រឿង និង រថយន្ត Lexus 470 មួយគ្រឿង។ ទ្រព្យរបស់ទាំងនេះត្រូវបានរឹបអូសជាបណ្ដោះអាសន្ន»។
លោកបន្ថែមថា៖ «ក្រោយពីសាកសួររួចពុំមានភ័ស្ដុតាងដាក់បន្ទុកបងខ្ញុំភាគីម្ចាស់បំណុលទាមទារឲ្យបងប្រុសខ្ញុំសងប្រាក់ដែលបានខ្ចីទាំងអស់ បើពុំនោះគេនឹងមិនប្រគល់ទ្រព្យរបស់នោះវិញទេ ហើយក៏មិនឲ្យសមត្ថកិច្ចដោះលែងបងខ្ញុំដែរ។ ប៉ុន្តែក្រោយមកគេយល់ព្រមឲ្យបង់២ម៉ឺន៥ ពាន់ដុល្លារសិន»។ លោកប្រាប់ថា មកទល់ម៉ោង៤រសៀល ម្ចាស់បំណុលប្តូរចិត្តថា គេមិនប្រគល់រថយន្តនិងសម្ភារនោះឲ្យទេ លុះត្រាតែបងគាត់បង់លុយគ្រប់ចំនួន៤៤.០០០ដុល្លារ៕