បាត់ដំបងៈ យុវតីវ័យ១៨ឆ្នាំ ម្នាក់បានផឹកថ្នាំកម្ចាត់ស្មៅធ្វើអត្តឃាតនៅក្នុងផ្ទះ នៅក្នុងភូមិរោង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង បន្ទាប់ពីខឹងនឹងឪពុកស្តីបន្ទោសនាង កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ។
លោក ស៊ា ធី អធិការនគរបាលស្រុករុក្ខគិរី ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា យុវតីដែលផឹកថ្នាំពុលសម្រាប់បាញ់សម្លាប់ ស្មៅធ្វើអត្តឃាតមានឈ្មោះ រឿម ស្រីរី រស់នៅភូមិរោង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរីនេះ។
តាមការបំភ្លឺពីក្រុមគ្រួសារនាងថា រឿម ស្រីរី បានផឹកថ្នាំពុលបាញ់សម្លាប់ស្មៅ សម្លាប់ខ្លួន ក៏ព្រោះតែខឹងនឹងឪពុកនាងស្ដីជេរថា ក្នុងចំណោមអ្នកភូមិថា«មីអត់ចិត្ត...» ឃើញម្ដាយឈឺពោះឆ្លងទន្លេ មិនគិតជួយមើលថែទាំម្ដាយសោះ ខណៈគាត់កំពុងរត់រករ៉ឺម៉កមកដឹកប្រពន្ធដែលឈឺពោះទៅមន្ទីរពេទ្យ។
ឪពុកម្ដាយយុវតីរូបនេះ បានសម្ដែងក្ដីសោកស្ដាយចំពោះការបាត់បង់កូនស្រីច្បងហើយបាន បន្ទោសថា ខ្លួនឯងជាអ្នកធ្វើឲ្យកូនស្រីស្លាប់។ លោក កឹម រឿម អាយុ៤០ឆ្នាំជាឪពុកនិយាយថា៖«នាងសម្លាប់ខ្លួន ព្រោះតែខឹងនឹងខ្ញុំជេរនាងក្នុងចំណោមអ្នកស្រុក ដែលមកជួយខ្នះខ្នែងនាំប្រពន្ធខ្ញុំទៅពេទ្យ...ខ្ញុំមានការស្ដាយ ក្រោយខ្លាំងណាស់»។
គាត់ប្រាប់ដែរថា ក្រោយពីបានជេរនាងរួច គាត់នឹងអ្នកភូមិបាននាំគ្នាជិះរ៉ឺម៉កនាំប្រពន្ធទៅមន្ទីរពេទ្យ រហូតប្រពន្ធសម្រាលបានកូនប្រុសមួយ។ ក្រោយមកអ្នកភូមិទូរស័ព្ទមកប្រាប់ថា កូនស្រីច្បងផឹកថ្នាំពុលសម្លាប់ខ្លួន។លោកបន្តថា៖«ខ្ញុំស្ទើរអស់ ព្រលឹងពេលឮដំណឹងនេះ។ ខ្ញុំបានប្រញាប់មកផ្ទះដើម្បីនាំកូនទៅសង្គ្រោះ តែគ្រូពេទ្យប្រាប់ថាយឺតពេលទៅហើយ»៕