The Phnom Penh Post Search

Search form

មេ​អង្គ​រក្ស​លោក ជា ស៊ីម នឹង​ជម្រះ​នៅ​ឧទ្ធរណ៍ ២៧ កញ្ញា

មេ​អង្គ​រក្ស​លោក ជា ស៊ីម នឹង​ជម្រះ​នៅ​ឧទ្ធរណ៍ ២៧ កញ្ញា

120830_09
អតីតឧត្តមសេនីយ៍ ឈឿន ចាន់ថន ហៅ ម៉ៅ មេអង្គរក្សលោក ជា សីុម ពេលនាំឡើងតុលាការ ផា លីណា

ភ្នំពេញៈ មន្រ្តី​តុលាការនិង​មេធាវី​ការ​ពារ​អះអាង​ថា អតីត​ប្រធាន​អង្គរក្ស​លោក​ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា ឧត្តម​សេនីយ៍​ឯក ឈឿន ចាន់​ថន​ហៅ ​ម៉ៅ វ័យ​៤១​ឆ្នាំ អតីត​នាយ​រង​សេនា​ធិការ​ចម្រុះ​កង​ទ័ព​ជាតិ ជា​ប្រធាន​ក្រុម​ហ៊ុន ឈឿន​ចាន់​ថន អាហរ័ណ-​និហរ័ណ​ផង​នោះ នឹង​ឡើង​សវនា​ការ​ឧទ្ធរណ៍​នៅ​ខែ​ក្រោយ។

លោក តាន់ សេណារ៉ុង អគ្គ​ព្រះ​រាជ​អាជ្ញា​រង​នៃ​សាលា​ឧទ្ធរណ៍ បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​ពុធ​ថា សាលា​ឧទ្ធរណ៍​នឹង​លើក​យក​បណ្តឹង​ឧទ្ធរណ៍​របស់​លោក ឈឿន ចាន់​ថន មក​ជំនុំ​ជម្រះ​នៅ​ថ្ងៃទី ២៧ ខែ​កញ្ញា ឆ្នាំ​២០១២​នេះ។

លោក​ប្រាប់​ថា៖​«មក​ដល់​ពេល នេះការ​ស៊ើប​អង្កេត​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​ឈឿន ចាន់​ថន​បាន​បញ្ចប់ ហើយ​សាលា​ឧទ្ធរណ៍នឹង​បើក​សវនា​ការករណី​គាត់ នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​នេះ»។ ប៉ុន្តែ លោក​មិន​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត​អំពី​ករណី​នេះទេ។

លោក ពុធ ធាវី មេ​ធាវី​របស់​លោក ឈឿន ចាន់​ថន បាន​ប្រាប់​ថា លោក​ទើប​តែ​ទទួល​បាន​ដីកា​របស់​តុលាការ​អំពី​សវនាការ​ឧទ្ធរណ៍​របស់​កូន ក្តី​លោក​នៅ​ឯ​សាលា​ឧទ្ធរណ៍​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា។

លោកមេធាវី​បញ្ជាក់​ថា តាម​ដីកា​របស់​តុលាការ សវនាការ​រឿង​លោក ឈឿន ចាន់​ថន នៅ​ខែ​ក្រោយ​នឹង​ត្រូវ​ជំនុំ​ជម្រះ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​លោក ដែល​ជំទាស់​នឹង​ការ​ផ្តន្ទា​ទោស​របស់​តុលាការ​យោធា ដែល​បាន​កាត់​ឲ្យ​គាត់​ជាប់​ពន្ធនាគារ​២៦​ឆ្នាំ។

លោកអះអាង​ថា បណ្តឹង​ឧទ្ធរណ៍​រដ្ឋ​ប្បវេណី​របស់​លោក ឈឿន ចាន់​ថន សាលា​ឧទ្ធរណ៍​មិន​ទាន់​កំណត់​ពេល​បើក​សវនាការ​ទេ។ លោក​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា៖ «ដើម្បី​ការ​ពារនិង​ស្វែង​រក​យុត្តិធម៌​ឲ្យ​កូន​ក្តី​របស់​ខ្ញុំ ឲ្យ​រួច​ពី​ការ​ចោទ​ប្រកាន់​របស់​តុលា​ការ​យោធា ខ្ញុំបាន​រៀប​ចំ​រួច​ជា​ស្រេច​នូវ​ភស្តុតាង​ថ្មីៗ​និង​ឯកសារ បន្ថែម​ទៀត។តាម​ច្បាប់ និង​ភស្តុតាង​ជាក់​ស្តែង​ដែល​ខ្ញុំរក​បាន ខ្ញុំ គិត​ថា កូន​ក្តី​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​តុលាការ​យោធា​ចោទ ប្រកាន់​នោះ​ទេ»។

