កំពតៈ ស្រ្តីទេសចរជនជាតិបារំាងម្នាក់ ត្រូវគេប្រទះឃើញស្លាប់អណ្តែតទឹកទាំងអាក្រាតកាយក្នុងព្រែកក្នុង ទីក្រុងកំពត កាលពីថ្ងៃអាទិត្យ ដោយស្នាមវាយប្រហារបែកលលាដ៍ ករណីនេះត្រូវបានសង្ស័យថា ជារឿងឃាតកម្ម។
លោក អ៊ិន ជីវ៉ា ស្នងការរងនគរបាលខេត្តកំពត បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ពីម្សិលមិញថា ជនរងគ្រោះឈ្មោះ Begni Ophelie ជាទេសចរជនជាតិបារំាង ត្រូវគេប្រទះឃើញស្លាប់អណ្តែតនៅក្នុងព្រែកមួយ ក្នុងក្រុងកំពត។
លោក ជីវ៉ា ថ្លែងថា៖ «យើងមិនទាន់ដឹងថាអ្វីដែលបានកើតឡើងចំពោះនាងទេ»។ លោកថា សាកសពនាងបានដឹកចេញពីក្រុង កំពតមកកាន់មន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីខាងជំនាញធ្វើកោសល្យវិច័យរួច។
មន្រ្តីនគរបាលម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលបានពិនិត្យសាកសពផ្ទាល់ប្រាប់ថា កន្លែងធ្វើឃាតនាងនេះគេមិនទាន់ដឹងនៅឡើយ ប៉ុន្តែសពបានអណ្តែតតាមព្រែក ដោយមានស្នាមវាយត្រង់ថ្ងាស និងបែកលលាដ៍ក្បាលធ្លាយខួរមកក្រៅ។ លោកបន្តថា៖ «តាមការសន្និដ្ឋាន យើងសង្ស័យថា ជាករណីឃាតកម្ម»។
Ophelie និងមិត្តភក្តិនាងបានចូលស្នាក់នៅផ្ទះសំណាក់ Les Manquiers នៅកំពត កាលពីថ្ងៃទី៤ កុម្ភៈ ជាភ្ញៀវទេសចរ ហើយត្រូវចាកចេញវិញនៅថ្ងៃអាទិត្យ។ នេះបើតាម អ្នកស្រី ទូច សំភា អ្នកគ្រប់គ្រងផ្ទះសំណាក់អះអាង។
អ្នកស្រី សំភា ថ្លែងថា នៅល្ងាចថ្ងៃសៅរ៍ម៉ោងប្រមាណជិត៥ Ophelie អាយុ២៥ឆ្នាំ បានយកកង់មួយជិះចេញតែម្នាក់ឯង បាត់រហូតដល់គេប្រទះឃើញសព។
អ្នកស្រី សំភា ប្រាប់ថាមិត្តភក្តិនាងនិងបុគ្គលិកផ្ទះសំណាក់បានរាយការណ៍ទៅនគរបាល អំពីការបាត់ខ្លួននាងនៅម៉ោង៩ព្រឹកថ្ងៃអាទិត្យ ហើយបាននាំគ្នាដើររកពេញក្រុងនិងជិះទូកស្វែងរកផង។
Ophelie និងមិត្តភក្តិនាងបានចូលមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែមករា ហើយគ្រោងនឹងត្រឡប់ទៅប្រទេសបារាំងវិញនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។
លោកស្រីថ្លែងថា សាកសពអាក្រាតនោះត្រូវប្រទះឃើញដេកផ្កាប់មុខនៅលើព្រែក ប្រហែល៥គីឡូម៉ែត្រ ពីផ្ទះសំណាក់។
លោកស្រីបន្តថា៖ «ខ្ញុំមិនបានឃើញផ្ទាល់ទេ ប៉ុន្តែបុគ្គលិកខ្ញុំបានប្រាប់ថា នាងត្រូវបានគេធ្វើឃាតយ៉ាងអាក្រក់គួរឲ្យខ្លាច»។
មន្ត្រីស្ថានទូតបារាំងប្រចាំនៅកម្ពុជានៅពេលទាក់ទង់សួរពីល្ងាចមិញបាន តបថា ស្ថានទូតបានទទួលព័ត៌មាននេះពីខាងអាជ្ញាធរកម្ពុជាហើយ ហើយថា ខាងស្ថានទូតនឹងចាត់វិធានការស្រាវជ្រាវករណីនេះ៕ PS
Contact PhnomPenh Post for full article
SR Digital Media Co., Ltd.ផ្ទះលេខ៤១ ផ្លូវ ២២៨ ភូមិ៤, សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា
Tel: +855 92 555 741
Email: webmasterpppost@gmail.com
Copyright © រក្សាសិទ្ធិ ដោយ ភ្នំពេញប៉ុស្តិ៍