កំពង់ស្ពឺៈ កម្មករកាត់ដេរជិត ៣០នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាលពីព្រឹកព្រលឹមម្សិលមិញបន្ទាប់ពីរថយន្តដឹកពួកគេទៅធ្វើការនៅរោងចក្រនៅក្នុងខេត្ត កំពង់ស្ពឺ បានជួបគ្រោះថ្នាក់ចរាចរណ៍។
អ្នកស្រី ស៊ុន ពិសី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរោងចក្រ Sangwoo បានអះអាងពីករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងកាលពីព្រឹកព្រហាម ថ្ងៃ ទី៦ ខែ វិច្ឆិកា ឆ្នាំ ២០១៣។
ស៊ុន ពិសី បាននិយាយថា៖ «មានកម្មករ ២៧នាក់ ធ្វើការនៅរោងចក្រ Sangwoo រោងចក្រ United Apparel រោងចក្រ Winson Int'l Garment បានទទួលរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ហើយភ្លាមៗ ពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត កំពង់ស្ពឺ»។
លោក សាយ សែត អធិការរងនគរបាលចរាចរណ៍ក្នុងស្រុក សំរោងទង ដែលជាកន្លែងគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង បានថ្លែងឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅពេលដែលរថយន្តដឹកកម្មករទាំងនោះទៅធ្វើការនៅរោងចក្រពួកគេរៀងៗខ្លួននៅតាមផ្លូវជាតិលេខ ៤ បានទៅបុកគូទរថយន្តមួយទៀត។
លោកអធិការថា អ្នកបើកបររថយន្តទាំងពីរគ្រឿងនេះមិនត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយទេក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ហើយក៏គ្មានមនុស្សណាម្នាក់មានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតដែរ។
សូមបញ្ជាក់ដែរថា មានករណីស្រដៀងគ្នានេះ បានកើតឡើងជាញឹកញាប់ទៅលើរថយន្តដឹកកម្មករនៅក្នុងប្រទេសកម្ពុជានិងបានបណ្តាលឲ្យកម្មកររងរបួសធ្ងន់ធ្ងរជាងនេះផង។ បញ្ហានេះខាងសហជីពបានបន្ទោសទៅលើនិយោជក ដែលផ្តល់ប្រាក់ឈ្នួលតិច ទើបបានកម្មករប្រើមធ្យោបាយដឹកជញ្ជូនតម្លៃថោក តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។
បើតាមទិន្នន័យក្នុងគេហទំព័ររបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាថា នៅក្នុងឆមាសទីមួយឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងចំនួន ១.៦៩១ ករណី និងបានបណ្តាលឲ្យកម្មករចំនួន ៣៧ នាក់បានស្លាប់ ២៩៦ នាក់រងរបួសធ្ងន់ និង ១.៦៤៣ ទទួលរងរបួសស្រាល៕ PS