តាកែវៈ មន្ត្រីនគរបាលស្រុកសំរោងបានឲ្យដឹងកាលពីម្សិលមិញថា សង្ឃកំហូចមួយអង្គបានសុគតភ្លាមៗ និងមួយអង្គទៀតព្រមទាំងសិស្សគុនម្នាក់បានរងរបួសធ្ងន់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃអង្គារបន្ទាប់ពីជិះម៉ូតូទៅបុកដើមអាកាស្យា ខណៈត្រឡប់ពីលួចទៅសេពសុរានិងច្រៀងខារ៉ាអូខេ នៅម្ដុំស្ថានីយរថភ្លើង នៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ដតាកែវ។
លោក វង់ ង៉ែត អធិការរងនគរបាលទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកសំរោង បានឲ្យដឹងថា ជនរងគ្រោះជាព្រះសង្ឃនាម ស៊ីម សំណាង អាយុ ១៩ឆ្នាំ គង់នៅវត្ដកំហែងឃុំព្រៃផ្គាំ ស្រុកអង្គរបុរី បានសុគតភ្លាមៗ ចំណែកព្រះសង្ឃមួយអង្គទៀតនាម នីម បញ្ញា អាយុ២១ឆ្នាំ ជាអ្នកបើកបរម៉ូតូ ហើយនិងកូនសិស្សកំហូចម្នាក់ទៀត ឈ្មោះ សៀ ហាន(ប្រុស) អាយុ២៦ឆ្នាំ ដែលជិះកណ្ដាល បានរងរបួសធ្ងន់បាក់ភ្លៅទាំង ២ នាក់។
លោកអធិការរង វង់ ង៉ែត បានបន្ដឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង ៣នាក់ បាននាំគ្នាចេញពីវត្ដកំហែងទៅផឹកស៊ីច្រៀងខារ៉ាអូខេ នៅហាងម្ដុំស្ថានីយរថភ្លើង នៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ តាំងពីម៉ោង៨-៩យប់ថ្ងៃចន្ទរហូតដល់រំលងអាធ្រាត្រ។ ក្រោយពីផឹកស៊ីច្រៀងខារ៉ាអូខេឆ្ងែតឆ្អន់អស់ចិត្ដ ពួកគេក៏នាំគ្នាជិះម៉ូតូម៉ាកស្ដេព ពណ៌ស្លាបកំភេម ពាក់ស្លាក ពោធិ៍សាត់ 1B-0128 ក្នុងទិសដៅពីត្បូងទៅជើងសំដៅមកវត្តវិញប៉ុន្តែ លុះមកដល់ចំណុចកើតហេតុនៅក្នុងភូមិក្ដុល ឃុំលំចង់ ម៉ូតូក៏រេចង្កូតទៅបុកដើមអាកាស្យានៅខាងកើតផ្លូវពេញទំហឹងតែម្ដង។ ក្រោយកើតហេតុជនរងគ្រោះត្រូវសមត្ថកិច្ចចាត់បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ ចំណែកអ្នកដែលស្លាប់ សាកសពបានប្រគល់ឲ្យទៅបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។
លោកអធិការរងថ្លែងថា៖ «ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីការបើកបរក្នុងពេលស្រវឹង»។
ទាក់ទងករណីព្រះសង្ឃលួចសេពគ្រឿងស្រវឹងជាមួយនឹងសិស្សគុនរហូតមានគ្រោះថា្នក់ដល់អាយុជីវិតនេះ លោក សីលសុខ សារ៉ន ប្រធានមន្ទីរធម្មការខេត្តតាកែវ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា លោកនៅមិនបានដឹងនៅឡើយទេ តែទោះជាយ៉ាងណា នេះជារឿងដ៏អាក្រក់មួយដែលពុទ្ធបរិស័ទមិនអាចទទួលយកបាន។
លោកថ្លែងថា៖ «ការប្រព្រឹត្តរបស់សង្ឃទាំងពីរអង្គនិងសិស្សគុនម្នាក់នោះជាអំពើល្មើសនឹងធម៌វិន័យសង្ឃ...មេគណខេត្តនិងអនុគណស្រុក រួមទាំងគណៈកម្មការវត្តនិងអាជ្ញាធរ ត្រូវចាត់វិធានការទៅតាមធម៌វិន័យរបស់សង្ឃព្រះពុទ្ធសាសនា ក្នុងការដាក់ទោសសង្ឃដែលមានព្រះជន្មដើម្បីកុំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះវត្តនិងព្រះសង្ឃឯទៀត»៕