
ភ្នំពេញៈ ក្រុមឧកញ៉ាគ្រឿងញៀនដែលសមត្ថកិច្ចចាប់ខ្លួននិងនាំទៅសាកសួរនៅក្រសួងមហាផ្ទៃហើយត្រូវខាងនាយកដ្ឋានប្រឆាំងគ្រឿងញៀនគ្រោងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ អាចនឹងត្រូវបញ្ជូនទៅនៅថ្ងៃសុក្រវិញដោយសារ តែបំពេញឯកសារមិនទាន់។
លោកឧត្តសេនីយ៍ ខៀវ សាម៉ន ប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ប្រាប់ពីម្សិលមិញថា ក្រុមជនសង្ស័យគ្រឿងញៀន ឧកញ៉ា តាន់ សេងហាក់ ដែលកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសាកសួររយៈពេល២ថ្ងៃមកហើយ នឹងបម្រុងបញ្ជូនទៅតុលាការកាលពីម្សិលមិញនោះ បានខកខានទៅវិញ ព្រោះតែសមត្ថកិច្ចជាប់ភារកិច្ចពាក់ព័ន្ធត្រូវធ្វើច្រើន។
លោកបញ្ជាក់ថា៖ «ជាប់រវល់ភារកិច្ចច្រើន មិនអាចបញ្ជូនទៅបានទេពីម្សិលមិញ ប៉ុន្តែក្រុមនេះសមត្ថកិច្ចអាចបញ្ជូនទៅតុលាការនៅថ្ងៃស្អែក(ថ្ងៃនេះ)»។
លោកពន្យល់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមួយក្រុមនេះ មិនមានន័យថា ពួកគេអាចត្រូវនាំខ្លួនទៅទាំងអស់នោះទេតែខាងជំនាញត្រូវពិនិត្យចម្រាញ់ថាអ្នកណាត្រូវបញ្ជូនអ្នកណាត្រូវឲ្យត្រឡប់ទៅផ្ទះវិញ មិនមែនចេះតែចាប់ៗនោះទេ។
គួររំឭកដែរថា កាលពីថ្ងៃទី២៧ខែវិច្ឆិកា សមត្ថកិច្ចចម្រុះបានឆ្មក់ចូលចាប់ឃាត់ខ្លួនមនុស្សមួយក្រុម នៅភូមិគ្រឹះរបស់ឧកញ៉ា តាន់ សេងហាក់ រួមជាមួយប្រពន្ធនិងកូន៥នាក់ រួមមានឈ្មោះឡុង នារីជាប្រពន្ធ តាន់ សូលាន អាយុ២០ឆ្នាំ តាន់សុភ័ក្រ អាយុ២៥ឆ្នាំនិងតាន់ ភារុន អាយុ២៧ឆ្នាំនឹងជនពាក់ព័ន្ធ១១នាក់ផ្សេងទៀតស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការកម្ចាត់ក្រុមឧកញ៉ាគ្រឿងញៀនដ៏ធំនេះ សមត្ថកិច្ច ប្រមូលបានភស្តុតាងមួយចំនួនធំក្នុងនោះមាន ថ្នាំកូកាអ៊ីនមួយកញ្ចប់ធំ ថ្នាំមេតំហ្វេតាមីន៥ថង់ប្លាស្ទិក ទំហំប៉ុនបាតដៃ និងថ្នាំម៉ាទឹកកកច្រកថង់តូចៗមួយចំនួនទៀត។ ឧបករណ៍សម្រាប់ជក់ កំប៉ុងហ្គាស១ ទូរស័ព្ទចល័ត៩គ្រឿង អាយផេត១គ្រឿង ម៉ាស៊ីនថតឌីជីថលចំនួន៤គ្រឿង ម៉ូតូ៩គ្រឿងនិងគ្រាប់កាំភ្លើងរ៉ូឡូ១០គ្រាប់ រថយន្តម៉ាក K.iAពណ៌សពាក់ស្លាក ភ្នំពេញ 2R-7453 លិខិតឆ្លងដែន២ច្បាប់ ប្រាក់២៥០០ដុល្លារ លុយខ្មែរថ្មី១ដុំ និងគ្រឿងអលង្ការមួយចំនួន។
ក្រោយពីការសាកសួរមនុស្ស៤នាក់បានដោះលែងភា្លមៗ៕