ភ្នំពេញៈ មន្ដ្រីក្រសួងការងារនឹងចុះទៅកាន់រោងចក្រជីមលី នៅក្នុង ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើការសម្របសម្រួលករណីតវ៉ាទាមទាររបស់កម្មករបន្ទាប់ពីកម្មករជាង ២ ពាន់នាក់បានដង្ហែក្បួនមកកាន់ក្រសួងកាលពីព្រឹកថ្ងៃពុធ។
លោក សុំ សេន តំណាងកម្មករដែលចូលជួបជាមួយនឹងមន្រ្តីគណៈកម្មការដោះស្រាយវិវាទការងារនៅក្រសួងការងារបានប្រាប់ថា កម្មករសម្រេចចិត្តដើរ អ្នកខ្លះជិះរថយន្ត ម៉ូតូ និងម៉ូតូកង់បីឆ្ពោះមកក្រសួងការងារដែលមានចម្ងាយជាង ២០ គីឡូម៉ែត្រ ដើម្បីសុំការអន្តរាគមន៍ពីក្រសួង។
លោកថ្លែងថា៖ «កម្មករបានចេញដំណើរពីរោងចក្រពីម៉ោង ៧ ព្រឹក ដោយត្រូវសមត្ថកិច្ចឃាត់ ៤ ដង ប៉ុន្តែពុំមានអ្វីជាឧបសគ្គនោះទេ ដោយកម្មករបានព្យាយាមជម្នះដើររហូតមកដល់ក្រសួងបាន»។ លោកថា កម្មករបានបិទទ្វាររបងមុខក្រសួងមិនឲ្យបុគ្គលិកចេញរហូតមានការសម្របសម្រួល និងមកទទួលញត្តិពីកម្មករ។
លោក សុំ សេន បញ្ជាក់ថា៖ «លោក វង្ស សុវណ្ណ ដែលជាអនុប្រធានគណៈកម្មការដោះស្រាយវិវាទការងារបានទទួលញត្តិពួកយើង ហើយលោកថា លោកឬមន្រ្តីលោកនឹងចុះទៅកាន់រោងចក្រនៅព្រឹកស្អែកនេះដើម្បីជួបខាងរោងចក្រ ដោះស្រាយជូនកម្មករ»។
កម្មករបានសម្រេចចិត្តចេញពីក្រសួងនៅម៉ោង ២ រសៀលហើយពួកគេបានគំរាមធ្វើការបិទផ្លូវជាតិលេខ ៤ បើមន្រ្តីក្រសួងមិនចុះជួយដោះស្រាយជូនកម្មករ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករនិយាយថា កម្មករបាននាំគ្នាធ្វើការតវ៉ាដោយសាររោងចក្របញ្ឈប់ជាងភ្លើងមួយរូបដោយគ្មានមូលហេតុ ហើយក្រុមហ៊ុនក៏មិនឆ្លើយតបនឹងការដាក់លិខិតជូនដំណឹងពីការតវ៉ាដែរ។
លោកមានប្រសាសន៍ថា៖ «យើងដាក់លិខិតជូនដំណឹងមុនមួយសប្តាហ៍ អំពីការតវ៉ានេះ ប៉ុន្តែខាងរោងចក្រមិនបានឆ្លើយតបថានឹងដោះស្រាយឬអត់ទេ ជាហេតុនាំឲ្យកម្មករខឹង ក៏នាំគ្នាផ្ទុះការតវ៉ាតែម្តង»។
លោក ប៉ាវ ស៊ីណា បញ្ជាក់ពីចំណុចដែលកម្មករទាមទារទៅកាន់រោងចក្រថាមាន ៨ ចំណុច រួមមានឲ្យក្រុមហ៊ុនទទួលយកកម្មករម្នាក់ដែលបញ្ឈប់ឲ្យចូលធ្វើការវិញ ផ្តល់បាយថ្ងៃត្រង់ ៤០០០ រៀលក្នុង ១ ថ្ងៃផ្តល់ប្រាក់ធ្វើដំណើរឬស្នាក់នៅ ១៥ ដុល្លារក្នុង ១ ខែផ្តល់លុយព្រីម ១៨ ដុល្លារក្នុង ១ ខែ។ល។
លោក សោម ពិសិដ្ឋ ប្រធានរដ្ឋបាលរោងចក្រ ជីមលី បានបដិសេធធ្វើការអធិប្បាយកាលពីម្សិលមិញ៕