លោក​រំពឹងថា៖ «ប្រសិន​បើ​សាលា​ឧទ្ធរណ៍​ពិចារណា​ដិត​ដល់​លើ​បទ​ចោទ​ប្រកាន់​លោក ឈឿន ចាន់​ថន នោះ​តុលាការ​នឹង​ឃើញ​ថា គាត់ជា​មនុស្ស​ស្លូត​ត្រង់។ ខ្ញុំ​សង្ឃឹម​ថា តុលា​ការ​នឹង​លើក​លែង​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ប្រឆាំង​នឹង​គាត់ ហើយ​ដោះ​លែង​គាត់​ឲ្យ​មាន​សេរី​ភាព»។

ទាក់ ទង​នឹង​កា​រចោទ​ប្រកាន់​លើ​កូន​ក្តី​របស់គាត់ លោកមេ​ធាវី ពុធ ធាវី បាន​បញ្ជាក់​ថា រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់​ប្រឆាំង​នឹង​លោក ឈឿន​ ចាន់​ថន ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយគ្មាន​ភស្តុ​តាង​ពិត​ប្រាកដ​។ ព្រោះ​អ្វី​ដែល​លោក ឈឿន ចាន់ថន ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នោះ​​...​គឺជា​កាតព្វ​កិច្ច​ របស់​លោក​ដើម្បី​ការពារ​សម្តេច​ជា ស៊ីម និង​​ថ្នាក់​ដឹក​នាំ​ផ្សេង​ទៀត​នៅ​កម្ពុជា​។

ឧត្តមសេនីយ៍ យឹម លាង មេ​បញ្ជាការ​ថ្មី​កង​អង្គរក្ស​លោក​ជា​ ស៊ីម និង​លោក​មេធាវី ណាច ទ្រី របស់​លោក​ មិន​អាច​ទាក់​ទងសុំ​បំភ្លឺ​បាន​ទេ​កាល​ពី​ម្សិល​មិញ។

លោក ឈឿន ចាន់​ថន ត្រូវ​ចោទ​ប្រកាន់​ដោយ​តុលាការ​យោធា៥​ករណី​ ​រួម​មាន​ ការ​រំលោភ​សេចក្តី​ទុក​ចិត្ត​ ការ​បំផ្លាញ​ដោយ​ចេតនានិង​ការ​កេង​បន្លំ​ដោយ​ទុច្ច​រិត ការ​ចែក​ចាយ​អាវុធ​ខុស​ច្បាប់ ​ការ​បំផ្លិច​បំផ្លាញ​សម្ភារ​បម្រើ​ការ​ប្រយុទ្ធ និង​ការ​ខ្វះ​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដឹក​នាំ​គ្រប់​គ្រង​អង្គ​ភាព។ ​ជា​មួយ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នេះតុលាការ​

យោធា ​បាន​កាត់​ឲ្យ​លោក ជាប់​ពន្ធ​នាគារ​២៦​ឆ្នាំ និង​ពិន័យ​ប្រាក់​៣​លាន​ដុល្លារ​អាមេរិក។ ក្រៅ​ពី​នេះ​លោក ​ត្រូវ​សាលា​ដំបូងភ្នំពេញ​ចោទ​ប្រកាន់​៤​ករណី មាន​ការ​កាន់​កាប់​អាវុធ​និង​គ្រាប់​រំសេវ​ខុស​ច្បាប់​ ការ​ចេញ​ប័ណ្ណ​ប្រើ​ប្រាស់​អាវុធ និង​គ្រាប់​ទៅ​ឲ្យ​អ្នក​គ្មាន​សមត្ថ​កិច្ច ការ​ក្លែង​ឯកសារ​សាធារណៈ និង​ការ​ប្រើ​ប្រាស់​ឯកសារ​សាធារ​ណៈ​ក្លែង​។ តុលា​ការ​ស៊ីវិល​​ផ្តន្ទា​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៥​លាន​រៀល៕ NR

អត្ថបទគួរចាប់អារម្មណ៍