ស្ទឹងត្រែងៈ សពបុរស ២នាក់ មានចងស្លាបសេកហើមស្អុយត្រូវគេប្រទះឃើញនៅក្រោមទូកឈើមួយលើឆ្នេរខ្សាច់ជាប់មាត់ទន្លេស្ថិតក្នុង ភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន កាលពីថ្ងៃចន្ទ។
លោក កាន់ ប៊ុនសុយ អធិការរង ស្រុកសេសាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ាន់ វែង ភេទប្រុស អាយុ ៥៦ឆ្នាំ ជាអ្នករកត្រីរស់នៅ ភូមិបានម៉ៃ ឃុំកំភុន ស្រុកសេសាន និងម្នាក់ទៀតឈ្មោះ ផាន់ ណារៈ ភេទប្រុស អាយុ ៣៩ឆ្នាំ ជាកម្មករនៅក្រុមហ៊ុនវារីអគ្គិសនី មានស្រុកកំណើតនៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកបានបន្តថា៖ «នេះជាករណីឃាតកម្មហើយវាកើតឡើងពីទំនាស់នៅក្នុងពេលផឹកស៊ី»។
លោកបានបន្ថែមថា ជនរងគ្រោះត្រូវគេកាប់នឹងពូថៅរួចចងស្លាបសេកហើយអូសសាកសពយកទៅដាក់ជាមួយគ្នាដោយយកទូកឈើមួយគ្រឿងផ្កាប់គ្របពីលើ»។
លោកបានឲ្យដឹងទៀតថា នៅក្បែរកន្លែងកើតហេតុឃើញមានពូថៅ ដំបង សម្បកកំប៉ុងស្រាបៀរ និងកាកសំណល់គ្រឿងក្លែមជាច្រើនទៀត។
លោកអធិការរងបន្ថែមទៀតថា ករណីនេះ បានកើតឡើងតាំងពីថ្ងៃ ទី១៣ ខែមីនា ហើយនៅពេលដែលនគរបាលមូលដ្ឋានទទួលបានពាក្យបណ្តឹងវាកន្លងផុតទៅ ២-៣ ថៃ្ងទៅហើយ ជាពេលដែលក្រុមជនល្មើសគេចខ្លួនបាត់ចេញពីខេត្តនេះ ប៉ុន្តែសមត្ថកិច្ចបានកំណត់មុខសញ្ញាជនល្មើសរួចហើយ គឺពួកគេជាកម្មករធ្វើការនៅក្រុមហ៊ុនសង់ទំនប់វារីអគ្គិសនីជាមួយជនរងគ្រោះ។
លោកបានបន្តថា៖ «មុខសញ្ញាជនបង្កបានរត់គេចខ្លួនអាចថា ទៅស្រុកកំណើតរបស់ពួកគេ ទៅខេត្តផ្សេង ឬអាចថា ឆ្លងដែនទៅ ថៃ»។ ប៉ុន្តែទោះជាយ៉ាងណា លោក កាន់ ប៊ុនសុយ បានអះអាងថា បើទោះបីជាជនប្រព្រឹត្តអំពើឃាតកម្មនេះ បានរត់គេចទៅដល់ទីណាក៏ដោយ ក៏សមត្ថកិច្ចនៅតែបន្តធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសឲ្យទាល់តែបាន៕