ភ្នំពេញៈ សមាជិកសហជីពពីរនាក់ដែលបានរងការវាយដំដល់រងរបួសធ្ងន់នៅ រោងចក្រ Dayup Global កាលពីថ្ងៃចន្ទ នៅមន្ទីរពេទ្យកាល់ម៉ែត អាចនឹងបញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាម ព្រោះតែស្ថានភាពរបួសធ្ងន់ ចំណែកក្រុមកម្មករក៏មានគម្រោងដង្ហែក្បួនបាតុកម្មតវ៉ា ទៅក្រសួងសង្គមកិច្ចផងដែរនៅចុងសប្ដាហ៍នេះ។
លោក សំ សឿន ប្រធានសហព័ន្ធសហជីពដើម្បីសិទ្ធិការងារបានឲ្យដឹងថា គ្រូពេទ្យប្រាប់អ្នករបួសទាំងពីរថា ស្ថានភាពអាចនឹងបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យប្រទេសវៀតណាម ព្រោះមានសភាពធ្ងន់ធ្ងរពេក។
លោកបន្តថា៖«សមាជិកម្នាក់អាចប្រឈមនឹងពិការភាពឬបាត់ការចងចាំ។ ឯម្នាក់ទៀតអាចនឹងពិការភ្នែកម្ខាង ដោយសារតែក្រុមកម្មករទំនើងក្នុងរោងចក្រ Dayup Global វាយយ៉ាងដំណំក្នុងបំណងសម្លាប់»។
អ្នកទាំងពីរគឺ លោក ឡូយ សុជាតិ អាយុ៣៧ឆ្នាំ ជាមន្ត្រីសហព័ន្ធសហជីពកម្មករខ្មែរដែលរងរបួសក្បាល មិនអាចនិយាយបាន។ រីឯលោក សំ វិសូរ អាយុ២៥ឆ្នាំ ជាប្អូនប្រុសលោក សំសឿន មិនអាចបើកភ្នែក និងនិយាយបានដែរ។
សហជីពទាំងបួនរូបនេះបានចុះទៅចែកខិត្តប័ណ្ណដល់កម្មករនៅរោងចក្រ Dayup Global និងពន្យល់កម្មករឲ្យយល់ពីសិទ្ធិក្នុងការទាមទារលក្ខខណ្ឌតាម ច្បាប់ត្រឹមត្រូវ។ តែនៅពេលចែករួច កំពុងហូបអាហារពេលព្រឹកជិតនោះនៅម៉ោងជាង៧ ស្រាប់កម្មករប្រហែល៤០នាក់ ប្រដាប់ដោយដុំដែក ដំបងឈើ និងកាំបិតប៉័ងតោ បានដើរសំដៅទៅរក និងបានវាយប្រហារលើពួកគេ។ នេះបើតាមលោក សំសឿន អះអាង ហើយលោកថា រឿងនេះលោកបានប្តឹងទៅតុលាការរាជធានី អង្គការពលកម្មអន្តរជាតិ (ILO)មជ្ឈមណ្ឌលអាមេរិកដើម្បីសាមគ្គីភាពការងារអន្តរជាតិ(A-CI LS) ក្រសួងការងារ ស្ថានទូតកូរ៉េ និងក្រសួងសង្គមកិច្ច ឲ្យជួយរកយុត្តិធម៌រួចហើយ។
លោក សំ សឿនថា៖«ខ្ញុំចង់ឲ្យតុលាការ និងមន្ត្រីពាក់ព័ន្ធរកយុត្តិធម៌និងផ្ដន្ទាទោសកម្មករទំនើងទាំង នោះ និងអ្នកគ្រប់គ្រងក្រុមហ៊ុនឈ្មោះ យ៉ង រិទ្ធី តាមផ្លូវច្បាប់»។ លោកថា កម្មករបានតវ៉ានៅមុខរោងចក្រទាមទារឲ្យបណ្ដេញអ្នកគ្រប់គ្រង រដ្ឋបាល ចាប់ខ្លួនកម្មករទំនើង និងទាមទារលក្ខខណ្ឌ១៧ចំណុចហើយពួកគេក៏មានគម្រោងដើរក្បួនទៅ ក្រសួងសង្គមកិច្ចដែរនៅចុងសប្តាហ៍នេះ។
កម្មករអាយុ២៦ ឆ្នាំមួយរូបពីម្សិលមិញប្រាប់ថា កម្មករជាង៥០០នាក់បាននាំគ្នាតវ៉ានៅមុខរោងចក្រនេះ ទាមទារឲ្យក្រុមហ៊ុនបណ្ដេញប្រធានរដ្ឋបាលឈ្មោះ យ៉ង រិទ្ធី ចេញនិងទាមទារចំណុចផ្សេងៗទៀត។
លោក យ៉ង រិទ្ធី អ្នកគ្រប់គ្រងរដ្ឋបាលរោងចក្រ Dayup Global បានបដិសេធការចោទប្រកាន់លើរូបគាត់ដដែលពីម្សិលមិញ។ គាត់និយាយថា៖«ខ្ញុំនៅតែអះអាងថាយើងគ្មានអ្វីខុស។ មន្ត្រីសហជីពមកបង្ករឿងឲ្យកម្មករតវ៉ាទាមទារចំណុចមួយចំនួន ដែលយើងផ្ដល់ឲ្យកម្មកររួចមកហើយ»។ លោកថា ការទាមទារបណ្តេញគាត់នោះ មិនអាចទេ ព្រោះមានកម្មករតែជាង២០នាក់ចង់ឲ្យគាត់ឈប់ តែមានច្រើនណាស់គាំទ្រលោក៕PN