ឧត្ដរមានជ័យៈ សាលាដំបូងខេត្ដឧត្ដរមានជ័យ កំពុងស៊ើបអង្កេតលើបណ្ដឹងស្ត្រីម្នាក់ដែលប្តឹងចោទនាយរងផ្នែករដ្ឋបាលព្រៃឈើអន្លង់វែងនិងគូកនពីបទមានចេតនាសម្លាប់កូនប្រុសគាត់។
លោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដនេះប្រាប់ភ្នំពេញ ប៉ុស្តិ៍ពីម្សិលមិញថា អ្នកស្រី ហេង ស៊ុននី អាយុ៦០ឆ្នាំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើកក្រុង-ខេត្តសៀមរាប បានដាក់ពាក្យប្ដឹងមកតុលាការខេត្តឧត្តរមានជ័យពីសប្ដាហ៍មុន ដោយចោទប្រកាន់ទៅលើនាយរងផ្នែករដ្ឋបាលព្រៃឈើអន្លង់វែងនិងបក្ខពួកពីបទ«បង្កឃាតកម្មដោយចេតនាលើកូនប្រុសគាត់»។
លោកថា បណ្ដឹងនោះអ្នកស្រី ស៊ុននី ថា កូនប្រុសគាត់ស៊ីឈ្នួលបើកឡានដឹកឈើឲ្យគេ ហើយក្រឡាប់ស្លាប់ពេលកម្លាំងរដ្ឋបាលព្រៃឈើនៅអន្លង់វែងបើកឡានប្រដេញបុក និងបានប្រើអាវុធបាញ់បួនគ្រាប់។ លោកបន្តថា៖«តុលាការកំពុងតែស៊ើបអង្កេតស្រាវជ្រាវរឿងនេះ»។
លោក ឡឹក សុជាតា នាយរងផ្នែករដ្ឋបាលព្រៃឈើអន្លង់វែង មិនអាចទាក់ទងបានទេ។ ប៉ុន្តែលោក ទៀង ដាវិទ្យ ប្រធានរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យថា លោកបានដឹងរឿងប្តឹងប្តល់នេះ តែលោកគ្មានអ្វីនិយាយទេទុកឲ្យសមត្ថកិច្ចតុលាការស៊ើបអង្កេតស្រាវជ្រាវទៅចុះ។
លោក វង្ស សុភ័ក្ដិ មេឃុំអន្លង់វែង បានប្រាប់ដែរថា កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា កម្លាំងរដ្ឋបាលព្រៃឈើបានប្រដេញឡានដឹកឈើគ្រញូងនិងមានឮស្នូរផ្ទុះអាវុធបួនគ្រាប់បន្ទាប់មកគេឃើញរថយន្តដឹកឈើគ្រញូងផ្ទុះបែកកង់ក្រឡាប់បណ្ដាលឲ្យអ្នកបើកបរខ្ទាតចេញពីក្នុងឡានស្លាប់នៅនឹងកន្លែង។
លោកបន្តថា៖«ប៉ែន្តែក្រោយពីការចុះពិនិត្យសាកសព សមត្ថកិច្ចថាតៃកុងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បាក់កស្លាប់ខ្លួនឯង»។
ប៉ុន្តែអ្នកស្រី ហេង ស៊ុននី ប្រាប់បណ្ដាញព័ត៌មាន Online ថា គឺគេបើកឡានដេញបុកនិងបាញ់ឡានកូនគាត់ រហូតបែកកង់ក្រឡាប់ទើបបណ្ដាលឲ្យកូនគាត់ខ្ទាតចេញពីឡាននិងត្រូវគេនាំគ្នាវាយកូនគាត់ដល់ស្លាប់ផង។
លោក ងួន ធីរិទ្ធ មេបញ្ជាការប៉េអឹមស្រុកអន្លង់វែង អះអាងថា តាមពលរដ្ឋនៅក្បែរនោះថាមានការផ្ទុះអាវុធមុនឡានក្រឡាប់ធ្លាក់ផ្លូវ។ ប៉ុន្តែសមត្ថកិច្ចរកមិនឃើញមានស្នាមគ្រាប់កាំភ្លើងនៅលើរថយន្តទេ ក្រៅពីឃើញបែកកង់ក្រោយហើយអ្នកបើកបរបាក់ឆ្អឹងកញ្ចឹងកស្លាប់។ លោកបន្តថា តាមដឹងពីនគរបាលស្រុកដែលកោះហៅលោក ឡឹក សុជាតា ឲ្យបំភ្លឺករណីនេះឮថា គាត់ជិះឡានតាកូម៉ាដេញឡានដឹកឈើគ្រញូងប៉ងបើកកៀរឱ្យឡាននោះឈប់តែមិនបានបាញ់ឡាននោះទេ។ ប៉ុន្តែថា អ្នកបាញ់នោះគឺជាទាហានរួមដំណើរជាមួយគាត់។
លោក ស៊ុយ សេង អធិការនគរបាលស្រុកអន្លង់វែង បានបញ្ជាក់ថា៖«ករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតស្រាវជ្រាវបន្ត»៕