The Phnom Penh Post Search

Search form

សមត្ថកិច្ច​មិន​ទាន់​រក​មុខ​អ្នក​បាញ់​ ខណៈ​អ្នក​របួស​គ្មាន​សង្ឃឹម​រស់

សមត្ថកិច្ច​មិន​ទាន់​រក​មុខ​អ្នក​បាញ់​ ខណៈ​អ្នក​របួស​គ្មាន​សង្ឃឹម​រស់

ភ្នំពេញៈ សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ខ្មាន់​កាំភ្លើង​ដែល​បាន​បាញ់​យុវជន​ម្នាក់​ត្រូវ​ក្បាល​របួស​ធ្ងន់​​កាលពី​ព្រលប់​ថ្ងៃ​ទី​ ១ ​មករា​នៅ​គល់​ស្ពាន​លីយ៉ុងផាត់​ក្នុង​សង្កាត់​ខណ្ឌ​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ​នោះ​ទេ​ដោយសារ​គ្មាន​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ជនរងគ្រោះ​គ្មាន​សង្ឃឹម​ថា​នឹង​រស់​នោះ​។

នៅ​ពេល​ទាក់ទង​សុំ​ការ​បំភ្លឺ​ទៅ​អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ​លោក ទៀង ច័ន្ទសា កាលពី​ម្សិលមិញ​មិន​បាន​លទ្ធផល​ទេ ខណៈ​អ្នក​លើក​ទូរស័ព្ទ​ប្រាប់​ថា​ច្រឡំ​លេខ​។

ទោះ​យ៉ាង​ណា​លោក​ ហ៊ឹម គឹមសាន ​នាយ​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​ប្រាប់​ថា​ករណី​ឃាតកម្ម​នេះ​សមត្ថកិច្ច​នៅ​រក​មិន​ឃើញ​មូលហេតុ​ពិត​នៅ​ឡើយ​ទេ​។

លោក​បាន​ប្រាប់​ថា​៖ «​រឿង​នេះ​យើង​រក​មូលហេតុ​ពិត​មិន​ទាន់​ឃើញ​ទេ សូម្បី​តែ​ភិនភាគ​ជនសង្ស័យ​ក៏​មិន​ដឹង​ថា​យ៉ាង​ម៉េច​ដែរ​»​។

លោក​បន្ត​ថា​មុន​កើតហេតុ​ជនរងគ្រោះ​មាន​គ្នា​ ៣ ​នាក់ ឯ​ ២ ​នាក់​ជា​ប្តី​ប្រពន្ធ​ហើយ​បាន​ជិះ​ម៉ូតូឌុប​គ្នា​មក​ម្តុំ​គល់​ស្ពាន​លីយ៉ុងផាត់ ខាង​លិច​។ ​​ប៉ុន្តែ​ពេល​កំពុង​ធ្វើ​ដំណើរ​ស្រាប់​តែ​ម៉ូតូ​ក្រុម​ជន​រងគ្រោះ​បាន​បែក​កង់​ក៏​នាំ​គ្នា​ចុះ​ដើរ​។ លុះ​ពេល​ជនរងគ្រោះ​ម្នាក់​កំពុង​បណ្តើរ​ម៉ូតូ​ទៅ​មុខ​ ២ ​នាក់​ជា​ប្តី​ប្រពន្ធ​បាន​ប្រហែល​ ២០ ​ម៉ែត្រ​ស្រាប់​តែ​ឮ​ស្នូរ​កាំភ្លើង ឯ​ជនរងគ្រោះ​ក៏​ដួល​តែ​ម្ដង​។

លោក​ គឹម សាន បញ្ជាក់​ថា​ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​បាន​ហៅ​ប្តី​ប្រពន្ធ​មក​សួរ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជន​ដៃដល់ តែ​ជនរងគ្រោះ​ថា​ពួកគេ​មិន​ដឹង​ថា​ជនល្មើស​មាន​ប៉ុន្មាន​នាក់​ទេ​ហើយ​​ក៏​មិន​ឃើញ​ច្បាស់​ដែរ​ព្រោះ​យប់​ងងឹត​។

ស្ត្រី​ឈ្មោះ​ ស៊ុំ គឹមស្រស់ ជា​បង​ជនរងគ្រោះ​ប្រាប់​ពី​ម្សិលមិញ​ថា​ប្អូន​គាត់​ឈ្មោះ​ ស៊ុំ គឹមស្រ៊ីម អាយុ​ ២០ ​ឆ្នាំ​រស់នៅ​ភូមិ​ព្រែកតាមែ ឃុំ​កំពង់អូស ស្រុក​ពញាឮ​ខេត្ត​កណ្តាល​ទើប​ប្រឡង​ធ្លាក់​ថ្នាក់​ទី​ ១២ ​ហើយ​មក​ជួយ​ធ្វើ​ស្រែ​ឪពុកម្តាយ​។

គឹមស្រស់ ប្រាប់​ថា​មុន​កើត​ហេតុ​ប្អូន​គាត់​បាន​សុំ​ម្តាយ​ថា​ចេញ​ទៅ​ដើរលេង​​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ហើយ​ក្រោយ​មក​ម្តាយ​គាត់​ទូរស័ព្ទ​មិន​ចូល​។ ​ពេល​នោះ​ម្តាយ​គាត់​បាន​ទូរស័ព្ទ​ប្រាប់​គាត់​ដើម្បី​តេ​សួរ​រក​ប្អូន ហើយ​ពេល​គាត់​ទូរស័ព្ទ​ចូល​ស្រាប់តែ​មាន​អ្នក​ផ្សេង​លើក​ហើយ​ប្រាប់​ថា គឹមស្រ៊ីម ត្រូវ​គេ​បាញ់​ហើយ​ក៏​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​​ព្រះកេតុមាលា​។

គឹមស្រស់ ប្រាប់​ថា​ខាង​គ្រូពេទ្យ​បាន​ថត​មើល​ក្បាល​ឃើញ​គ្រាប់​កាំភ្លើង​ចូល​ជ្រៅ​ក្នុង​ខួរក្បាល​ដោយ​មិន​អាច​វះកាត់​យក​ចេញ​បាន​ឡើយ​។

គាត់​បាន​បញ្ជាក់​ថា​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​ ២ មករា​ខាង​ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​គាត់​ឲ្យ​យក​ប្អូន​ទៅ​ផ្ទះ​វិញ​ព្រោះ​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​ជន​រងគ្រោះ​បាន​។

គឹមស្រស់ ថា​៖ «​ខ្ញុំ​យក​ប្អូន​ខ្ញុំ​មក​ផ្ទះ​វិញ​ហើយ​អញ្ជើញ​លោក​តាអាចារ្យ​មក​សូត្រធម៌​ឲ្យ​ដើម្បី​ឲ្យ​គាត់​បាន​ស្តាប់ធម៌​ខ្លះ​មុន​គាត់​ស្លាប់​។ ខ្ញុំ​មិន​សង្ឃឹម​ថា​ប្អូន​ខ្ញុំ​អាច​រស់​បាន​ទេ​ព្រោះ​របួស​គាត់​ហូរ​ខួរ​ និង​ឈាម​ចេញ​មក​ក្រៅ​រហូត​។ ប្អូន​ខ្ញុំ​ស្លូត​ណាស់​គាត់​មិន​ដែល​បង្ក​បញ្ហា​ក្នុង​គ្រួសារ​ ឬ​ដល់​អ្នក​ភូមិ​ទេ​»៕

អត្ថបទគួរចាប់អារម្មណ៍