The Phnom Penh Post Search

Search form

សមត្ថកិច្ច​បង្គាប់​ឲ្យ​ជន​សង្ស័យ ​ធ្វើ​ត្រាប់​ពី​រឿង​ឃាតកម្ម​នារី​ខារ៉ាអូខេ

Content image - Phnom Penh Post
ជនសង្ស័យ​ប្រព្រឹត្ត​ឃាតកម្ម​ក្រោយ​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​។ រូបថត ប៉ូលិស

សមត្ថកិច្ច​បង្គាប់​ឲ្យ​ជន​សង្ស័យ ​ធ្វើ​ត្រាប់​ពី​រឿង​ឃាតកម្ម​នារី​ខារ៉ាអូខេ

ភ្នំពេញៈ នគរបាល​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បង្គាប់​ឲ្យ​ជនសង្ស័យ​ម្នាក់​ធ្វើ​ត្រាប់​ឡើង​វិញ​ បន្ទាប់ពី​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​ ១៩ ​ធ្នូ​នៅ​ខេត្ត​តាកែវ​ពាក់ព័ន្ធ​ករណី​ចាក់​សម្លាប់​នារី​ខារ៉ាអូខេ​ម្នាក់​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ ១៥ ​ធ្នូ​។

លោក ហ៊ួរ ម៉េងវ៉ាង អធិការ​នគរបាល​ខណ្ឌ​សែនសុខ​ប្រាប់​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចាក់​សម្លាប់​នារី​រងគ្រោះ​នោះ​សមត្ថកិច្ច​របស់​លោក​បាន​បង្គាប់​ឲ្យ​ធ្វើ​ត្រាប់​ឡើង​វិញ​នៅ​កន្លែង​កើតហេតុ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទេ​។ តែ​យ៉ាង​ណា​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ពី​ការ​សម្លាប់​នេះ​។

លោក ហ៊ួរ ម៉េងវ៉ាង ប្រាប់​ឲ្យ​ដឹង​ថា​ជនសង្ស័យ​បាន​សារភាព​ថា​មុន​ពេល​កើតហេតុ​រូប​គេ​បាន​ហៅ​នារី​រងគ្រោះ​មក​ដេក​នៅ​បន្ទប់​ជួល​។ ដោយ​ពេល​កំពុង​ដេក​ជាមួយ​គ្នា​នោះ​ស្រាប់តែ​ទូរស័ព្ទ​របស់​នារី​រងគ្រោះ​ត្រូវ​សង្សារ​ចាស់​ចេះ​តែ​ផ្ញើ​សារ​មក​មិន​ឈប់​ពេល​នោះ​ខ្លួន​ខឹង​ក៏​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​នាង​តែ​ម្តង​ទៅ​។

លោក​ថ្លែង​ប្រាប់​ថា​៖ «​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​គាត់​សម្លាប់​​នាង​ក៏​ព្រោះ​តែ​គាត់​ប្រចណ្ឌ​សង្សារ​ដែល​មាន​ប្រុស​ចេះ​តែ​ផ្ញើ​សារ​មក​រំខាន​។ ខ្ញុំ​ប្រហែល​ជា​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​នៅ​ថ្ងៃ​ស្អែក​ ឬ​ថ្ងៃ​ខាន​ស្អែក​ព្រោះ​ខ្ញុំ​កំពុង​បញ្ចប់​នីតិវិធី​សំណុំ​រឿង​ជន​នេះ​»​។

បើ​តាម​លោក ហ៊ួរ ម៉េងវ៉ាង ជនសង្ស័យ​ឈ្មោះ​ ស៊ុយ មេសា ភេទ​ប្រុស អាយុ​ ២២ ​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ​។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ សេក ស៊ីយ៉ា អាយុ​១៦ ​ឆ្នាំ ជា​បុគ្គលិក​ក្លិប​ខារ៉ាអូខេ KTV ដឺឃីង​មាន​ស្រុក​កំណើត​នៅ​ភូមិ​ទី​ ១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។ លោក​ថា​នៅ​លើ​ខ្លួន​ជនរងគ្រោះ​មាន​ស្នាម​ត្រូវ​របួស​ចំ​ក្បាល​ពោះ​មួយ​កន្លែង និង​កំភួនដៃ​ខាង​ស្តាំ​មួយ​កន្លែង​។

ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​សែនសុខ និង​កម្លាំង​នគរបាល​ក្រុង​ដូនកែវ ខេត្ត​តាកែវ​ឃាត់​ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​ ១៩ ខែ​ធ្នូ ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​នារី​រងគ្រោះ​នៅ​បន្ទប់​ជួល​លេខ​ ១០២ ភូមិ​ទ្រុងមាន់ សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។

លោក​អធិការ​បន្ត​ថា​អំពើ​មនុស្ស​ឃាត​នេះ បន្ទាប់ពី​សមត្ថកិច្ច​បើក​ការ​ស្រាវជ្រាវ​មក​ក៏​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បាន ហើយ​នៅ​ថ្ងៃ​ទី​ ១៩ ខែ​ធ្នូ កម្លាំង​របស់​លោក​បាន​ធ្វើការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ដូនកែវ ខេត្ត​តាកែវ​រហូត​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​នៅ​ភូមិ​ត្រាំ សង្កាត់​រកាក្រៅ ក្រុង​ដូនកែវ ខេត្ត​តាកែវ​៕

អត្ថបទគួរចាប់អារម្មណ៍