កំពង់ធំៈ អ្នកឆ្លើយឆ្លងព័ត៌មានទូរទស្សន៍ជាតិកម្ពុជាប្រចាំខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌនៃ ក្រសួងមហាផ្ទៃដោះលែងវិញហើយបន្ទាប់ពីគាត់បានយល់ព្រមបង់សំណងឲ្យទៅម្ចាស់បំណុល។ នេះបើតាមការឲ្យដឹងពីមន្ត្រីនគរបាលការិយាល័យស៊ើបការណ៍ក្រសួងមហាផ្ទៃម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ។
តាមប្រភពពីមន្ត្រីដដែលនោះបានឲ្យដឹងកាលពីថ្ងៃទី៥ មិថុនា ថា លោក ហ៊ាង លីហាក់ អាយុ៤៣ឆ្នាំ ជាអ្នកឆ្លើយឆ្លងព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ដែលត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរិ៍ នៅក្នុងហាងកាហ្វេមួយ ស្ថិតនៅក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ពាក់ព័ន្ធនឹងករណីជំពាក់បំណុលអាជីវករម្នាក់នៅខេត្តសៀមរាបចំនួន ៤៤.០០០ ដុល្លារនោះ ត្រូវបានគេដោះលែងវិញហើយកាលពីរសៀលថ្ងៃទី៣ មិថុនា។
មន្ត្រីដដែលនោះបាននិយាយ ថា៖ «ការដោះលែងនោះបានធ្វើឡើងបន្ទាប់ពីគាត់បានយល់ព្រមសងលុយទៅម្ចាស់បំណុលតាមកិច្ចសន្យា»។
ទោះជាបែបណាក្ដីប្រភពមិនបានប្រាប់លម្អិតអំពីកិច្ចសន្យានោះទេ។ ប៉ុន្តែលោក ហ៊ាង លីហាក់ ដែលជាកូនបំណុលបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា មុនដំបូងម្ចាស់បំណុលគឺអ្នកស្រី សាន់ ហ្គិចវ៉ា បានទាមទារឲ្យរូបគាត់ជាកូនបំណុលសងលុយចំនួន២៥.០០០ដុល្លារ ក្នុងជំហានដំបូង ហើយបំណុលនៅសល់ប៉ុន្មានត្រូវបង់សងបង្គ្រប់ក្នុងជំហានបន្ទាប់ដោយសន្យាថា នឹងប្រគល់សម្ភារនិងរថយន្ត ដែលបានរឹបអូសពីគាត់កាលពីថ្ងៃចាប់ខ្លួនឲ្យមកវិញ។
លោកនិយាយថា៖ «ប៉ុន្តែខ្ញុំបាននិយាយថា ខ្ញុំមានលទ្ធភាព បង់ត្រឹម ២០.០០០ដុល្លារ ក្នុងជំហានដំបូង ហើយសល់ប៉ុន្មានខ្ញុំសុំបង់រំលស់ក្នុងមួយខែ ៥០០ដុល្លារ។ នៅពេលនោះម្ចាស់បំណុលក៏យល់ព្រម»។
លោកប្រាប់ឲ្យដឹងផងដែរថា លោកនឹងដាក់ពាក្យប្ដឹងប្រឆាំងនឹងបុគ្គលនៃអង្គភាពប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលបានធ្វើការផ្សព្វផ្សាយ«បំផ្លើសខុសការពិតក្នុងគោលបំណង មួលបង្កាច់បង្ខូចកេរ្តិ៍» របស់លោកដោយបានផ្សាយចោទប្រកាន់ថា លោកជា«ជនឆបោក»ប្រើប្រាស់ល្បិចកលបោកយកប្រាក់របស់អ្នកដទៃរហូតដល់ជិត២០ម៉ឺនដុល្លារប្រសិនបើ ពួកគេមិនបានធ្វើការសុំទោស ឬសរសេរកែតម្រូវលើការខុសឆ្គងនេះទេនោះ៕