The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​សង្កាត់​បក្ស​សម​រង្ស៊ី បុក​ប្រជា​ការពារ​ភូមិ​ស្លាប់ សង​$៣​ពាន់




មន្ត្រី​សង្កាត់​បក្ស​សម​រង្ស៊ី បុក​ប្រជា​ការពារ​ភូមិ​ស្លាប់ សង​$៣​ពាន់

មន្ត្រី​សង្កាត់​បក្ស​សម​រង្ស៊ី បុក​ប្រជា​ការពារ​ភូមិ​ស្លាប់ សង​$៣​ពាន់

ភ្នំពេញៈ ករណី​ចៅ​សង្កាត់​ទី១ ព្រែក​ថ្មី​ពី​សមាជិក​គណបក្ស​សមរង្ស៊ី បើក​ម៉ូតូ​បុក​សកម្មជន​សង្កាត់​ព្រែកថ្មី​ស្លាប់ និង​របួស​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​បាក់​ជើង កាល​ពីថ្ងៃ​ទី២០ ខែ​មករា នៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​មាន​ជ័យ ពេល​ចេញ​ពី​ស៊ី​ការ​នោះ​បាន ព្រម​ព្រៀង​គ្នា​ផ្តល់​សំណង​៣ពាន់​ដុល្លារ​ឲ្យ​អ្នក​ស្លាប់ ​ឯ​អ្នក​របួស​នៅ​គិតគូរ​គ្នា​ក្រោយ។

លោក ឈឹម សាំង ចៅ​សង្កាត់​ព្រែកថ្មី​ឲ្យ​ដឹង​ថា លោក នៅ ដោក ​ជាចៅ​សង្កាត់​រង​ទី១​និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ ពី​ម្សិលមិញ​បាន​សម្រុះ​សម្រួល​គ្នា​នៅ​មុខ​អាជ្ញាធរ​សង្កាត់​-​ភូមិ​ដែល ខាង​ភាគី​ជន​រងគ្រោះ​ទាមទារ​សំណង​ចំនួន​៣​ពាន់​ដុល្លារ ហើយ​ភាគី​បង្ក​ក៏​បាន​ព្រម​ព្រៀង​ក្នុង​ចំនួន​នេះ សម្រាប់​អ្នក​ដែល​ស្លាប់ ចំណែក​អ្នក​រង​របួស​ត្រូវ​គិតគូរ​ក្រោយ។

លោកថ្លែងថា បើទោះជា​រវាង​អ្នករង​គ្រោះ​និង​អ្នក​បង្ក​ហេតុ​នៅ​ក្នុង​បក្ស​ផ្សេង​គ្នា​ពិត មែន​តែ​អ្នក​ទាំងពីរ​គ្មាន​បញ្ហា​អ្វី​ជាមួយ​គ្នាទេ។

លោក តូច ហ៊ុន មេភូមិ​ចំពុះ​ក្អែក​ប្រាប់​ថា​គាត់​ចូល​រួម​សម្រុះ​សម្រួល​ពី​ម្សិល​នៅ​មិន ទាន់​ត្រូវ​គ្នាទេ ខាង​គ្រួសារ​អ្នក​ស្លាប់​តឹង​ទារ​សំណង​ដាច់​ត្រឹម ៣ ពាន់​ដុល្លារ តែ​ម្តង។

លោកបន្តថា៖​«លោកនៅ ដោក ជាមន្ត្រី​សង្កាត់​អាយុ ៧០​ឆ្នាំ ធ្វើ​ការ​ល្អ​ពីមុន​មក ប៉ុន្តែ​នេះ​មិន​មែន​ជា​រឿង​នយោបាយ​អីទេ ​វា​ជា​គ្រោះ​ចៃដន្យ ហើយ​ក្នុង​នាម​ជា​មេភូមិ ខ្ញុំ​ចង់​ឲ្យ​តែ​មាន​ការ​យោគ​យល់​គ្នាទេ»​។

លោក នៅ ដោក ពី​ម្សិល​មិញ​ប្រាប់​ថា លោក​ព្រម​សង​ប្រាក់​៣ពាន់​ដុល្លារ​ទៅ​គ្រួសារ​ជន​រង​គ្រោះ តាម​ការ​ព្រម​ព្រៀង​គ្នា​ពី​ល្ងាច​ម្សិល ដើម្បី​បញ្ចប់​បញ្ហា​ព្រោះ​លោក​មិន​ចង់​ឲ្យ​កើត​ឡើង​ទេ​តែ​វា​ចៃដន្យ។ ចំណែក​ឯ​ជន​រងគ្រោះ​បាក់​ជើង​ស្តាំ​នោះ លោក​មិន​ទាន់​គិត​គូរ​ទេ​ព្រោះ​ត្រូវ​រក​លុយ​សង​អ្នក​ស្លាប់​សិន។

លោក រំឭកថា លោក​និង​ជន​រងគ្រោះ​បាន​ទៅ​ចូល​រួម​មង្គល​ការគេ ហើយ​ពេល​ត្រឡប់​មក​វិញ​ជន​រង​គ្រោះ​បាន​ឌុប​គ្នា​២នាក់ លោក​ជិះ​ពី​ក្រោយ​តែ​ចៃដន្យ អ្នក​ទាំងពីរ​ឈប់​ម៉ូតូ​ចាក់​សាំង ដោយ​យប់​ងងឹត​លោក​ក៏​ជ្រុល​បុក​ជន​រងគ្រោះ តែ​មិន​ដឹង​ថា អ្នក​ណា​ត្រូវ​របួស​ទេអី​ព្រោះ​លោក​ក៏​ដួល​សន្លប់​ដែរ។

លោក ឈឹម សាំង ប្រាប់​ថា​ជន​រងគ្រោះ​ស្លាប់​ឈ្មោះ ហេង សាត អាយុ​៦១ឆ្នាំ ជា​ប្រជា​ការពារ​ភូមិ ឯ​អ្នក​របួស​ម្នាក់​ទៀត​ឈ្មោះ​សួន វេត អាយុ ២៨ ឆ្នាំ​ រស់​នៅ​ភូមិ​ចំពុះ​ក្អែក​សង្កាត់​ព្រែកថ្មី ខណ្ឌ​មាន​ជ័យ។

ខាងជនរងគ្រោះ​មិន​អាច​ទាក់​ទង​សុំ​បំភ្លឺ​ករណី​នេះ​បានទេ កាល​ពី​ម្សិល​មិញ​៕

អត្ថបទគួរចាប់អារម្មណ៍